សមាគមអាស៊ាន ចិន និងប្រទេស០៥ផ្សេងទៀតត្រូវគេរំពឹងថា នឹងបង្ហាញនូវការជឿនលឿនយ៉ាងខ្លាំងឆ្ពោះទៅកាន់ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងគ្របដណ្តប់ពលរដ្ឋចំនួន៤៥ភាគរយរបស់ពិភពលោក។
ការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយដែលមានការចូលរួមពីប្រទេសចំនួន១៦ និងក្រុមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង ដែលមានការប្រកួតប្រ ជែងដ៏ក្តៅគគុកត្រូវគេរំពឹងនឹងក្លាយជាបញ្ហាសំខាន់នៅឯសន្និសីទកំពូលរបស់មេដឹកនាំអាស៊ីនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃនៅក្នុងសប្តាហ៍នេះ។
មេដឹកនាំរបស់រដ្ឋចំនួន១០ ដែលជាសមាជិករបស់សមាគមអាស៊ាននឹងត្រូវចូលរួមសន្និសីទកំពូលប្រចាំឆ្នាំចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែវិច្ឆិកា រួមជាមួយលោកស៊ីនហ្សូ អាបិ នាយករដ្ឋមន្រ្តីជប៉ុន លោកមួន ជាអ៊ីង ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងនិងលោក លី ឃើជាំង នាយករដ្ឋមន្រ្តីនៃប្រទេសចិន។ លោក Antinio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកស្រី Kristalina Georgieva នាយិកាមូលនិធិរូបីវត្ថុអន្តរជាតិ (IMF) ក៏ត្រូវគេរំពឹងនឹងចូលរួមសន្និសីទកំពូលនោះដែរ។
ជំនួបដែលទាក់ទិននឹងសន្និសីទកំពូលនេះបានចាប់ផ្តើមហើយនៅថ្ងៃព្រហស្បត៍នេះ។ក្នុងឋានៈជាអ្នករៀបចំជំនួបកំពូលអាស៊ាននៅឆ្នាំនេះ ប្រទេសថៃសង្ឃឹមថា នឹងបញ្ចប់ការចរចាស្តីពីភាពជាដៃគូសេដ្ឋកិច្ចដ៏ធំទូលាយក្នុងតំបន់ឬ (RCEP)។ ដោយបានចាប់ផ្តើមធ្វើកិច្ចការចាប់តាំងពីឆ្នាំ២០១២មក កិច្ចព្រមព្រៀងនោះត្រូវបានមើលឃើញដោយប្រទេសខ្លះថាជាការឆ្លើយតបរបស់ចិនដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ(PTT) ការចរចាដែលមិនរាប់បញ្ចូលប្រទេសចិនក្នុងកិច្ចព្រមព្រៀងនោះ និងការបរាជ័យនៅពេលដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ។
ប្រជាពលរដ្ឋសរុបនៅក្នុងប្រទេសទាំង១០ នៅសមាគមអាស៊ាន និងប្រទេស៦ផ្សេងទៀតមាន ប្រទេសអូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន ញូវ៉ែលហ្សេឡង់ និងប្រទេសកូរ៉េខាងត្បូង គឺស្មើនឹង ៤៥ភាគរយរបស់ពិភពលោកនិងមានផលិតផលសរុបក្នុងស្រុក ឬ GDP ស្មើនឹងមួយភាគបីរបស់សាកលលោក។
លោក Peter Mumford នាយកពិគ្រោះនយោបាយហានិភ័យសម្រាប់តំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Eurasia Group បាននិយាយថា ដោយឥណ្ឌានិងចិន នៅមិនទាន់យល់ព្រមអំពីការចូលក្នុងទីផ្សារនៅឡើយ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ធំទូលាយក្នុងតំបន់ឬ (RCEP) ហាក់ដូចជាមិនទំនងកើតមានឡើងនៅឯសន្និសីទកំពូលនោះទេ។
លោក មានប្រសាសន៍ទៀតថា «ក៏ប៉ុន្តែសមាគមអាស៊ានសង្ឃឹមថា យ៉ាងហោចណាស់ក៏អាចប្រកាសថា មានដំណើរការជាដុំកំភួនបានធ្វើឡើងដើម្បីធ្វើឲ្យប្រាកដថា សន្ទុះនេះបន្តទៅមុខ»។
លោក Prapat Thepchatree ដែលជានាយកមជ្ឈមណ្ឌលការសិក្សាអាស៊ាននៅឯសាកលវិទ្យាល័យ Thammasat ក្នុងប្រទេសថៃបាននិយាយថា ប្រទេសថៃបានយកចិត្តទុកដាក់ដើម្បីបង្ហាញពីដំណើរការវិវត្តន៍ទៅមុខនៅក្រោមការពិនិត្យពិច្ច័យរបស់ខ្លួន ជាពិសេសក្នុងការប្រឈមនឹងការកើនឡើងនូវការការពារទំនិញក្នុងស្រុក មិនមែនដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនទេ។
