ប្រទេសចិនសាងសង់ទីតាំងរុករកប្រេងក្នុងសមុទ្រដ៏ធំថ្មីមួយទៀតក្នុងគោលបំណងប្រើប្រាស់ដែនសមុទ្រមានជម្លោះ។ ចំណាត់ការនេះអាចធ្វើឱ្យប្រទេសវៀតណាមមានការខឹងសម្បា និងធ្វើឱ្យជម្លោះផ្នែកថាមពលរវាងប្រទេសជិតខាងនៅអាស៊ីទាំងពីរនេះរាលដាលកាន់តែខ្លាំងបន្ថែមទៀត។
គណនីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គមចិនមួយគ្រប់គ្រងដោយគណៈកម្មាធិការនីតិកម្ម និងនយោបាយមជ្ឈិមផ្សាយកាលពីថ្ងៃទី២ ខែតុលាឲ្យដឹងថា ទីតាំងខួងប្រេងដែលមានឈ្មោះថា Haiyang Shiyou 982 ត្រូវបានដំឡើងរួចស្រេចក្នុងដែនសមុទ្រ ហើយមានលទ្ធភាពរុករកប្រេងក្រោមដីជម្រៅរហូតដល់៩ពាន់ម៉ែត្រ។
ទូករបស់វៀតណាមនិងចិន ធ្លាប់ប៉ះទង្គិចគ្នាជារឿយៗក្នុងឆ្នាំ២០១៤ បន្ទាប់ពីចិនបានអនុញ្ញាតឲ្យក្រុមហ៊ុនប្រេងមួយបូមប្រេងនៅទីតាំងខួងប្រេងពីមុនដែលមានឈ្មោះថា Haiyang Shiyou 981 នៅក្នុងដែនសមុទ្រមានជម្លោះ។ កាលពីដើមឆ្នាំ២០១៩នេះ ប្រទេសវៀតណាមបានស្នើឱ្យនាវាស្រាវជ្រាវរបស់ចិនចាកចេញពីតំបន់ Vanguard Bank តំបន់ដែនសមុទ្រដែលប្រទេសសមាគមអាស៊ានមួយនេះកំពុងរុករកប្រេងនៅក្រោមបាតសមុទ្រ។
ក្រុមអ្នកវិភាគនិយាយថា គេរំពឹងថានឹងមានការប្រឆាំងតវ៉ាកាន់តែច្រើនឡើង ប្រសិនបើទីតាំងខួងប្រេង Haiyang Shiyou 982 រំខានដល់ប្រទេសវៀតណាម។
លោក Alan Chong សាស្ត្រាចារ្យនៃសាលាសិក្សាអន្តរជាតិ S. Rajaratnam នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyangក្នុងប្រទេសសិង្ហបុរី និយាយថា៖
«ប្រាកដណាស់ ពួកគេនឹងមានប្រតិកម្មបែបហ្នឹង ពីព្រោះយ៉ាងណាក៏ដោយបញ្ហាសមុទ្រចិនខាងត្បូងនៅតែជារឿងក្តៅកគុក។ វាអាចផ្ទុះឡើងគ្រប់ពេល»។
ករណីអាក្រក់បំផុតមួយអាចនឹងបញ្ឆេះហិង្សាទ្វេភាគីនៅពេលណាមួយ ទៅលើបូរណភាពដែនទឹកដែលមានជម្លោះតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម៉្លេះ។
ទីតាំងខួងប្រេង Haiyang Shiyou 982
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សាយជាភាសាចិនបានរាយការណ៍ថា នៅដើមឆ្នាំ២០១៨ ទីតាំងខួងប្រេងជំនាន់ទី៦ ត្រូវបាន «ដំឡើង» នៅទីក្រុងកំពង់ផែ Dalian ដែលស្ថិតនៅប៉ែកឦសាន។ សារព័ត៌មានខាងលើបាននិយាយថា ទីតាំងខួងប្រេងនេះនឹងជួយដល់កិច្ចការខួងប្រេងរបស់ចិនក្នុងដែនសមុទ្រ។
គណៈកម្មាធិការនេះឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយត្រូវបានអញ្ជើញឲ្យមកធ្វើការអង្កេតទៅលើប្រតិបត្តិការនៃទីតាំងខួងប្រេងកម្ពស់១០ជាន់នេះផងដែរ។ មិនមានការបញ្ជាក់ពីទីតាំងប្រាកដនៃទីតាំងខួងប្រេងនេះទេ ប៉ុន្តែគេគ្រាន់តែដឹងថា ដើម្បីទៅដល់ទីនោះ គេត្រូវជិះឧទ្ធម្ភាគចក្រប្រហែល១ម៉ោងពីទីក្រុង Sanya ដែលស្ថិតនៅប៉ែកខាងត្បូងប្រទេសចិន។
ប្រទេសព្រុយណេ ចិន ម៉ាឡេស៊ី កោះតៃវ៉ាន់ វៀតណាម និងហ្វីលីពីន សុទ្ធតែអះអាងថាជាម្ចាស់មួយផ្នែក ឬទាំងអស់នៃដែនសមុទ្រ៣,៥លានគីឡូម៉ែត្រការ៉េនេះ។ ប្រទេសចិន ដែលបានចាត់ទុក៩០ភាគរយនៃដែនសមុទ្រនេះថាជារបស់ខ្លួនបានបញ្ជូនកងទ័ព និងដំឡើងបច្ចេកវិទ្យាទំនើបៗនៅទីនោះផងដែរនៅទសវត្សរ៍ចុងក្រោយនេះ។
ទីភ្នាក់ងារព័ត៌មានថាមពលសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ក្នុងដែនសមុទ្រចិនខាងត្បូងនេះមានធនធានប្រេងប្រមាណ១១ពាន់លានបារ៉ែល និងឧស្ម័នធម្មជាតិប្រមាណ ៥,៣ លានលានម៉ែត្រគូប។
ការប្រឈមមុខដាក់គ្នារវាងវៀតណាមនិងចិន
ការដំឡើងទីតាំងខួងប្រេងលេខ៩៨១ក្នុងឆ្នាំ២០១៤ បានបង្កឱ្យមានកុបកម្មក្នុងប្រទេសវៀតណាមប្រឆាំងចិនរហូតដល់មានការបាត់បង់ជីវិត។ ជម្លោះនៅតំបន់ Vanguard Bank ក្នុងសមុទ្រចិនខាងត្បូង បង្កឱ្យមានការក្រោកប្រឆាំង បន្ទាប់ពីកប៉ាល់រុករកថាមពលចិន ឈ្មោះ Haiyang Dizhi 8 ចាប់ផ្តើមល្បាតតាមដែនទឹកនៃតំបន់ Vanguard Bank ដែលស្ថិតនៅចម្ងាយ ៣៥២គីឡូម៉ែត្រពីដែនសមុទ្រប៉ែកអាគ្នេយ៍ប្រទេសវៀតណាម។ វៀតណាមក៏បានបើកប្រតិបត្តិការទីតាំងខួងប្រេងក្រោមបាតសមុទ្រមួយរបស់ខ្លួនក្បែរតំបន់នោះដែរ។
ពេលខ្លះប្រទេសវៀតណាមបានសហការជាមួយក្រុមហ៊ុនបរទេស ដូចជាក្រុមហ៊ុន Repsol របស់អេស្ប៉ាញ និង ក្រុមហ៊ុន ONGC Videsh របស់ឥណ្ឌាតាមរយៈកិច្ចព្រមព្រៀងរុករកប្រេង។ រដ្ឋាភិបាលទីក្រុងប៉េកាំងមិនសប្បាយចិត្តចំពោះឥទ្ធិពលរបស់បរទេសក្នុងដែនសមុទ្រចិនខាងត្បូង និងបានដាក់សម្ពាធលើវៀតណាមឱ្យបញ្ឈប់គម្រោងរួមគ្នាមួយចំនួន។
អ្នកស្រី Yun Sun សហការីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីខាងកើតនៃមជ្ឈមណ្ឌល Stimson ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា៖ «ខ្ញុំគិតថា (ការដំឡើងទីតាំងថ្មី)នឹងមិនអាចពង្រីកអធិបតេយ្យភាពរបស់ចិននោះទេ ប៉ុន្តែវាជួយកាត់បន្ថយការប្រឹងប្រែង ឬការប៉ុនប៉ងរបស់វៀតណាមក្នុងការបន្តចូលរួមរុករកប្រេងជាមួយប្រទេសផ្សេងទៀត»។
យុទ្ធសាស្រ្តបង្កើនផលរបស់ចិន
