ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិកំពុងអំពាវនាវឱ្យអ៊ីស្រាអែលដកការឡោមព័ទ្ធតំបន់ហ្គាហ្សា (Gaza) ដោយព្រមានថា ការបដិសេធជំនួយសង្គ្រោះជីវិតមនុស្សត្រូវបានហាមឃាត់នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។
អ្នកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារថា៖ «សម្ភាៈប្រើប្រាស់ដែលចាំបាច់សម្រាប់ទ្រទ្រង់ជីវិតរបស់ជនស៊ីវិលមិនត្រូវរងការរឹតបន្តឹងនោះទេ»។
អ្នកស្រីថ្លែងបន្តថា៖ «ជនស៊ីវិលត្រូវតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់ដែលត្រូវបានឡោមព័ទ្ធ បើសិនពួកគេចង់ចាកចេញ។ ខាងយោធាត្រូវតែមានយុត្តិកម្មចាំបាច់សម្រាប់ការដាក់កំហិត បើមិនដូច្នោះទេ អាចប្រឈមការដាក់ទណ្ឌកម្មរួម។ លក្ខខណ្ឌនេះត្រូវបានហាមឃាត់យ៉ាងច្បាស់នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ហើយវាអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម»។
នៅក្នុងការសេចក្តីរាយការណ៍ព័ត៌មានចុងក្រោយបំផុតអំពីជម្លោះដែលកំពុងបន្តកើតមានឡើង ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបន្តវាយលើតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារ ខណៈដែលគ្រាប់រ៉ុក្កែតកំពុងត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យ ចំនួនអ្នកស្លាប់កើនឡើងនៅសងខាងព្រំដែន។
អ្នកនាំពាក្យរបស់ការិយាល័យអង្គការសហប្រជាជាតិសម្របសម្រួលកិច្ចការមនុស្សធម៌ លោក Jens Laerke បានកត់សម្គាល់ថា អាជ្ញាធរអ៊ីស្រាអែលបានបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ហើយថា ឥឡូវនេះរោងចក្រផលិតថាមពលហ្គាហ្សា ដែលជាប្រភពថាមពលតែមួយគត់នៅក្នុងតំបន់នោះ «អាចអស់ប្រេងឥន្ធនៈក្នុងពេលប៉ុន្មានថ្ងៃទៀត»។
លោក Laerke ក៏បានកត់សម្គាល់ផងដែរថា អ៊ីស្រាអែលបានកាត់ផ្តាច់ទឹកដែលប៉ះពាល់ដល់ប្រជាជនជាង ៦១ម៉ឺននាក់ នៅក្នុងតំបន់ហ្គាហ្សា។
លោកបានថ្លែងថា៖ «វិបត្តិនេះនៅតែបន្ត។ រាល់ម៉ោងដែលគ្មានអគ្គិសនី គ្មានថាមពល គ្មានទឹកស្អាត បង្កឱ្យមានកង្វល់ពីសុខុមាលភាពរបស់ពលរដ្ឋ និងលទ្ធភាពរបស់ក្រុមផ្តល់ជំនួយ»។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា មានការវាយប្រហារចំនួន ១៣ លើកទៅលើមណ្ឌលថែទាំសុខភាព ឬលើបុគ្គលិកសុខាភិបាលនៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យបុគ្គលិកសុខាភិបាលចំនួន ៦ នាក់បានស្លាប់ និង ៤ នាក់ទៀតរងរបួស៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