ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​​អាមេរិក​ម្នាក់​ថា​អ៊ុយក្រែន​ទទួល​បាន​យន្តហោះ​ចម្បាំង​ F-16 ​លើក​ដំបូង​ដើម្បី​បង្កើន​​ប្រព័ន្ធ​ការពារ​ប្រឆាំង​នឹង​រុស្ស៊ី


រូបឯកសារ៖​យន្តហោះ​ចម្បាំង​ធុន​ F-16​ F-16 ត្រួតពិនិត្យ​អំឡុង​បេសកកម្ម​ត្រួតពិនិត្យ​អាកាស​របស់​អង្គការ​អូតង់​ពី​បន្ទាយអាកាស​ Zokniai នៅទីក្រុង Siauliai​ ប្រទេស Lithuania កាលពីថ្ងៃទី​២០ ឧសភា​ ឆ្នាំ២០១៥។REUTERS/Ints Kalnins/File Photo
រូបឯកសារ៖​យន្តហោះ​ចម្បាំង​ធុន​ F-16​ F-16 ត្រួតពិនិត្យ​អំឡុង​បេសកកម្ម​ត្រួតពិនិត្យ​អាកាស​របស់​អង្គការ​អូតង់​ពី​បន្ទាយអាកាស​ Zokniai នៅទីក្រុង Siauliai​ ប្រទេស Lithuania កាលពីថ្ងៃទី​២០ ឧសភា​ ឆ្នាំ២០១៥។REUTERS/Ints Kalnins/File Photo

អ៊ុយក្រែន​បាន​ទទួល​យន្តហោះ​ចម្បាំង​ធុន​ F-16​ ជា​លើក​ទី១​ដែល​ខ្លួន​បាន​ស្វះស្វែង​រក​អស់​ជា​ច្រើន​ខែ​មក​ហើយ​ដើម្បី​វាយបក​ប្រឆាំង​នឹង​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

អ៊ុយក្រែន​បាន​ជំរុញ​សម្ព័ន្ធមិត្ត​ប្រទេស​លោក​ខាង​លិច​របស់​ខ្លួន​ឱ្យ​ផ្តល់​យន្តហោះ​ធុន​ F-16s ​ដល់​អ៊ុយក្រែន​អស់​ជា​ច្រើន​ខែ​មក​ហើយ ដោយ​និយាយ​ថា​ពួកគេ​ត្រូវការ​យន្ត ហោះ​នោះ​យ៉ាង​ខ្លាំងដើម្បី​វាយបក​ប្រឆាំង​នឹង​ការវាយ​ប្រហារ​យ៉ាង​ខ្លាំង​ដោយ​កាំជ្រួច​មីស៊ីល​ដែល​រុស្ស៊ី​បាន​បាញ់​ប្រឆាំង​នឹង​ខ្លួន។ យន្តហោះ​ចម្បាំង​ F-16 ​មាន​ឯកទេស​ក្នុងការបង្ក្រាប​សត្រូវ​ក្នុង​ដែន​ការពារ​ផ្លូវ​អាកាស។ ប្រទេស​លោក​ខាង​លិច​មាន​ការស្ទាក់ស្ទើរក្នុង​ការផ្តល់​យន្តហោះ​ទាំង​នោះ ​បន្ទាប់ពី​ការព្រួយ​កង្វល់​កាលពី​ពេល​មុនៗ​ថា​ការបំពាក់​អាវុធ​ទំនើបៗ​ដល់​អ៊ុយក្រែននឹង​ពង្រីក​សង្គ្រាម​ជាមួយ​រុស្ស៊ី។

សហរដ្ឋ​អាមេរិក​ក៏​បាន​ហ្វឹកហ្វឺនអ្នក​បើកបរ​យន្តហោះ​ជា​តិ​អ៊ុយក្រែន​ថា​តើ​ត្រូវ​បើកបរ​យន្តហោះ​ចម្បាំង​នោះ​យ៉ាង​ដូចម្តេច​ហើយ​បាន​បញ្ចប់​វគ្គ​ក្រុម​បើកបរ​ទី១​រួច​ហើយ​ស្តីពី​កិច្ចប្រតិបត្តិការ​នេះ។
គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​តើ​យន្តហោះ​ចម្បាំង​ប៉ុន្មាន​ដែល​ត្រូវ​ផ្តល់​ជា​លើក​ដំបូង​នេះ​ឬ​ថា​តើ​ប្រទេស​ណា​ផ្តល់​យន្តហោះ​ទាំង​នោះ។ រដ្ឋាភិបាល​អ៊ុយក្រែន​មិន​បានបញ្ជាក់​ពី​ការទទួល​បាន​យន្តហោះ​ចម្បាំង​នោះ​ទេ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​អនុញ្ញាត​ឱ្យ​បញ្ជូន​យន្តហោះ​ចម្បាំង​ដែល​ផលិត​ដោយ​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​អ៊ុយក្រែន​កាលពី​ខែ​សីហា ​ឆ្នាំ ២០២៣។ ការណ៍​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ការដាក់​សម្ពាធ​ជា​ច្រើន​ខែ​ពី​រដ្ឋាភិបាល​ក្រុង​កៀវ​និង​ការជជែក​ដេញដោល​ផ្ទៃ​ក្នុង​នៅ​ក្នុង​រដ្ឋបាលសហរដ្ឋ​អាមេរិក​ជា​ទីកន្លែង​ដែល​ពួក​មន្ត្រី​មាន​ការភ័យ​ខ្លាច​ថា​ចំណាត់ការ​នេះ​អាច​បង្កើន​ការតានតឹង​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី។

ប្រទេស​បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់និងន័រវែសដែល​ជា​សមាជិក​អង្គការ​អូតង់​បាន​សន្យា​ផ្តល់ឱ្យ​អ៊ុយក្រែន​នូវ​យន្តហោះ​ជាង៦០គ្រឿង។ ចំនួន​នេះ​តិច​បើ​ប្រៀបធៀប​ទៅនឹង​កង​យន្តហោះ​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​គេប៉ាន់ស្មាន​ថា​មាន​ប្រហែល១០ដង​ច្រើន​ជាង​នេះ។

អ៊ុយក្រែន​ត្រូវការ​យ៉ាងហោច​ណាស់​នូវ​យន្តហោះ​ចម្បាំង​ F-16s​ ចំនួន​១៣០​គ្រឿង​ដើម្បី​បន្សាប​កម្លាំង​ទ័ព​អាកាស​រុស្ស៊ី។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ពួក​មន្ត្រី​អ៊ុយក្រែន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG