អ្នកការទូតកំពូលម្នាក់របស់អ៊ុយក្រែននឹងទៅបំពេញទស្សនកិច្ចប្រទេសចិននៅថ្ងៃអង្គារនេះទៅតាមការអញ្ជើញរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីពិភាក្សាដែលរដ្ឋាភិ បាលក្រុងកៀវបាននិយាយថានឹងផ្តោតលើថាតើនឹងបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនយ៉ាងដូចម្តេច ហើយនឹងលទ្ធភាពនៃតួនាទីរបស់ចិននៅក្នុងការឈានដល់ដំណោះស្រាយមួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ថាជិត២៩ខែចាប់តាំងពីការឈ្លានពានទ្រង់ ទ្រាយធំរបស់រុស្ស៊ីមក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នឹងពិភាក្សាចំណងទាក់ទងទ្វេភាគីនៅឯការចរចាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែកក្កដានេះ។
ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ចុះផ្សាយតាម Website របស់ខ្លួនថា«ប្រធានបទសំខាន់នៃការពិភាក្សានោះ គឺការស្វែងរកមធ្យោ បាយនានាដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីនិងលទ្ធភាពនៃតួនាទីរបស់ចិននៅក្នុងការធ្វើឱ្យសម្រេចនូវស្ថិរភាពនិងសន្តិភាព»។
សេចក្តីថ្លែងការណ៍របស់ចិនបានបញ្ជាក់ទៀតថាដំណើរទស្សនកិច្ចរបស់លោក Kuleba នឹងធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដានេះហើយសេចក្តីថ្លែងការណ៍នោះបានផ្តល់សេចក្តីលម្អិតតិចបំផុត។
ដំណើរទស្សនកិច្ចនោះជាការមិនធម្មតាមួយនៅពេលដែលចិនត្រូវបានគេមើលឃើញយ៉ាងខ្លាំងថាមានការជិតស្និទ្ធនឹងរដ្ឋាភិបាលរុស្ស៊ី ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសពី«ភាពជាដៃគូគ្មានកំណត់»នៅក្នុងឆ្នាំ២០២២ ទើបតែប៉ុន្មានថ្ងៃមុនការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ថ្វីបើ ចិនជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកមិនបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីហើយបានជួយធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីងើបអណ្តែតក៏ដោយ រដ្ឋាភិបាលក្រុងកៀវមានការប្រយ័ត្នប្រយែងនៅក្នុងការរិះគន់រដ្ឋាភិបាលក្រុងប៉េកាំង។
ក្នុងខណៈនោះដែរ ចិននិយាយថាចំណងទាក់ទងរបស់ខ្លួនជាមួយរុស្ស៊ីត្រូវបានស្ថាប នាផ្អែកលើមូលដ្ឋានដែលមិនមែនជាសម្ព័ន្ធភាពហើយមិនដៅលើភាគីទី៣ណាមួយទេ។
កិច្ចផ្តួចផ្តើមសន្តិភាពផ្សេងៗបានផុសចេញឡើងក្នុងប៉ុន្មានខែថ្មីៗនេះនៅពេលដែលការប្រយុទ្ធបានអូសបន្លាយមុនការបោះឆ្នោតសហរដ្ឋអាមេរិកនៅខែវិច្ឆិកាដែលអាចឃើញការវិលត្រឡប់ទៅកាន់អំណាចរបស់អតីតប្រធានាធិបតីលោក Donald Trump ដែលបានគំរាមកំហែងកាត់ផ្តាច់លំហូរជំនួយដ៏សំខាន់ទៅប្រទេសអ៊ុយក្រែន៕