ស.រ.អាមិនបដិសេធកិច្ចចរចាកម្រិតធ្វើការងារជាមួយមន្ត្រីកូរ៉េខាងជើងនៅខាងក្រៅកិច្ចប្រជុំអាស៊ាននៅប្រទេសថៃក្នុងសប្តាហ៍នេះទេ ដោយក្រុមអ្នកជំនាញកត់សម្គាល់ថា ការបង្ហោះកាំជ្រួចមីស៊ីលកាលពីពេលថ្មីៗនេះដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនទំនងជាប្រែក្រឡះកិច្ចខិតខំប្រឹងប្រែងខាងការទូតនៅពេលបច្ចុប្បន្នរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទេ។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា Mike Pompeo បានចាកចេញដំណើរពីរដ្ឋធានី វ៉ាស៊ីនតោនកាលពីថ្ងៃអង្គារទៅកាន់ក្រុងបាងកក ដែលនៅទីនោះលោកនឹងធ្វើជាសហប្រធាននៃការប្រជុំរដ្ឋមន្ត្រីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន និងស.រ.អានៅពេលបន្ទាប់មកទៀតក្នុងសប្តាហ៍នេះ។
នៅថ្ងៃទី២ខែសីហា លោក Pompeo នឹងចូលរួមក្នុងសន្និសីទកំពូលរដ្ឋមន្ត្រីអាស៊ីខាងកើតហៅកាត់ថា EAS វេទិកាតំបន់នៃរដ្ឋមន្ត្រីសមាគមអាស៊ានហៅកាត់ថា ARF និងមានជំនួបទ្វេភាគីជាមួយលោករដ្ឋមន្ត្រីការបរទេសថៃ Don Pramudwinai ដើម្បីពិភាក្សាគ្នាអំពីវិធីដើម្បីពង្រឹងសម្ព័ន្ធភាពរវាងស.រ.អា និងប្រទេសថៃឱ្យខ្លាំងជាងមុនថែមទៀត។
នៅពេលត្រូវសួរអំពីការទាក់ទងគ្នាខាងការទូតជាមួយប្រទេសកូរ៉េខាងជើងនៅក្នុងពិធីមួយកាលពីថ្ងៃចន្ទនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Pompeo បានមានប្រសាសន៍ថា «ខ្ញុំធ្វើដំណើរទៅកាន់ទ្វីបអាស៊ីនៅថ្ងៃស្អែកនៅពេលថ្ងៃត្រង់។ ខ្ញុំនឹងស្ថិតនៅក្នុងក្រុងបាងកកពីរបីថ្ងៃ។ ខ្ញុំសង្ឃឹមថា យើងអាចមានការពិភាក្សាគ្នាកម្រិតធ្វើការងារដោយចាប់ផ្តើមធ្វើទៀតក្នុងពេលឆាប់ៗនេះ»។
កាលពីប៉ុន្មានថ្ងៃមុននេះ ទីបញ្ជាការអ.ស.បដឹកនាំដោយស.រ.អាបាននិយាយថា ខ្លួននៅតែបន្តគាំទ្រវិធានការកសាងការទុកចិត្តគ្នាសម្រាប់ឱ្យមានការសន្ទនាគ្នានិងសម្រាប់ឱ្យក្រុមអ្នកការទូតធ្វើការឆ្ពោះទៅកាន់ការធ្វើឱ្យមានសន្តិភាពជាអចិន្ត្រៃយ៍និងការធ្វើកុំឱ្យកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរនៅទីបញ្ចប់ ដែលអាចផ្ទៀងផ្ទាត់បានទាំងស្រុងថែមទៀតផង។
នៅក្រោយកូរ៉េខាងជើងបានបាញ់ពិសោធន៍កាំជ្រួចមីស៊ីលផ្លោងកាលពីថ្ងៃព្រហស្បតិ៍មុន លោក Pompeo បានមានប្រសាសន៍ថា កិច្ចចរចាគ្នានៅតែអាចមានធ្វើតទៅទៀត៕