ប្រទេសអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃអង្គារនេះថា យោធារបស់ខ្លួនបានវាយប្រហារលើគោលដៅរាប់រយកន្លែងនៅក្នុងតំបន់ Gaza កាលពីយប់មិញ គឺក្នុងពេលប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា កងកម្លាំងប្រទេសរបស់លោក «ទើបចាប់ផ្ដើម» ប្រយុទ្ធតតាំងនឹងក្រុមជនសកម្មប្រយុទ្ធហាម៉ាស់វិញ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Richard Hecht បាននិយាយថា សាកសពយុទ្ធជនហាម៉ាស់ប្រហែល ១.៥០០ នាក់ត្រូវបានរកឃើញនៅក្នុងដែនដីអ៊ីស្រាអែល បន្ទាប់ពីពួកគេបានចូលលុកលុយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន និងថាមិនមានជនសកម្មប្រយុទ្ធណាម្នាក់បានឆ្លងចូលក្នុងទឹកដីអ៊ីស្រាអែលនោះទេតាំងពីថ្ងៃចន្ទមក។
គោលដៅនៃការវាយប្រហារតាមអាកាសថ្មីបង្អស់ទាំងនេះគឺរួមមានទាំងតំបន់លំនៅដ្ឋាន Rimal ក្នុងទីក្រុង Gaza ដែលជាទីតាំងរបស់ក្រសួងនិងអគាររដ្ឋាភិបាលរបស់ក្រុមហាម៉ាស់ផងដែរ។
លោក Netanyahu បានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា៖ «អ្វីដែលយើងនឹងធ្វើចំពោះសត្រូវរបស់យើងនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតគឺនឹងបន្ទរជាប់រហូតជាមួយពួកគេរាប់ជំនាន់ទៅមុខ»។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានកៀរគរទាហានបម្រុង ៣០០.០០០ នាក់នៅមុន «ការបន្តប្រយុទ្ធវាយប្រហារ» ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់កាលពីថ្ងៃសៅរ៍ចូលតំបន់នានារបស់អ៊ីស្រាអែលនៅតាមបណ្ដោយព្រំដែនជាប់នឹងតំបន់ Gaza។
អ្នកនាំពាក្យយោធាក្រុមហាម៉ាស់បានគំរាមថា យុទ្ធជនរបស់ខ្លួននឹងសម្លាប់ជនស៊ីវិលម្នាក់ក្នុងចំណោមជនស៊ីវិលប្រហែល ១៥០ នាក់ដែលក្រុមហាម៉ាស់បានចាប់ធ្វើជាចំណាប់ខ្មាំងនៅពេលណាដែលអ៊ីស្រាអែលវាយប្រហារលើជនស៊ីវិលនៅក្នុងតំបន់ Gaza ដោយមិនមានការផ្ដល់សញ្ញាជាមុន។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូមួយថា អ៊ីស្រាអែលនឹងធ្វើការ «ហ៊ុមព័ទ្ធទាំងស្រុង» លើតំបន់ Gaza ដោយកាត់ផ្ដាច់លទ្ធភាពរបស់ដែនដីប៉ាឡេស្ទីននៅក្នុងការទទួលបានអគ្គិសនី ម្ហូបអាហារ ទឹក និងហ្គាស។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់អ្នកកាសែតថា ទោះបីជាលោកទទួលស្គាល់ក្ដីបារម្ភផ្នែកសន្តិសុខស្របច្បាប់របស់អ៊ីស្រាអែលក៏ដោយ ក៏ប្រតិបត្តិការយោធាត្រូវតែធ្វើឡើងក្នុងរង្វង់ច្បាប់មនុស្សធម៌។ លោកបាននិយាយថា ជនស៊ីវិលត្រូវតែទទួលបានការការពារហើយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមិនត្រូវទទួលរងការវាយប្រហារនោះទេ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។