កងនាវាជើងទឹកអង់គ្លេសប្រាប់ឲ្យដឹងថា នាវាចំបាំងរបស់ចក្រភពអង់គ្លេសមួយគ្រឿង បានបើកកាត់តាមច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃចន្ទដែលជាចំណាត់ការមួយប្រឈមទៅនឹងការអះអាងរបស់រដ្ឋាភិបាលក្រុងប៉េកាំងអំពីផ្លូវទឹកដ៏រសើបមួយនេះនិងជាការកត់សម្គាល់នៃការបើកបរដ៏កម្រមួយដោយនាវាចំបាំងក្រៅពីសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សារបង្ហោះតាមបណ្តាញសង្គម Twitter នៅលើខ្ទង់គណនីយផ្លូវការណ៍របស់នាវាចំបាំង HMS Richmond ដែលជាកងនាវាត្រូវបានដាក់ពង្រាយជាមួយក្រុមនាវាផ្ទុកយន្តហោះរបស់ចក្រភពអង់គ្លេសប្រាប់ឲ្យដឹងថា «បន្ទាប់ពីធ្វើការងារដ៏មមាញឹកជាមួយដៃគូនិងសម្ព័ន្ធមិត្តនានានៅក្នុងសមុទ្រចិនខាងត្បូងរួចមក ឥឡូវនេះយើងកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនិងកងនាវាជើងទឹករបស់ប្រជាជនវៀតណាម»។
បណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍ថា វាជាលើកទី១ហើយ ដែលនាវាចំបាំងចក្រភពអង់គ្លេស បានឆ្លងកាត់តាមផ្លូវទឹកដ៏ចង្អៀតដែលបែងចែករវាងកោះតៃវ៉ាន់ និងចិនដីគោកនោះ។
កងនាវា HMS Enterprise បានឆ្លងកាត់ចក្រសមុទ្រនេះ នៅក្នុងឆ្នាំ២០១៩។ ក្រសួងការពារជាតិចក្រភពអង់គ្លេស មិនបានឆ្លើយតបសំណើសុំធ្វើអត្ថាធិប្បាយនោះឡើយ។
នាវាចំបាំងសហរដ្ឋអាមេរិក បានអនុវត្ត«សេរីភាពនៃការធ្វើនាវាចរណ៍»នៅច្រកសមុទ្រនោះ ហើយបានបណ្តាលឲ្យមានការឆ្លើយតបដោយការខឹងសម្បារពីរដ្ឋាភិបាលក្រុងប៉េកាំងដែលបានទាមទារកោះតៃវ៉ាន់និងផ្លូវទឹកជុំវិញនោះ និងសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់។
សហរដ្ឋអាមេរិកនិងប្រទេសភាគច្រើនផ្សេងទៀត ចាត់ទុកតំបន់ទាំងនោះ ថាជាផ្លូវទឹកអន្តរជាតិដែលត្រូវតែបើកចំហរសម្រាប់នាវាទាំងអស់ធ្វើដំណើរ។
ប្រទេសចិន មិនបានឆ្លើយតបដល់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវាចំបាំងចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទនោះទេ។
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «យើងសង្ឃឹមថា ប្រទេសពាក់ព័ន្ធទាំងអស់ អាចធ្វើការស្ថាបនាការទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងនោះ ហើយនឹងលើកស្ទួយសន្តិភាព និងសន្តិសុខនៅក្នុងតំបន់»។
រហូតមកទល់ពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាមហាអំណាចពិភពលោកដ៏សំខាន់ដែលបើកបរនាវាកាត់តាមច្រកសមុទ្រតៃវ៉ាន់នេះ៕