ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែនអំពីការប្រើប្រព័ន្ធមីស៊ីលPatriot នៅមូលដ្ឋានយោធា Fort Sill ក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក នៅពេលក្រោយនៅក្នុងខែនេះ។ ការបញ្ជាក់នេះបានធ្វើឡើង បន្ទាប់ពី VOA និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងទៀតបានរាយការណ៍អំពីព័ត៌មាននេះកាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ត្រី Pat Ryder បានប្រកាសកាលពីថ្ងៃអង្គារក្នុងអំឡុងពេលសន្និសីទកាសែតនៅក្រសួងការពារជាតិថា ការបណ្ដុះបណ្ដាលនៅមូលដ្ឋានយោធា Fort Sill នេះអាចចាប់ផ្ដើម «លឿនបំផុតនៅសប្ដាហ៍ក្រោយ» សម្រាប់ទាហានអ៊ុយក្រនប្រហែលពី ៩០ ទៅ ១០០ នាក់។
លោក Ryder បាននិយាយថា សហរដ្ឋអាមេរិកអាចស្វែងរកវិធីដើម្បី «ពន្លឿនពេលវេលានៃការបណ្ដុះបណ្ដាល» នេះបាន ដើម្បីឱ្យកងទ័ពអ៊ុយក្រែនអាចត្រឡប់ទៅសមរភូមិវិញឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
កាលពីសប្ដាហ៍មុន ក្រសួងការពារជាតិអាមេរិកបានប្រកាសថា ខ្លួននឹងបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ៥០ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃជំនួយយោធាជុំថ្មីសម្រាប់អ៊ុយក្រែនដើម្បីជួយកងទ័ពអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។
ស្របពេលនោះដែរ ក្រសួងការពារជាតិចក្រភពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ីនិងក្រុម Wagner Group ដែលជាកងទាហានបារ៉ាស៊ីឈ្នួលរបស់រុស្ស៊ី «ឥឡូវនេះប្រហែលជាត្រួតត្រា» ផ្នែកភាគច្រើននៃក្រុង Soledar ដែលជាក្រុងរោងចក្រអំបិលដ៏តូចមួយនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលស្ថិតនៅក្នុងតំបន់មួយដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត»។
ការប្រយុទ្ធគ្នាដណ្តើមក្រុង Soledar នេះបានធ្វើឱ្យភាគីទាំងសងខាងបាត់បង់យ៉ាងធ្ងន់ធ្ងរ។
នៅក្នុងសុន្ទរកថាពេលរាត្រីរបស់លោកកាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានហៅការបំផ្លិចបំផ្លាញនៅក្នុងក្រុង Soledar នេះថា «[មានលក្ខណៈខ្ទេចខ្ទីដោយ] ស្ទើរតែគ្មានជញ្ជាំងទាំងមូលណាមួយនៅសេសសល់»៕