សេចក្តីថ្លែងការណ៍ជាផ្លូវការនិងពួកអ្នកស្រាវជ្រាវនិយាយថា កំណើនសកម្មភាពមិនធម្មតានៃកងទ័ពជើងទឹកស.រ.អា.ក្នុងខែវិច្ឆិកា ក្នុងសមុទ្រចិនខាងត្បូងបង្ហាញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបង្រៀនប្រទេសចិនអំពីបទបញ្ញត្តិមួយចំនួនសម្រាប់ធ្វើកិច្ចប្រតិបត្តិការនៅក្នុងដែនសមុទ្រមានការដណ្តើមគ្នា។
កាលពីសប្តាហ៍មុន កងទ័ពជើងទឹកអាមេរិកាំងបានបញ្ជូននាវាចម្បាំងពីរគ្រឿងទៅកាន់សមុទ្រនេះក្នុងទ្វីបអាស៊ីដែលត្រូវត្រួតត្រាខ្លាំងឡើងៗដោយ
ប្រទេសចិន តែមានការទាមទារដោយប្រទេស៥ទៀតដែរ នៅក្រោយចិនបានបញ្ជូននាវាដឹកយន្តហោះដែលផលិតជាដំបូងនៅក្នុងប្រទេសទៅកាន់ផ្លូវទឹកនោះដែរដើម្បីធ្វើការស្រាវជ្រាវនិងធ្វើសាកល្បង។
ទីបញ្ជាការនៃកងនាវាចម្បាំងស.រ.អា.ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងពួកអ្នកវិភាគនិយាយថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់បង្ហាញប្រទេសចិនថា ខ្លួនត្រូវតែធ្វើឱ្យសមុទ្រយុទ្ធសាស្ត្រនេះបើកចំហខាងសេដ្ឋកិច្ច និងខាងនយោបាយជាជាងប្រើប្រាស់សមុទ្រនេះដោយដាច់មុខតែឯង ទោះណាជាពួកអ្នកជំនាញថ្លែងថាមានគំរាមកំហែងតែបន្តិចបន្តួចអំពីជម្លោះដោយប្រើអាវុធក៏ដោយ។
លោក Stephen Nagy ជាសាស្ត្រាចារ្យជំនួយជាន់ខ្ពស់ខាងការសិក្សានយោបាយនិងការសិក្សាអន្តជាតិនៅឯសាកលវិទ្យាល័យគ្រិស្តសាសនាអន្តរជាតិក្នុងក្រុងតូក្យូបាននិយាយថា៖ «នៅពេលនេះស.រ.អា.កំពុងព្យាយាមចាត់ចែង និងកែប្រែអាកប្បកិរិយារបស់រដ្ឋាភិបាលចិន ហើយនេះជាការពិបាកដោយពិតប្រាកដ»។
លោក Nagy បានថ្លែងថា៖ «គំនាបសង្កត់ខ្លាំងជាវិធីមួយដើម្បីចាប់ផ្តើមកែប្រែអាកប្បកិរិយារបស់ចិននៅក្នុងមធ្យោបាយមួយដែលមិនវិលវល់ទប់មិនជាប់នាំឱ្យមានជម្លោះនោះទេ»៕