លោក Chong បាននិយាយថា ការដំឡើងទីតាំងខួងប្រេងថ្មីរបស់ចិននេះ នឹងពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើដែនទឹកមានជម្លោះនេះ ហើយក៏អាចចាត់ទុកជា «ជំហានទី២» នៃការប្រឆាំងនឹងសហរដ្ឋអាមេរិកផងដែរ។ រដ្ឋាភិបាលស.រ.អា. មិនបានអះអាងថា ខ្លួនជាម្ចាស់ដែនសមុទ្រចិនខាងត្បូងទេ ប៉ុន្តែបានគាំទ្រឲ្យរក្សាដែនសមុទ្រនោះឱ្យបើកចំហជាលក្ខណៈអន្តរជាតិ។ កងទ័ពជើងទឹកស.រ.អា. តែងតែបញ្ជូននាវារបស់ខ្លួនទៅក្នុងដែនសមុទ្រនោះ ហើយប្រទេសចិន តែងតែរិះគន់សកម្មភាពនេះដោយចាត់ទុកថាជាការជ្រៀតជ្រែករបស់បរទេស។
លោក Chong បានបន្ថែមថា ប្រសិនបើមានការសាកសួរពីរដ្ឋាភិបាលប្រទេសផ្សេងៗអំពីការដំឡើងទីតាំងខួងប្រេងថ្មីនេះ ប្រទេសចិនអាចនឹងឆ្លើយតបវិញថា ទីតាំងខួងប្រេងថ្មីនេះ មានគោលបំណងតែមួយគត់គឺខួងយកប្រេង។
លោក Herman Kraft សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យហ្វីលីពីននិយាយថា ការដំឡើងទីតាំងខួងប្រេង ក៏អាចចាត់ទុកជាសញ្ញាមួយដល់ប្រទេសហ្វីលីពីន ដែលស្ថិតក្នុងចំណោមបណ្តាប្រទសផ្សេងៗទៀតដែលទាមទារដែនទឹកនោះ ដើម្បីបង្ហាញពីឆន្ទៈរបស់ចិនក្នុងការរុករកប្រេង និងឧស្ម័នរួមគ្នាក្នុងដែនសមុទ្រមានជម្លោះ។
រដ្ឋាភិបាលហ្វីលីពីននិងចិន បាននិយាយនៅដើមឆ្នាំនេះថា ពួកគេនឹងរុករកធនធានរួមគ្នា ហើយហ្វីលីពីននឹងទទួលបានចំណែក៦០ភាគរយនៃផលដែលទទួលបាន។ កិច្ចការនេះនឹងពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការទាមទារចំណែកក្នុងដែនសមុទ្រចិនខាងត្បូង និងបន្ថយឥទ្ធិពលរបស់ស.រ.អា.នៅក្នុងតំបន់។ នេះបើតាមការថ្លែងរបស់ក្រុមបញ្ញវ័ន្តជំនាញផ្នែកដែនទឹកអាស៊ី។
លោកសាស្រ្តាចារ្យ Kraft បាននិយាយថា ប្រទេសចិនសង្ឃឹមថា នឹងចាប់ផ្តើមគម្រោងរួមជាមួយរដ្ឋាភិបាលក្រុងម៉ានីល ក្នុងខណៈពេលដែលលោកប្រធានាធិបតី Rodrigo Duterte ចូលកាន់តំណែងរហូតដល់ឆ្នាំ២០២០។ លោក Duterte បានចាប់ផ្តើមបន្តមិត្តភាពជាមួយចិនឡើងវិញក្នុងឆ្នាំ២០១៦ ដែលវាមានភាពខុសប្លែកពីមេដឹកនាំមុនរបស់ហ្វីលីពីន។
លោកសាស្រ្តាចារ្យបានថ្លែងថា៖«នៅត្រង់ចំណុចនេះ វាបង្ហាញកាន់តែច្បាស់ថា ប្រទេសចិនកំពុងព្យាយាមបញ្ជាក់ឱ្យច្បាស់ថា ខ្លួននឹងអាចទាញយកផលប្រយោជន៍ក្នុងពេលដែលលោកប្រធានាធិបតី Duterte នៅកាន់អំណាច និងអាចធ្វើឱ្យអនុស្សរណៈយោគយល់បន្តទៅមុខនិងពិតជាអាចអនុវត្តបាន»៕
ប្រែសម្រួលដោយ កោះ សុគន្ធី