ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​រុស្ស៊ី​រឿង​«គ្រាប់បែក​ផ្ទុក​សារធាតុ​វិទ្យុសកម្ម»


ក្នុង​រូបភាព​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ តាម​ប្រព័ន្ធTelegram របស់​ប្រធាន​រដ្ឋបាលរដ្ឋ​ប្រចាំ​តំបន់ Rivne លោក Vitaliy Koval ដែល​ត្រូវ​បាន​រាយការណ៍ បង្ហាញ​អ្នកពន្លត់​អគ្គិភ័យ​អ៊ុយក្រែន​កំពុង​ពន្លត់ភ្លើង​នៅ​ទីតាំង​ថាមពល​ដែល​រង​ការខូចខាត​ដោយសារ​ការវាយប្រហារ​ដោយ​មីស៊ីល។
ក្នុង​រូបភាព​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ តាម​ប្រព័ន្ធTelegram របស់​ប្រធាន​រដ្ឋបាលរដ្ឋ​ប្រចាំ​តំបន់ Rivne លោក Vitaliy Koval ដែល​ត្រូវ​បាន​រាយការណ៍ បង្ហាញ​អ្នកពន្លត់​អគ្គិភ័យ​អ៊ុយក្រែន​កំពុង​ពន្លត់ភ្លើង​នៅ​ទីតាំង​ថាមពល​ដែល​រង​ការខូចខាត​ដោយសារ​ការវាយប្រហារ​ដោយ​មីស៊ីល។

រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដែល​ថា ​កងទ័ព​អ៊ុយក្រែន​ប្រហែល​ជា​អាច​ប្រើ​គ្រាប់​បែក​ដែល​មាន​ផ្ទុក​សារធាតុ​វិទ្យុ​សកម្ម និង​បាន​ចោទ​ប្រកាន់​រុស្ស៊ី​វិញ​ថា ​មាន​ផែនការ​ធ្វើ​ដូច្នេះ​ដើម្បី​ទម្លាក់​កំហុស​លើ​អ៊ុយក្រែន​ថា​ជា​អ្នក​ធ្វើ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​បង្ហោះ​សារ​នៅ​លើ Twiter កាលពី​ថ្ងៃ​អាទិត្យ​ថា៖ «ការ​ភូត​កុហក​របស់​រុស្ស៊ី​ដែល​ថា​អ៊ុយក្រែន​មាន​ផែនការ​ប្រើ «គ្រាប់បែក​ផ្ទុក​សារធាតុ​វិទ្យុ​សកម្ម» គឺ​ជា​រឿង​មិន​សម​ហេតុ​ផល​ទាល់តែ​សោះ»។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា រុស្ស៊ី​គឺ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ដែល​មាន​សមត្ថភាព​អាច​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​បាន។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ប្រសិនបើ​រុស្ស៊ី​ហៅ​ទូរស័ព្ទ​មក​និង​និយាយ​ថា អ៊ុយក្រែន​កំពុង​រៀបចំ​ធ្វើ​អ្វី​មួយ នោះ​វា​មាន​ន័យ​ថា រុស្ស៊ី​បាន​រៀបចំ​ផែនការ​នោះ​រួច​ហើយ។ ខ្ញុំ​ជឿ​ថា នៅ​ពេល​នេះ​ពិភពលោក​គួរតែ​មាន​ប្រតិកម្ម​ឱ្យ​បាន​ខ្លាំង​បំផុត​ប្រឆាំង​នឹង​រុស្ស៊ី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ខ្លួន​លោក Sergei Shoigu បាន​បញ្ជាក់​នូវ​ក្តី​បារម្ភ​កាលពី​ថ្ងៃ​អាទិត្យ​ទៅ​កាន់​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស បារាំង និង​តួកគី អំពី​ការ​បង្កហេតុ​ដែល​អាច​ធ្វើ​ឡើង​ដោយ​ប្រទេស​អ៊ុយក្រែន​តាម​រយៈ​ការ​ប្រើ «គ្រាប់​បែក​ផ្ទុក​សារធាតុ​វិទ្យុ​សកម្ម»។

រដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​បារាំង បាន​បញ្ជាក់​សារ​ជា​ថ្មី​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ​អំពី​ការ​គាំទ្រ​របស់​ពួកគេ​លើ​ប្រទេស​អ៊ុយក្រែន និង​បាន​លើកឡើង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង ៣ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​អំពី​ការ​ច្រានចោល​របស់​ពួកគេ​លើ «ការ​ចោទ​ប្រកាន់​ដ៏​ខុស​ស្រឡះ​យ៉ាង​ច្បាស់​ក្រឡែត​របស់​រុស្ស៊ី​នេះ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG