ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា កងទ័ពអ៊ុយក្រែនបានធ្វើដំណើររុលទៅមុខ និងបានជំរុញឱ្យកងទ័ពរុស្ស៊ីចេញពីទីក្រុង Kharkiv ដែលជាទីក្រុងមួយស្ថិតនៅផ្នែកខាងកើតអ៊ុយ ក្រែន ដែលបានស្ថិតនៅក្រោមការវាយប្រហារចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនកាលពីចុងខែកុម្ភៈមក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសយ៉ាងប្រយ័តប្រយែងនូវអ្វីដែលលោកបានហៅថា«ព័ត៌មានល្អ»នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអង្គារ ដោយនិយាយថា «ពួកអ្នកឈ្លានពានកំពុងត្រូវបានរុញចេញជាបណ្តើរៗហើយ»។
មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានបង្ហោះសារតាម Twitterនៅថ្ងៃពុធនេះដោយបានថ្លែងអំណរ គុណដល់រដ្ឋសភាសហរដ្ឋអាមេរិកដែលបានអនុម័តសេចក្តីព្រាងច្បាប់មួយដែលនឹងផ្តល់ជំនួយយោធានិងមនុស្សធម៌ដែលមានទឹកប្រាក់ជិត៤០ពាន់លានដុល្លារសម្រាប់ប្រទេសរបស់លោក។
សេចក្តីព្រាងច្បាប់ត្រូវតែទទួលការអនុម័តយល់ព្រមផងដែរពីព្រឹទ្ធសភាសហរដ្ឋអាមេរិក។ហើយសេចក្តីព្រាងច្បាប់នេះរួមមានប្រាក់ជាង៧ពាន់លានដុល្លារលើសពីអ្វីដែលលោកប្រធានាធិបតី Joe Biden បានស្នើសុំកាលពីសប្តាហ៍មុន។
លោកប្រធានាធិបតី Bidenមានប្រសាសន៍ថា រដ្ឋបាលរបស់លោក«ជិតអស់ថវិកា» ដែលលោកមាន ដើម្បីបញ្ជូនអាវុធនិងឧបករណ៍យោធាផ្សេងទៀតពីឃ្លាំងអាវុធរបស់ក្រសួងការ ពារជាតិអាមេរិកទៅឱ្យប្រទេសអ៊ុយក្រែនហើយ។
ក្រសួងការពារជាតិចក្រភពអង់គ្លេសបានបញ្ជាក់នៅថ្ងៃពុធនេះថា កងទ័ពអ៊ុយក្រែនបានទទួលជោគជ័យនៅក្នុងការប្រើយន្តហោះដ្រូនដែលគ្មានមនុស្សបើក ដើម្បីវាយប្រហារប្រព័ន្ធការពារដែនអាកាសនិងនាវាដឹកគ្រឿងផ្គត់ផ្គង់រុស្ស៊ី នៅពេលដែលរុស្ស៊ីព្យាយាមពង្រឹងទីតាំងមួយកន្លែងនៅលើកោះ Zimiinyi។
ក្រសួងការពារជាតិអង់គ្លេសក៏បានបញ្ជាក់ពីសារៈសំខាន់នៃកោះនោះ ដោយនិយាយថា ប្រ សិនបើរុស្ស៊ីអាចពង្រឹងទីតាំងប្រព័ន្ធការពារដែនអាកាសយុទ្ធសាស្ត្រនិងកាំជ្រួចមីស៊ីល Cruise នៅតាមបណ្តោយឆ្នេរសមុទ្របាន ពួកគេអាចគ្រប់គ្រងសមុទ្រខ្មៅភាគពាយ័ព្យបាន។
ពួកមន្ត្រីអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារកាំជ្រួចមីស៊ីលកាលពីថ្ងៃអង្គារម្សិលមិញទៅលើកំពង់ផែ Odesa របស់អ៊ុយក្រែន ដែលស្ថិតនៅសមុទ្រខ្មៅ នៅពេលដែលរដ្ឋាភិបាលក្រុងមូស្គូប៉ុនប៉ងបង្អាក់ការដឹកជញ្ជូនអាវុធសំខាន់ៗនិងការផ្គត់ផ្គង់ចូលក្នុងប្រទេសអ៊ុយក្រែននៅក្នុងសង្គ្រាមដែលមានរយៈពេល១១សប្តាហ៍ហើយនោះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។