ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពុំមាន​ការបញ្ជាក់​ណា​មួយ​ពី​ការអញ្ជើញ​លោក Zelenskyy ចូលរួម​ក្នុង​កិច្ចប្រជុំ​​ក្រុម​ប្រទេស G-20 នោះ​ទេ


រូប​ឯកសារ៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ថ្លែង​នៅ​ក្នុង​អំឡុង​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ការ​ប្រែប្រួល​អាកាសធាតុ (COP26) នៅ​ទី​ក្រុង Glasgow នៃ​ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (Reuters)
រូប​ឯកសារ៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ថ្លែង​នៅ​ក្នុង​អំឡុង​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ការ​ប្រែប្រួល​អាកាសធាតុ (COP26) នៅ​ទី​ក្រុង Glasgow នៃ​ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (Reuters)

សេតវិមាន​បាន​បញ្ជាក់​ថា​ ខ្លួន​មិនទាន់​ទទួល​បានការបញ្ជាក់​ណា​មួយពី​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធានវេទិកា​សេដ្ឋកិច្ច​នៃ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន G-20 ដែល​ថា​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ត្រូវ​បាន​អញ្ជើញឱ្យ​ចូលរួម​ក្នុងកិច្ចប្រជុំកំពូល​នេះ​ដែល​នឹង​គ្រោងធ្វើ​ឡើង​នៅ​ក្នុងខែ​វិច្ឆិកា​ខាង​មុខ​នេះ​នៅ​លើ​កោះបាលី​ប្រទេស​ឥណ្ឌូណេស៊ី​នោះ​ទេ។

អ្នក​នាំ​ពាក្យ​សេតវិមានលោកស្រី Jen Psaki បាន​ប្រាប់​ក្រុមអ្នក​កាសែត​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​«យើង​បាន​ឃើញព័ត៌មាន​មួយ​ចំនួន​ដែល​ថាប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​នៅ​ក្នុងកិច្ចប្រជុំ​កំពូល G-20 ហើយ​យើង​ស្វាគមន៍​ចំពោះ​ដំណឹង​នេះ។ ដូច​អ្នក​ដឹង​ហើយ​ថា ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​ខែ​មុន​ថា អ៊ុយក្រែន​ត្រូវ​អាច​ចូលរួម​ក្នុងជំនួប​កំពូល​នេះ ក៏ប៉ុន្តែ​យើងនៅ​ពុំ​ទាន់​មាន​ការបញ្ជាក់​ណា​មួយបន្ថែម​ទៀត​ ក្រៅពីអ្វី​ដែលយើង​បាន​ឃើញនៅលើ​ព័ត៌មាន​ដែលចេញ​ផ្សាយ​នោះ​ឡើយ​ហើយ​ដែល​យើង​គិត​ថា​វា​ជា​រឿង​វិជ្ជមាន​មួយ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy កាលពី​ថ្ងៃ​ពុធម្សិលមិញ​នេះ​បាន​បង្ហោះ​សារ​លើ​បណ្តាញ Twitter ថា​លោក​បាន​ពិភាក្សាជាមួយ​ប្រធានាធិបតីឥណ្ឌូណេស៊ី​លោក Joko Widodo ហើយ​បាន​អរគុណ​ដល់​លោក​ដែល​បានគាំទ្រ​ដល់​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដីរបស់​ប្រទេស​អ៊ុយក្រែន​ជា​ពិសេស​បាន​បង្ហាញពី​ជំហរ​ដ៏​ច្បាស់លាស់​នៅអង្គការ​សហប្រជាជាតិ។

លោក​ក៏​បាននិយាយ​ផង​ដែរ​ថា​«ខ្ញុំ​សូម​អរគុណ​ដែល​បាន​អញ្ជើញ​ខ្ញុំ​ឱ្យ​ចួលរួមក្នុងសន្និសីទ​កំពូលនៃ​ក្រុម​ប្រទេស G-20»​នាពេល​ខាង​មុខ​នេះ។

សារ​ក្នុង Twitter អំពី​ការសន្ទនា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo មិន​បាន​បញ្ជាក់​ពី​ការអញ្ជើញ​លោក Zelenskyy ឱ្យ​ចូលរួមនៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ​ឡើយ។

លោកបាន​និយាយ​នៅ​ក្នុង​សារ​នោះ​ថា៖ ​«កាល​ពី​ម្សិលមិញ ខ្ញុំ​បាននិយាយ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy។ ខ្ញុំ​បាន​គូស​បញ្ជាក់​ឡើង​វិញពីការគាំទ្ររបស់​ឥណ្ឌូណេស៊ី​ លើ​កិច្ចប្រឹងប្រែង​សម្រាប់​ការ​ចរចា​សន្តិភាព​ដើម្បី​ឱ្យ​បាន​សម្រេច​ជោគជ័យ​ហើយ​ឥណ្ឌូណេស៊ី​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​អ៊ុយក្រែន»។

ឥណ្ឌូណេស៊ី​កាល​ពី​ខែ​មីនា​កន្លង​ទៅ​បានបោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​២​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដោយបាន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ក៏ប៉ុន្តែបាន​បោះ​ឆ្នោត​អនុបវាទលើ​សេចក្តី​សម្រេច​ទី៣​ជាមួយ​ប្រទេស​ចំនួន​៥៧​ផ្សេង​ទៀត​ដែល​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការបណ្តេញ​រុស្ស៊ី​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ដែល​ជា​ស្ថាប័ន​របស់​អង្គការ​ពិភពលោក​នេះ។

ក្រោយ​កិច្ចប្រជុំជាមួយ​ប្រទេស​ជា​សមាជិក​របស់​អង្គការ​អូតង់និងសម្ព័ន្ធមិត្ត​អឺរ៉ុប​នៅ​ក្នុង​ទី ក្រុង​ព្រុចសែល​ប្រទេស​បែលហ្ស៊ិកកាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ​មក ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ស្នើ​ថា រដ្ឋាភិបាល​ក្រុង​កៀវ​គួរ​មាន​លទ្ធភាព​អាច​ចូលរួម​បាននៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G-20 ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍ ប្រសិន​បើ​ប្រទេស​ជា​សមាជិក​ផ្សេងៗ​ទៀត​ឯកភាព​មិន​យល់ព្រម​ដក​រុស្ស៊ី​ចេញ​ពី​ក្រុម G-20 នោះ។

រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​មិន​ទាន់​ប្រកាស​ពី​ផែនការផ្លាស់ប្តូរ​ណា​មួយ​ សម្រាប់​លោកPutinដើម្បី​ចូលរួម​ក្នុង​ជំនួប​កំពូល​របស់​ក្រុម​ប្រទេសG-20 នេះ​នៅឡើយ​នោះ​ទេ៕

XS
SM
MD
LG