នៅថ្ងៃព្រហស្បតិ៍នេះ សហភាពអឺរ៉ុបបានឯកភាពគ្នាដាក់ទណ្ឌកម្មលើអង្គភាពណាដែលបានផ្គត់ផ្គង់ដ្រូនវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ទៅឱ្យប្រទេសរុស្ស៊ី ដែលរុស្ស៊ីបានប្រើដ្រូនទាំងនេះនៅក្នុងការវាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។
ប្រទេសឆែក ដែលជាប្រធានសហភាពអឺរ៉ុបនៅឆ្នាំនេះ បានប្រកាសនូវការព្រៀមព្រៀងនេះនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបញ្ជាក់ថា ការព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សាគ្នាអស់រយៈពេល ៣ ថ្ងៃជាមួយឯកអគ្គរដ្ឋទូតនានានៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ហើយការដាក់ទណ្ឌកម្មនេះចូលជាធរមាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
ការព្រមព្រៀងនេះបានចែងថា សហភាពអឺរ៉ុបបានបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ៣ នាក់ និងអង្គភាពមួយ ដែល «ជាអ្នកទទួលខុសត្រូវលើការបញ្ជូនដ្រូន [ទៅឱ្យប្រទេសរុស្ស៊ី]។
ការព្រមព្រៀងនេះបានបន្ថែមថា សហភាពអឺរ៉ុបក៏បានត្រៀមផងដែរដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀតលើអង្គភាព ៤ របស់ប្រទេសអ៊ីរ៉ង់ ដែលបានទទួលរងទណ្ឌកម្មរួចហើយក្នុងពេលកន្លងមក។
កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួននៅក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដែលក្រុមមន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថាដ្រូនដែលផលិតនៅប្រទេសអ៊ីរ៉ង់ដែលផ្ទុកទៅដោយគ្រាប់ផ្ទុះជាច្រើនត្រូវបានប្រើនៅក្នុងការវាយប្រហារទាំងនេះ។
ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនបានផ្តល់ដ្រូនទៅឱ្យប្រទេសរុស្ស៊ីនោះទេ ហើយប្រទេសរុស្ស៊ីក៏បានបដិសេធផងដែរថា ខ្លួនក៏មិនបានប្រើប្រាស់ដ្រូនរបស់អ៊ីរ៉ង់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែននោះដែរ៕