ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​វាយ​ប្រហារ​រុស្ស៊ី​ដោយ​​ដ្រូន​ជា​ច្រើន​គ្រឿង​​ដោយ​មនុស្ស​២​នាក់​ស្លាប់


រូបភាព​ពីផ្កាយរណប​បង្ហាញ​យន្តហោះ​ចម្បាំង SU 27 ប្រតិបត្តិការ​នៅ​មូលដ្ឋានទ័ព​អាកាស​ Belbek ក្នុង​តំបន់ Crimea កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ (Satellite image ©2024 Maxar Technologies via AP)
រូបភាព​ពីផ្កាយរណប​បង្ហាញ​យន្តហោះ​ចម្បាំង SU 27 ប្រតិបត្តិការ​នៅ​មូលដ្ឋានទ័ព​អាកាស​ Belbek ក្នុង​តំបន់ Crimea កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ (Satellite image ©2024 Maxar Technologies via AP)

ក្រុម​មន្ត្រី​និយាយ​ថា អ៊ុយក្រែន​កាល​ពី​យប់មិញ​បាន​ធ្វើ​ការវាយប្រហារ ដោយ​ដ្រូន​ជា​ច្រើន​គ្រឿងលើ​ប្រទេស​រុស្ស៊ី​និង​ឧបទ្វីប Crimea ដែល​រុស្ស៊ី​កាន់កាប់​ដោយ​សម្លាប់​មនុស្សពីរ​នាក់ ដែល​ក្នុង​នោះម្នាក់​ជា​កុមារ​ និង​បានធ្វើ​ឱ្យឆេះ​ទីតាំង​ចម្រាញ់​ប្រេង​មួយ​កន្លែង​ផងដែរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ទី​ភ្នាក់ងារ​ព័ត៌មាន AFP ដែលបាន​ស្រង់សម្តីក្រុមមន្ត្រី​នៅ​ថ្ងៃ​សុក្រ​នេះ។

នេះ​ជា​ការវាយប្រហារតាម​អាកាស​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​របស់​អ៊ុយក្រែនក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ​ហើយ​បាន​កើត​ឡើង​នៅ​ពេល​ដែល​កងកម្លាំង​រុស្ស៊ី​កំពុង​រុល​ទៅ​មុខ​នៅ​លើ​សមរភូមិ​ប្រយុទ្ធ ដោយ​វាយ​ដណ្តើម​កាន់កាប់​ទឹកដី​ជា​ច្រើនរបស់​អ៊ុយក្រែន​ ក្នុង​រយៈពេល​ ១៨ ​ខែ​នេះ ខណៈអ៊ុយក្រែន​កំពុង​ប្រឹងប្រែងទប់ទល់​នឹង​ការខ្វះខាតគ្រាប់រំសេវ​ និង​កម្លាំង​មនុស្ស។

យោធា​រុស្ស៊ី​និយាយ​ថា​ខ្លួនបានស្ទាក់បាញ់និង​បំផ្លាញ​ដ្រូនអ៊ុយក្រែនជាង ​១០០ ​គ្រឿង​នៅ​លើ​អាកាស​និង​សមុទ្រ​ នៅ​ភាគខាង​ត្បូងប្រទេស​រុស្ស៊ី​ ក៏​ដូច​ជា​លើ​តំបន់​គ្រីមមៀនិង​សមុទ្រខ្មៅ​កាល​ពី​យប់មិញ​ផង​ដែរ។

យោធា​រុស្ស៊ី​បន្ត​ទៀត​ថា៖ ​«ដ្រូន​អ៊ុយក្រែន​ចំនួន​៥១គ្រឿង​ត្រូវ​បាន​ស្ទាក់​និង​បាញ់​បំផ្លាញ​លើ​តំបន់​គ្រីមមៀ ខណៈ​ដែល ៤៤ គ្រឿង​ទៀត​នៅលើ​តំបន់ Krasnodar ៦ គ្រឿង​លើ​តំបន់ Belgorod និង​មួយ​គ្រឿងលើ​តំបន់ Kursk។ រុស្ស៊ី​បន្ថែម​ទៀត​ថា ​កង​នាវាជើង​ទឹក​របស់​ខ្លួន​ក៏​បាន​បំផ្លាញ​ទូកដ្រូន​ ៦ ​គ្រឿង​របស់​អ៊ុយក្រែន​ផង​ដែរ។

លោក Vyacheslav Gladkov អភិបាល​តំបន់ Belgorod និយាយ​ថា ​ដ្រូន​មួយ​គ្រឿង​បាន​វាយប្រហារ​ចំ​លើរថយន្ត​គ្រួសារ​មួយ ដែល​កំពុង​បើក​នៅ​ជិត​តំបន់​ព្រំដែន Belgorod ដោយ​សម្លាប់ម្តាយ​និង​កូនប្រុស​អាយុ ៤ ឆ្នាំ។

អភិបាល​តំបន់​រូប​នេះ​បន្ថែមទៀត​ថា ដោយ​ឡែក​ដ្រូន​មួយ​គ្រឿងទៀតបានវាយ​ប្រហារ​ចំ​ស្ថានីយ​ប្រេងសាំង​មួយកន្លែងនៅ​ក្នុង​ភូមិ Bessonovka ដោយ​ធ្វើ​ឱ្យ​ភ្លើង​ឆេះ​ តែ​ត្រូវ​បាន​ពន្លត់​វិញភា្លមៗ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG