ពួកមន្ត្រីអ៊ុយក្រែននិយាយនៅថ្ងៃពុធនេះថាការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីបានធ្វើឱ្យខូចខាតទីកន្លែងនានានៅកំពង់ផែក្នុងតំបន់ Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈដែលដ្រូនរបស់រុស្ស៊ីក៏ដៅការវាយប្រហារទៅលើរដ្ឋធានីរបស់អ៊ុយក្រែនផងដែរ។
យោធារបស់អ៊ុយក្រែនបាននិយាយថាការវាយប្រហាររបស់រុស្ស៊ីធ្វើឱ្យខូចខាតជង្រុកផ្ទុកគ្រាប់ធញ្ញជាតិមួយកន្លែងហើយបានបណ្តាលឱ្យមានអគ្គិភ័យនៅឯមជ្ឈមណ្ឌលឧស្សាហកម្មនិងកំពង់ផែ។
លោកOleh Kiperអភិបាលតំបន់ Odesa បាននិយាយនៅលើតេឡេក្រាមថា ការវាយប្រហាររបស់រុស្ស៊ីបានបន្សល់ការខូចខាត ក៏ប៉ុន្តែ មិនមានសេចក្តីរាយការណ៍ពីមនុស្សរងរបួសទេ។
ចាប់តាំងពីការដកខ្លួនចេញពីកិច្ចផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅមក រុស្ស៊ីបានវាយប្រហារម្តងហើយម្តងទៀតលើហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិអ៊ុយក្រែននៅក្នុងតំបន់ Odesa។
មុនពេលចាកចេញពីកិច្ចព្រមព្រៀងដែលបានអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនដោយសុវត្ថិភាពកាត់តាមសមុទ្រខ្មៅ រុស្ស៊ីបានត្អូញត្អែថាកិច្ចព្រមព្រៀងដែលស្របគ្នាមួយដើម្បីបន្ធូរបន្ថយការនាំចេញគ្រាប់ធញ្ញជាតិនិងជីរបស់ខ្លួនផ្ទាល់មិនបានធ្វើទៅតាមទេ។
ក្រៅពីការវាយប្រហារទីកន្លែងទាំងនោះ រុស្ស៊ីក៏បានធ្វើការវាយប្រហារលើកំពង់ផែទន្លេរបស់អ៊ុយក្រែនដែលបានក្លាយជាការផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំងឡើងជាផ្លូវដឹកជញ្ជូនផ្សេងទៀតសម្រាប់ការនាំចេញរបស់អ៊ុយក្រែនចាប់តាំងពីការផុតកំណត់នៃកិច្ចព្រមព្រៀងផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅមក។
នៅក្នុងរដ្ឋធានីកៀវវិញ ពួកមន្ត្រីបាននិយាយថាប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនម៉ាក Shahedផលិតនៅប្រទេសអ៊ីរ៉ង់ដែលបានវាយប្រហារអស់រយៈពេលមួយយប់។ លោក Serhii Popkoប្រធានរដ្ឋបាលយោធានៅរដ្ឋធានីកៀវបាននិយាយថាដ្រូនជាង១០គ្រឿងដែលបានហោះជិតទីក្រុងមកពីទិសដៅផ្សេងៗគ្នាបានត្រូវកម្ទេច។
អភិបាលក្រុងកៀវលោក Vitali Klitschko បាននិយាយថាការធ្លាក់កម្ទេចកំទីមកពីដ្រូនដែលធ្លាក់នោះបានបណ្តាលឱ្យប៉ះពាល់នៅក្នុងសង្កាត់យ៉ាងតិចណាស់ក៏៣ដែរនៅក្នុងទីក្រុងនោះ។ មិនមានសេចក្តីរាយការណ៍ភ្លាមៗពីចំនួនមនុស្សស្លាប់និងរបួសទេ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press, AFPនិង Reuters