នាវាកាន់តែច្រើនឡើងកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែរបស់ប្រទេសអ៊ុយក្រែននៅសមុទ្រខ្មៅនិងធ្វើដំណើរចេញពីកំពង់ផែទាំងនោះដោយដឹកជញ្ជូនគ្រាប់ធញ្ញជាតិ លោហធាតុ និងទំនិញផ្សេងទៀត ទោះបីជាមានសញ្ញាណគ្រោះថ្នាក់នៃការវាយប្រហារនិងគ្រាប់មីនផ្ទុះក៏ដោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ស្ថានការណ៍នេះកើតឡើងនៅក្រោមគម្រោងច្រករបៀងដឹកជញ្ជូនថ្មីស្រឡាងមួយដែលបានចាប់ផ្ដើមអនុវត្តបន្ទាប់ពីប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិកាលពីរដូវក្ដៅកន្លងទៅនេះ ដែលកិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យមានការដឹកជញ្ជូនស្បៀងអាហារដោយសុវត្ថិភាពពីអ៊ុយក្រែនក្នុងអំឡុងពេលសង្គ្រាម។
ការនាំចេញទាំងនេះបានជួយលើកស្ទួយដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើកសិកម្មរបស់ប្រទេសអ៊ុយក្រែន និងនាំយកមកវិញនូវប្រភពដ៏សំខាន់នៃស្បៀងអាហារដែលមានតម្លៃសមរម្យសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងប្រឈមនឹងបញ្ហាអសន្តិសុខស្បៀងអាហារកើនឡើង។
អគ្គនាយកក្រុមហ៊ុន Agroprosperis Group លោក Ihor Osmachko ដែលជាក្រុមហ៊ុនផលិតកម្មនិងនាំចេញផលិតផលកសិកម្មដ៏ធំបង្អស់មួយរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា លោកមានអារម្មណ៍វិជ្ជមានអំពីអនាគតដោយសារតែកាលពីពីរខែមុន «វាមានលក្ខណៈស្រពិចស្រពិលទាំងស្រុងដោយមិនដឹងថាអាចរស់បានតទៅមុខទៀតតាមរបៀបណា»។
តាំងពីពេលដែលនាវាដំបូងរបស់ក្រុមហ៊ុននេះបានចាកចេញពីអ៊ុយក្រែនកាលពីពាក់កណ្ដាលខែកញ្ញាមក ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនបានដឹកជញ្ជូនគ្រាប់ធញ្ញជាតិជាង ៣០០.០០០ តោនទៅកាន់ប្រទេសអេហ្ស៊ីប អេស្ប៉ាញ ចិន បង់ក្លាដែស ហូឡង់ ទុយនេស៊ី និងតួកគី។
បន្ទាប់ពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសតួកគី ប្រទេសរុស្ស៊ីបានវាយប្រហារលើកំពង់ផែរបស់អ៊ុយក្រែននៅសមុទ្រខ្មៅដែលជាការតភ្ជាប់ដ៏សំខាន់ទៅកាន់ពាណិជ្ជកម្មពិភពលោក និងលើហេដ្ឋារចនាសម្ព័ន្ធធញ្ញជាតិ ដោយបំផ្លាញស្បៀងអាហារក្នុងបរិមាណល្មមគ្រប់គ្រាន់ដែលអាចផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សជាងមួយលាននាក់សម្រាប់រយៈពេលមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលចក្រភពអង់គ្លេស៕