រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់បាននិយាយថាយន្តហោះចម្បាំងចិន ២៨គ្រឿងបានហោះចូលក្នុងដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ។
រដ្ឋមន្ត្រីរូបនេះបន្ថែមថាក្បួនយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងបានហោះចូលភាគនិរតីនៃតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ទ័ពអាកាសតៃវ៉ាន់បានបញ្ជូនយន្តហោះជាច្រើនគ្រឿងនិងបានបើកប្រព័ន្ធការពារផ្លូវអាកាសជាការឆ្លើយតប។
ម្ដងហើយម្ដងទៀតប្រទេសចិនបានដាក់ពង្រាយយន្តហោះចម្បាំងនិងនាវាចម្បាំងជិតកោះតៃវ៉ាន់ប៉ុន្មានឆ្នាំចុងក្រោយនេះជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធលើកោះតៃវ៉ាន់។ រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជូនយន្តហោះចម្បាំង២៥គ្រឿងចូលក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ម្ដងហើយកាលពីខែមេសា។
អ្នកនាំពាក្យរដ្ឋាភិបាលចិនបាននិយាយថាខ្លួនបានបើកប្រតិបត្តិការនេះដើម្បីឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសG-7ដែលមានប្រទេសកាណាដាបារាំង អាល្លឺម៉ង់ អុីតាលីជប៉ុន ចក្រភពអង់គ្លេសនិងអាមេរិកកាលពីថ្ងៃអាទិត្យអំពាវនាវមានដំណោះស្រាយដោយសន្តិវិធីសម្រាប់ភាពតានតឹងតាមច្រកសមុទ្រតៃវ៉ាន់។អ្នកនាំពាក្យរូបនោះបានចោទប្រកាន់ថាមេដឹកនាំនៃក្រុមប្រទេស G-7 បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនទោះបីជាកោះនេះគ្រប់គ្រងដោយខ្លួនឯងតាំងពីចប់សង្គ្រាមស៊ីវិលក្នុងប្រទេសចិនក្នុងឆ្នាំ១៩៤៩នៅពេលដែលកម្លាំងជាតិនិយមរបស់លោក Chiang Kai-sheks ត្រូវបានបណ្ដេញចេញដោយទ័ពកុម្មុយនីស្តម៉ៅសេទុង។ប្រទេសចិនបានប្តេជ្ញាថានឹងដាក់តៃវ៉ាន់នៅក្រោមការគ្រប់គ្រងរបស់ខ្លួនតាមគ្រប់មធ្យោបាយចាំបាច់ទំាងអស់រួមទាំងការប្រើប្រាស់យោធាផងដែរ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្ដូរទំនាក់ទំនងការទូតផ្លូវការពីទីក្រុងតៃប៉ិទៅទីក្រុងប៉េកំាងក្នុងឆ្នាំ១៩៧៩ប៉ុន្តែរដ្ឋបាលលោកអតីតប្រធានាធិបតី Donald Trump បានធ្វើឲ្យប្រទេសចិនខឹងសម្បារដោយសាររដ្ឋបាលរបស់លោកស្និទ្ធនឹងតៃវ៉ាន់ខ្លាំងឡើងៗទំាងផ្នែកការទូត និងយោធាបន្ទាប់ពីលោកចូលកាន់តំណែងក្នុងឆ្នាំ២០១៧រហូតដល់ចប់អាណត្តិរយ:ពេលបួនឆ្នាំ៕