រដ្ឋមន្រ្តីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន កំពុងធ្វើការប្រជុំជាបន្តបន្ទាប់នៅក្នុងរាជធានីបាងកកនៃប្រទេសថៃ នៅសប្តាហ៍នេះ ដោយវេទិកាតំបន់អាស៊ានកំពុងចាប់ផ្តើមនៅថ្ងៃសុក្រនេះ។
សមាគមអាស៊ានលើកស្ទួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងសន្តិសុខក្នុងចំណោមសមាជិក១០ប្រទេសដែលមាន៖ ប៊្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម។
បន្ថែមរដ្ឋមន្រ្តីការបរទេសរបស់សមាគមអាស៊ាន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Kang Kyung- wha រដ្ឋ មន្រ្តីការបរទេសអូស្រ្តាលីលោកស្រី Marise Payne និងរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំប្រចាំតំបន់នេះដែរ។
កាលពីអតីតកាល ជំនួបរបស់សមាគមអាស៊ានបានត្រូវប្រើជាឱកាសមួយដើម្បីពិភាក្សារវាងមន្រ្តីសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង ក៏ប៉ុន្តែរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho មិនបានបង្ហាញខ្លួននៅឯជំនួបកាលពីថ្ងៃព្រហស្បតិ៍ជាមួយសហរដ្ឋអាមេរិកទេ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Pompeo បានមានប្រសាសន៍ថា លោកនៅតែមានសុទិដ្ឋិនិយមថា ការសន្ទនាខាងការទូតជាមួយកូរ៉េខាងជើងនឹងបន្តធ្វើនៅពេលឆាប់ៗនេះ។
ស្រប់ពេលជាមួយគ្នានេះ គ្រាប់បែកជាច្រើនគ្រាប់ បានផ្ទុះនៅក្នុងទីក្រុងបាងកកនៅថ្ងៃសុក្រនេះ។ គេ មិនទាន់ដឹងច្បាស់នៅឡើយថា តើការផ្ទុះនេះមានជាប់ទាក់ទិននឹងជំនួបកំពូលរបស់សមាគមអាស៊ានដែរឬទេ៕