នៅថ្ងៃចន្ទនេះ ប្រទេសអ៊ុយក្រែនបានស្នើឱ្យមាន«ការគាំទ្រជាអតិបរមា»លើកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីយកឈ្នះលើប្រទេសរុស្ស៊ី ក្នុងគោលបំណងដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើប្រទេសជាសម្ព័ន្ធមិត្តនៅទ្វីបអឺរ៉ុប ស្របពេលដែលរុស្ស៊ីបានបន្ទោសជាថ្មីថា ទណ្ឌកម្មរបស់បស្ចិមប្រទេសបានបង្អាក់ដល់ការបញ្ជូនឧស្ម័នរបស់ខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយថា «ភាពគឃ្លើនរបស់យោធា»រុស្ស៊ី «ប្រឆាំងនឹងអ៊ុយក្រែន» និង «ការគំរាមរឿងថាមពលប្រឆាំងនឹងពលរដ្ឋអឺរ៉ុប» គឺជាមូលហេតុដែលធ្វើឱ្យ «តម្លៃ [ថាមពល] កើនឡើងនៅតាមបណ្ដាប្រទេសនៅអឺរ៉ុប»។
លោក Kuleba បានសរសេរនៅលើ Twitter ថា៖ «ដំណោះស្រាយគឺថាត្រូវគាំទ្រជាអតិបរមាលើអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនអាចយកឈ្នះ [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin ឱ្យបានឆាប់ដើម្បីកុំឱ្យលោក Putin បំផ្លាញទ្វីបអឺរ៉ុបជាបន្តទៀត»។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់ក្រុមអ្នកកាសែតថា ទណ្ឌកម្មរបស់បស្ចិមប្រទេសបាន «ធ្វើឱ្យមានភាពចលាចល» កើតឡើងសម្រាប់ការថែទាំបំពង់បង្ហូរឧស្ម័ន Nord Stream 1។ បំពង់បង្ហូរឧស្ម័ននេះត្រូវបានក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ីបានបិទកាលពីសប្ដាហ៍មុន បន្ទាប់ពីខ្លួនបានរកឃើញថាមានលេចប្រេង។
បណ្ដាប្រទេសនៅទ្វីបអឺរ៉ុបដែលបានបញ្ជូនសព្វាវុធទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែននិងបានជួយបណ្ដុះបណ្ដាលយុទ្ធជនអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថាបានយកការផ្គត់ផ្គង់ថាមពលរបស់ខ្លួនធ្វើជាអាវុធ។
លោក Peskov បាននិយាយថា៖ «បញ្ហាទាក់ទិននឹងការផ្គត់ផ្គង់ឧស្ម័នបានកើតឡើង ដោយសារតែទណ្ឌកម្មរបស់ក្រុមបស្ចិមប្រទេសដែលបានដាក់លើប្រទេសរុស្ស៊ី ដែលក្នុងនោះរួមមានទាំងទណ្ឌកម្មរបស់ប្រទេសអាល្លឺម៉ង់និងចក្រភពអង់គ្លេសផងដែរ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។