លោកនិយាយទៀតថា នៅពេលដែលចូលជាធរមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ធំទូលាយក្នុងតំបន់ឬ (RCEP) នឹងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងផ្នែកហិរញ្ញវត្ថុនិងចិត្តសាស្រ្ត។កិច្ចព្រមព្រៀងនោះនឹងជួយយ៉ាងខ្លាំងដល់ប្រទេសទាំងអស់នៅក្នុងតំបន់នេះដោយសង្ឃឹមថា យើងនៅមានឱកាសនៅឡើយដើម្បីគាំទ្រសណ្តាប់ធ្នាប់សេដ្ឋកិច្ចសេរី។
លោក Piti Srisangnam នាយកកិច្ចការស្រាវជ្រាវជាន់ខ្ពស់សម្រាប់មជ្ឈមណ្ឌលសិក្សាអាស៊ាននៅសាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បាននិយាយថា ជាមួយនឹងការចរចាពន្ធគយលើទំនិញនិងសេវាកម្មបានបញ្ចប់ចំនួន៨០ភាគរយ ហើយនឹងផ្នែកផ្សេងទៀតជិតបញ្ចប់ដែរនោះ ប្រទេសនានា ប្រហែលជាខិតកាន់តែជិតទៅនឹងការបញ្ចប់កិច្ចព្រមព្រៀងនេះនៅឆ្នាំនេះ។
សណ្តាប់ធ្នាប់នៅសមុទ្រចិនខាងត្បូង
នៅឯសន្និសីទកំពូលរបស់មេដឹកនាំចុងក្រោយក្នុងខែមិថុនា សមាគមអាស៊ាន បាននិយាយថា ខ្លួន ក៏សង្ឃឹមដែរថា នឹងបញ្ចប់ពង្រាងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដើម្បីពិនិត្យលើកដំបូង។ក្រមប្រតិបត្តិនេះ នឹងសម្រេចពីដំណោះស្រាយនៃជម្លោះផ្លូវនាវាចរណ៍តាមសមុទ្រដ៏មមាញឹកដែលនៅទីនោះចិន បានប្រកួតប្រជែងទាមទារជាមួយសមាជិកជាច្រើនទៀតរបស់សមាគមអាស៊ាននៅក្នុងសមុទ្រដែលសម្បូរទៅដោយត្រី ប្រេងនិងឧស្ម័ន។
លោក Piti បាននិយាយទៀតថា លោកសង្ឃឹមថា សមាគមអាស៊ាននឹងប្រកាសថា ពង្រាងកិច្ចព្រមព្រៀងនោះ បានរួចរាល់ហើយសម្រាប់ពិនិត្យក្នុងអំឡុងពេលនៃសន្និ សីទកំពូលនេះ។ លោកនិយាយបន្តទៀតថា ចិនបានលើកឡើងនូវការត្អូញត្អែរមួយចំនួនអំពីកិច្ចព្រមព្រៀងថ្មីនេះ។
លោកនិយាយថា «ខ្ញុំរំពឹងថា នឹងមានដំណឹងល្អ។មានសញ្ញាល្អខ្លះមកពីភាគីទាំងពីរ»។
ឯករាជ្យទាំងពីប្រទេសចិននិងសហរដ្ឋអាមេរិក
នៅឯសន្និសីទកំពូលលើកចុងក្រោយ សមាគមអាស៊ានក៏បានអនុម័តកម្មវិធីទស្សនៈវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ដែលជាផែនការគោលនយោបាយមួយដែលមានគោលបំណងផ្តល់ឲ្យសមាជិករបស់ខ្លួននូវតួនាទីនាំមុខនៅក្នុងការតភ្ជាប់ប្រទេសឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈដែលទប់ទល់និងកម្លាំងរបស់ចិន ហើយនិងទាញសហរដ្ឋអាមេរិកឲ្យចូលក្នុងគន្លងនោះដែរ។
លោកPrapatបាននិយាយថា «ខ្ញុំគិតថា កិច្ចព្រមព្រៀងនោះ នឹងដាក់ប្រទេសមហាអំណាចធំៗនៅក្នុងស្ថានភាពដ៏លំបាកមួយដើម្បីច្រានចោលកិច្ចព្រមព្រៀងនោះ។ប្រទេសមហាអំណាចធំៗទាំងនោះ នឹងត្រូវតែសុខចិត្តទទួលយកកិច្ចព្រមព្រៀងនោះជាគោលការណ៍ក្នុងតំបន់ ហើយការណ៍នេះ នឹងអនុញ្ញាតិឲ្យសមាគមអាស៊ានដើរតួនា ទីដ៏សំខាន់មួយ។ចំពោះសន្និសីទកំពូលនៅខែវិច្ឆិកាខាងមុខនេះ ភារៈកិច្ចសម្រាប់សមាគមអាស៊ានគឺ ត្រូវជំរុញប្រទេសមហាអំណាចធំៗផ្សេងទៀតឲ្យយល់ព្រមទទួលយកកិច្ចព្រមព្រៀងនេះ»។
ជាផ្នែកមួយនៃការធ្វើឲ្យមានតុល្យភាព លោក បាននិយាយទៀតថា អាស៊ាន នឹងប្រើសន្និសីទកំពូលនេះដើម្បីព្យាយាមតភ្ជាប់ផែនការហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាមួយនឹងកិច្ចផ្តួចផ្តើមផ្លូវពាណិជ្ជកម្មរបស់ចិន ខណៈដែលជំរុញឲ្យសហរដ្ឋអាមេរិក ជប៉ុននិងប្រទេសមហាអំណាចផ្សេងទៀតវិនិយោគទុននៅក្នុងគម្រោងច្រើនថែមទៀតនៅទូទាំងសមាគមអាស៊ាន។ថៃ បានប្រើលក្ខណ្ឌថ្មីៗបំផុតរបស់ខ្លួនជាប្រធានសមាគមអាស៊ានដើម្បីជំរុញឲ្យមានការភ្ជាប់ទំនាក់ទំនងរវាងបណ្តាប្រទេសតាមរយៈឌីជីថលផងដែរនៅក្នុងតំបន់៕
ប្រែសម្រួលដោយជឹង ប៉ូជីន