ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​និង​រុស្ស៊ី ធ្វើការ​ចរចា​នៅ​តួកគី តែមិន​ចេញ​ដំណោះស្រាយទៅមុខ​ទេ


រដ្ឋមន្ត្រីការបរទេសទួរគី Mevlut Cavusoglu (កណ្តាល) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba (ស្តាំ) ចូលរួមកិច្ចប្រជុំនៅទីក្រុង Antalya ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ (Turkish Foreign Ministry Press Office/AFP)
រដ្ឋមន្ត្រីការបរទេសទួរគី Mevlut Cavusoglu (កណ្តាល) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba (ស្តាំ) ចូលរួមកិច្ចប្រជុំនៅទីក្រុង Antalya ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ (Turkish Foreign Ministry Press Office/AFP)

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​តួកគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការទូត​ចំពោះ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​ ​នេះជា​ជំនួប​កម្រិត​ខ្ពស់លើក​ទី១ចាប់​តាំង​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​ចាប់ផ្តើម​ការឈ្លានពាន​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​កាលពី​២សប្តាហ៍​មុន។

ការ​ចរចា​នៅ​កន្លែង​លំហែ​កាយ Antalya ភាគ​ខាង​ត្បូង​ប្រទេស​តួកគី ​ត្រូវ​បាន​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu។ អស់​ជា​ច្រើន​សប្តាហ៍​មកហើយ​ តួកគី ​បាន​ស្វះស្វែង​ដើរតួនៅ​ក្នុង​ការ​សម្រប​សម្រួល​ភាគី​ទាំង២។ ក៏ប៉ុន្តែ ​មាន​ក្តីរំពឹង​តិចតួចតាំងពី​ការ​ចាប់ផ្តើម​ការ​ជំរុញ​ខាង​ការទូត​កម្រិត​ខ្ពស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ថានឹង​នាំ​ឲ្យ​មាន​ការ​ជឿន​លឿន​ជា​ដុំ​កំភួន​នោះ។

ថ្លែង​នៅឯ​សន្និសីទ​កាសែត​នៅពេល​បញ្ចប់​ការ​ចរចា​នោះ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​និយាយ​ថា លោក​និង​លោក Lavrov មិន​បាន​ធ្វើ​ឲ្យ​មាន​ការជឿន​លឿនក្នុង​ការសម្រប​សម្រួល​ឲ្យ​មាន​ការឈប់​បាញ់​គ្នា២៤ម៉ោង​ទេ។ លោក​បាន​បន្ថែម​ទៀត​ថា ​ការណ៍​នេះ​ទំនង​រុស្ស៊ី នឹង​បន្ត​ការវាយ​ប្រហារ​របស់​ខ្លួន​រហូត​ទាល់​អ៊ុយក្រែន​ចុះចាញ់ ដែល​ជាអ្វី​ដែល​លោក​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​កៀវ ​នឹង​មិន​ចុះចាញ់។

ថ្លែង​ដាច់​ដោយ​ឡែក រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​ថា ​កិច្ចប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី ​បាន​ប្រព្រឹត្តទៅ​តាម​ផែនការ​ហើយ​បាន​ចោទប្រកាន់ពី​ឥរិយាបទ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​របស់​ប្រទេស​លោក​ខាង​លិច​អំពី​ប្រទេស​អ៊ុយក្រែន។

កិច្ចផ្តួចផ្តើម​របស់​តួកគី​ស្ថិត​ក្នុង​ចំណោម​ការ​ប្រឹងប្រែង​ខាង​ការទូត​ជា​ច្រើន​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​រីកកាន់តែ​ធំឡើង។ ទាំង​ប្រទេស​អ៊ីស្រាអែល​និង​បារាំង​ សង្ឃឹម​នឹង​ស្វែងរក​ដំណោះ​ស្រាយ​តាមរយៈ​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin។

ការ​ប្រឹង​ប្រែង​ខាង​ការទូត កើត​មាន​ឡើង​នៅពេល​ដែល​មាន​ការថ្កោល​ទោស​របស់​សហគមន៍​អន្តរជាតិ​អំពី​ការវាយ​ប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ពុធ​លើ​មន្ទីរពេទ្យ​សម្ភព​មួយ​កន្លែង​នៅ​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន​ដែល​ក្រុម​មន្ត្រី​អ៊ុយក្រែន និយាយ​ថា បាន​សម្លាប់​មនុស្ស​យ៉ាង​តិចណាស់​ក៏៣នាក់​រួម​ទាំង​កុមារ​ម្នាក់​ផង៕

XS
SM
MD
LG