ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ថា​ចិន​បាន​ទន្ទ្រាន​ដែន​អាកាស​របស់​ខ្លួន​ទ្រង់ទ្រាយ​ធំ​បំផុត


រូប​ឯកសារ៖ នៅ​ក្នុងរូប​​ថត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​កាល​ពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨​នេះ បង្ហាញ​ពី​​យន្ដហោះ​ចម្បាំង​ប្រភេទ F-16 (ឆ្វេង) របស់​សាធារណរដ្ឋ​ចិន (តៃវ៉ាន់) ហោះ​ទន្ទឹម​នឹង​យន្ដហោះទម្លាក់​គ្រាប់បែក​ប្រភេទ H-6K របស់​ទាហាន​រំដោះ​ចិន។
រូប​ឯកសារ៖ នៅ​ក្នុងរូប​​ថត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​កាល​ពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨​នេះ បង្ហាញ​ពី​​យន្ដហោះ​ចម្បាំង​ប្រភេទ F-16 (ឆ្វេង) របស់​សាធារណរដ្ឋ​ចិន (តៃវ៉ាន់) ហោះ​ទន្ទឹម​នឹង​យន្ដហោះទម្លាក់​គ្រាប់បែក​ប្រភេទ H-6K របស់​ទាហាន​រំដោះ​ចិន។

រដ្ឋាភិបាល​តៃវ៉ាន់​បាន​បញ្ជាក់​ថា យន្តហោះ​កងទ័ព​អាកាស​ចិន​ចំនួន ២៨ គ្រឿង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​យន្តហោះ​ចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​បាន​ផងដែរ បាន​ហោះ​ចូល​ក្នុង​តំបន់​កំណត់​ការពារ​ដែន​អាកាស (ADIZ) របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទោះបីជា​មិន​ទាន់​មាន​ការ​បកស្រាយ​ណា​មួយ​ភ្លាមៗ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏ដោយ ក៏​ព័ត៌មាន​នេះ​បាន​លេច​ឡើង បន្ទាប់ពី​ក្រុម​ប្រទេស G-7 បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​អាទិត្យ​រិះគន់​ប្រទេស​ចិន​លើ​បញ្ហា​ជាច្រើន​និង​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់។ ការ​លើកឡើង​របស់​ក្រុម​ប្រទេស G-7 នេះ​ត្រូវ​បាន​ចិន​ថ្កោលទោស​ថា​ជា «ការ​មួល​បង្កាច់»។

កោះ​តៃវ៉ាន់​បាន​ត្អូញត្អែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ថា កងទ័ព​អាកាស​ចិន​បាន​ធ្វើ​បេសកកម្ម​ម្តង​ហើយ​ម្តង​ទៀត​នៅ​ជិត​ខ្លួន ដោយ​ផ្ដោត​នៅ​ភាគ​និរតី​នៃ​តំបន់​ការពារ​ដែន​អាកាស​របស់​ខ្លួន​នៅ​ជិត​ប្រជុំ​កោះ Pratas ដែល​ខ្លួន​ត្រួតត្រា។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​បញ្ជាក់​ថា បេសកកម្ម​ថ្មី​ចុងក្រោយ​បំផុត​របស់​ចិន​នេះ​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង​ប្រភេទ J-16 ចំនួន ១៤ គ្រឿង យន្តហោះ​ចម្បាំង​ប្រភេទ J-11 ចំនួន ៦ គ្រឿង យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រទេស H-6 ដែល​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​បាន​ចំនួន ៤ គ្រឿង និង​យន្តហោះ​ប្រើ​មេដែក​អគ្គិសនី​ដែល​អាច​ទប់ទល់​នឹង​នាវា​មុជ​ទឹក​និង​អាច​ឲ្យ​សញ្ញា​ជា​មុន។

នេះ​គឺជា​ការ​ទន្ទ្រាន​ទ្រង់ទ្រាយ​ធំ​បំផុត ចាប់តាំង​ពី​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​ចាប់ផ្តើម​រាយការណ៍​ជា​ប្រចាំ​អំពី​សកម្មភាព​របស់​កងទ័ព​អាកាស​ចិន​នៅ​ក្នុង​តំបន់​កំណត់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់​កាលពី​ឆ្នាំ​មុន៕

XS
SM
MD
LG