ប្រទេសអ៊ុយក្រែនបានបន្ទោសរុស្ស៊ីពីការមិនធ្វើឱ្យមានការផ្លាស់ប្តូរឈ្លើយសឹករវាងប្រទេសទាំងពីរក្នុងរយៈពេលពីរបីខែនេះកន្លងមកនេះ។
ចាប់តាំងពីខែដំបូងៗនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្តើមមក រដ្ឋាភិបាលនៃប្រទេសទាំងពីរបានផ្លាស់ប្តូរឈ្លើយសឹកជាច្រើនលើក ប៉ុន្តែការដោះដូរនេះមិនបានកើតឡើងដូចមុនទៀតឡើយ ចាប់តាំងពីខែសីហាកន្លងទៅ។
ស្នងការសិទ្ធិមនុស្សអ៊ុយក្រែនលោកDmytro Lubinets និយាយនៅថ្ងៃព្រហស្បតិ៍ថាឈ្លើយសឹករុស្ស៊ី ដែលកំពុងត្រូវបានឃុំខ្លួននៅអ៊ុយក្រែននិយាយថា ពួកគេចង់ឱ្យមានការផ្លាស់ប្តូរ ប៉ុន្តែខាងភាគីរុស្ស៊ីមិនចង់ទទួលពួកគេយកទៅវិញទេ។
ក្នុងសុន្ទរកថាពេលរាត្រីកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើឱ្យមានការសាងសង់របាំងប៉មការពារនៅតំបន់ខ្សែត្រៀមជួរមុខសំខាន់ៗនៅភាគខាងកើតអ៊ុយក្រែនឱ្យបានឆាប់រហ័ស ដែលកំពុងស្ថិតក្រោមសម្ពាធរបស់កងកម្លាំងរុស្ស៊ីនៅទីនោះ។
ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយអ៊ុយក្រែន ក្នុងការត្រៀមទប់ទល់នឹងការវាយប្រហារដែលត្រូវបានរំពឹងទុកក្នុងរដូវរងានេះ ពីសំណាក់កងទ័ពរុស្ស៊ី។
លោក Kirby ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប៉ាន់ស្មានថា រុស្ស៊ីនឹងប៉ុនប៉ងវាយប្រហារលើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ុយក្រែនក្នុងរដូវរងានេះ ដូច្នេះសហរដ្ឋអាមេរិក នឹងផ្តល់ឧបករណ៍មួយចំនួន ដើម្បីជួយពលរដ្ឋអ៊ុយក្រែនកុំឱ្យបាត់បង់កម្តៅនិងភ្លើងអគ្គិសនី៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មានAssociated Press, Agence France-Presse និងReuters.