មន្ត្រីនៅក្នុងតំបន់ Odesa របស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារទីក្រុងកំពង់ផែ Izmail ភាគខាងត្បូងរយៈពេលពីរយប់ជាប់ៗគ្នា ដោយបានបំផ្លាញអគាររដ្ឋបាលមួយ និងធ្វើឱ្យមនុស្សពីរនាក់រងរបួសនៅក្នុងផ្ទះមួយ។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកគឺជាផ្នែកមួយនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន៣៨គ្រឿង ដែលរុស្ស៊ីបានបាញ់ពេញមួយយប់។
យោធាអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកបីគ្រឿងបានឆ្លងចូលទៅក្នុងប្រទេសរ៉ូម៉ានី ដែលនៅជិតខាង។
បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីលើកំពង់ផែ Izmail កាលពីយប់មុន។ ក្រសួងការពារជាតិរ៉ូម៉ានីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបង្កើនវិធានការឃ្លាំមើលដែនអាកាសរបស់ខ្លួន រួមទាំងប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួនពីរគ្រឿងដើម្បីតាមដានស្ថានការណ៍។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងការពារដែនអាកាសរបស់ប្រទេសនេះបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ីចំនួន២៥ គ្រឿងក្នុងចំណោម៣៨ គ្រឿង។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកម្ទេចយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន១១ គ្រឿងនៅលើតំបន់ Kursk, Belgorod និង Crimea ដែលកាន់កាប់ដោយរុស្ស៊ី។ ក្រសួងបាននិយាយថា ក្រសួងការពារជាតិរុស្សីក៏បានបំផ្លាញទូកដែលមិនមានអ្នកបើក ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់Crimeaផងដែរ៕
(ព័ត៌មានមួយចំនួនសម្រាប់របាយការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារសារព័ត៌មានAFP និងReuters)