ប្រទេសអ៊ុយក្រែនរាយការណ៍អំពីការវាយប្រហារយ៉ាងខ្លាំងកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Sievierodonetsk ខណៈកងកម្លាំងរុស្ស៊ីជំរុញដើម្បីធ្វើការកាន់កាប់ទាំងមូលលើទីក្រុងនៅភាគខាងកើតនេះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់ថា ស្ថានភាពយោធានៅភាគខាងកើតនៃខេត្តLuhansk «គឺជាតំបន់ដ៏លំបាកបំផុតនៅពេលនេះ។ អ្នកកាន់កាប់ក៏កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើទិសដៅទៅខេត្ត Donetsk»។
លោកបាននិយាយថា រុស្ស៊ីបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តេញទាហានអ៊ុយក្រែនចេញពីតំបន់សំខាន់ៗ។ អ្នកនាំពាក្យរបស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការប្រយុទ្ធគ្នានៅទីក្រុង Sievierodonetsk មានភាពខ្លាំងក្លា ដោយរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងទៅលើទីតាំងរបស់អ៊ុយក្រែន។
លោក Serhiy Haidai អភិបាលនៃខេត្តLuhansk ដែលនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន បានប្រាប់សារព័ត៌មាន The Associated Press នៅក្នុងសេចក្តីអធិប្បាយជាលាយលក្ខណ៍អក្សរថា «វាដូចឋាននរកនៅទីនោះ។ អ្វីៗត្រូវឆេះ។ ការបាញ់ផ្លោងមិនឈប់សូម្បីតែមួយម៉ោង»។
លោក Haidai បាននិយាយថា «ថ្ងៃនេះ អ្វីៗដែលអាចឆេះបានគឺឆេះ»។
លោកបានរាយការណ៍អំពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅឯរោងចក្រគីមី Azot នៅ ទីក្រុង Sievierodonetsk ជាកន្លែងដែលអ្នកប្រយុទ្ធអ៊ុយក្រែន និងជនស៊ីវិលប្រហែល ៥០០ នាក់កំពុងជ្រកកោន។
ទីភ្នាក់ងារព័ត៌មានAP បានរាយការណ៍ថា កងកម្លាំងរុស្ស៊ីគ្រប់គ្រងប្រហែល ៩៥% នៃខេត្ត Luhansk ដោយកងកម្លាំងអ៊ុយក្រែនកាន់កាប់តែរោងចក្រគីមី Azot នៅទីក្រុង Sievierodonetsk ប៉ុណ្ណោះ។ លោក Haidai ក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ីបាននាំមកនូវ«ការបំផ្លិចបំផ្លាញយ៉ាងមហន្តរាយ» ដល់ទីក្រុង Lysychansk ដែលជាទីក្រុងឧស្សាហកម្មនៅត្រើយម្ខាងទន្លេទល់មុខទីក្រុង Sievierodonetsk ។
លោក Zelenskyy បានទទួលស្គាល់ពីការលំបាកក្នុងការព្យាយាមការពារតំបន់ខាងកើតប្រទេស ប៉ុន្តែបាននិយាយថា កងកម្លាំងរុស្ស៊ីនឹងបន្តប្រឈមការតស៊ូរបស់អ៊ុយក្រែន។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយថា នៅទីក្រុង Lviv ប្រទេសអ៊ុយក្រែន លោក Merrick Garland រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានជួបជាមួយអ្នកស្រី Iryna Venediktova អគ្គរដ្ឋអាជ្ញា ប្រទេសអ៊ុយក្រែនដើម្បីប្រកាសពីការបង្កើតក្រុមការងារចងក្រងការទទួលខុសត្រូវនៃឧក្រិដ្ឋកម្មសង្គ្រាម។
លោកGarland បានប្រាប់អ្នកយកព័ត៌មានថា «សហរដ្ឋអាមេរិកកំពុងផ្ញើសារដែលមិនអាចខុសបានថា គ្មានកន្លែងលាក់ខ្លួនទេ។ យើង និងដៃគូរបស់យើងនឹងបន្តគ្រប់មធ្យោបាយដែលមាន ដើម្បីធ្វើឱ្យប្រាកដថា អ្នកដែលទទួលខុសត្រូវចំពោះអំពើឃោរឃៅទាំងនេះត្រូវទទួលខុសត្រូវ»៕