ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧកញ៉ា គិត ធាង ដែល​ជាប់​ទោស​រឿង​គ្រឿង​ញៀន ត្រូវ​ដោះ​លែង នាំឲ្យ​មាន​ការរិះគន់


រូបឯកសារ៖ លោក គិត ធាង គឺជា​បង​ប្រុស​​បង្កើត​​របស់​អ្នក​ឧកញ៉ា​ គិត ម៉េង ដែល​ជា​អ្នក​មាន​លំដាប់​ខ្ពស់​មួយ​រូប​នៅ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន Royal Group ដែល​បាន​បោះទុន​​វិនិយោគ​លើ​វិស័យ​ជាច្រើន​ មាន​ទាំង​វិស័យ​ទូរគមនាគមន៍​ ​សេវាកម្ម ​និង​អចលនទ្រព្យ។
រូបឯកសារ៖ លោក គិត ធាង គឺជា​បង​ប្រុស​​បង្កើត​​របស់​អ្នក​ឧកញ៉ា​ គិត ម៉េង ដែល​ជា​អ្នក​មាន​លំដាប់​ខ្ពស់​មួយ​រូប​នៅ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន Royal Group ដែល​បាន​បោះទុន​​វិនិយោគ​លើ​វិស័យ​ជាច្រើន​ មាន​ទាំង​វិស័យ​ទូរគមនាគមន៍​ ​សេវាកម្ម ​និង​អចលនទ្រព្យ។

លោក​ឧកញ៉ា ​គិត ធាង អ្នក​ជំនួញ​លេច​ធ្លោ​ម្នាក់​ដែល​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ថា ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ទី​តាំង​ឲ្យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​និង​ជួញ​ដូរ​គ្រឿង​ញៀន​នោះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ តាម​ដីកា​សម្រេច​របស់​សាលា​ឧទ្ធរណ៍។ នេះ​បើ​យោង​តាម​មន្រ្តី​រដ្ឋាភិបាល។

លោក គិត ធាង អាយុ​៥៥​ឆ្នាំ ជា​ម្ចាស់​អតីត​មណ្ឌល​កម្សាន្ត​រ៉ុក ​(ROCK) ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​អំឡុង​ខែ​មីនា​ ​ឆ្នាំ​២០១៩ ក្រោយ​មាន​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ នគរបាលបាន​ចោទ​លោក គិត ធាង ថា ​ជាប់​ពាក់​ព័ន្ធ​ការ​ចែក​ចាយ​គ្រឿង​ញៀន​នៅ​មណ្ឌល​កម្សាន្ត​រ៉ុក។ ក្រោយ​មក គឺ​ក្នុង​អំឡុង​ខែ​មីនា​ដដែល​ លោក​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ថា ​ត្រូវ​បាន​តុលា​ការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​៤​ឆ្នាំ ក្រោម​បទ​ចោទ​ថា ​ចាត់​ចែង​និង​សម្រួល​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារ​ជាតិ​ញៀន​និង​បទ​សម​គំនិត។ ​

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក គិត ធាង ត្រូវ​បាន​ដោះ​លែង​តាម​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ តែ​លោក​មិន​ចាំ​ច្បាស់កាល​បរិច្ឆេទ​នៃ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នោះ​ទេ។ លោក គិត ធាង បាន​ជាប់​ពន្ធនា​គារ​ប្រមាណ២​ឆ្នាំ គិត​មក​ត្រឹម​ថ្ងៃ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ។

លោក​ថ្លែង​ថា ៖ «ពូ​ឃើញ​ដែរ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ហ្នឹង​ណ៎ា!​ ដូច​ជា​ដីកា​ហ្នឹង​ហើយ​ដូច​ជា​មាន​...ប៉ុន្តែ​រឿង​ដោះ​លែង​ថ្ងៃ​ណា ថ្ងៃ​ណា​ ពូ​មិន​បាន​ដឹង​ច្បាស់​ទេ»។

បើ​តាម​លោក ​ខៀវ សុភ័គ​ លោក​ គិត ធាង ​មាន​សំណុំ​រឿង​គ្រឿង​ញៀន​ចំនួន​ពីរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​ករណី​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ទី​តាំង​ឲ្យ​ប្រើប្រាស់​គ្រឿង​ញៀន ​និង​ករណី​មួយ​ទៀត​ គឺ​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា​ លោក​ជួញ​ដូរ​គ្រឿង​ញៀន។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​តាម​យើង​ចាំ​ដែល​សាលា​ដំបូង​លោក​បាន​ប្រកាស​កន្លង​មក លោក​បាន​បំបែក​សំណុំ​រឿង​ជា​ពីរ។ សំណុំ​រឿង​មួយ​ទៀត​ គឺ​សំណុំ​រឿង​ស្តី​អំពី​ការ​ជួញដូរ​គ្រឿង​ញៀន​ហ្នឹង​ហើយ។ អា​នោះ​នៅ​ទេ​ សាលា​ដំបូង​លោក​កំពុង​តែ​ដំណើរ​ការ​នីតិវិធី កំពុង​តែ​ជម្រះ​ គ្រាន់​តែ​មិន​ទាន់​បើក​សវនាការ​ ដោយ​សារ​តែ​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ហ្នឹង។ ហ្នឹង​នៅ​ទេ នៅ​មួយ​រឿង​ហ្នឹង​ទៀត»។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រតិកម្ម​ថា ​តុលាការ​ហាក់​ដូច​ជា​ធ្វើ​ការ​សម្រេចដែល​មាន​លក្ខណៈ​ស្តង់ដារ​ពីរ ​គឺ​រវាង​អ្នក​ជាប់​ចោទ​បទ​ឧក្រិដ្ឋ​គ្រឿង​ញៀន​និង​សកម្មជន​មនសិការ​និង​នយោបាយ​ឯ​ទៀត​ដែល​បាន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួក​គេ​ត្រូវ​បាន​តុលាការ​ច្រាន​ចោល​ជា​បន្ត​បន្ទាប់។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ស្រី​ ចក់​ សុភាព​ និយាយ​ថា​ តុលាការ​ទំនង​ជា​មាន​ហេតុ​ផល​ណា​មួយ​សម​ស្រប​តាម​នីតិវិធី​ច្បាប់​ ដែល​អាច​អនុញ្ញាត​ឲ្យ​លោក ​គិត ធាង ​បាន​ដើរ​ចេញ​ពី​ពន្ធនាគារ។

ក៏​ប៉ុន្តែ​លោក​ស្រី​លើក​ឡើង​នូវ​មន្ទិល​ថា ​ហេតុអ្វីបាន​ជា​តុលាការ​យល់​យោគ​ឲ្យ​ជនដែលជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ បាន​ចេញ​ពី​ពន្ធនាគារ​លឿន​ មុន​កាល​កំណត់​នៃ​ការ​អនុវត្ត​ទោស​ ខណៈ​សកម្មជននិង​មេដឹកនាំ​សហជីព​មួយ​ចំនួន​ត្រូវ​បាន​តុលា​ការ​បន្ត​ឃុំ​ខ្លួន​ ដោយ​ខ្លះ​បាន​ទទួល​ការ​កាត់​ទោស​តែ​នៅ​ជាប់​ក្នុង​ពន្ធនាគារ​ដដែល ដោយ​ពុំ​មាន​ការ​ព្យួរ​ទោស។ ចំណែក​អ្នក​ខ្លះ​ទៀត​បាន​ដាក់​សំណើ​សុំ​នៅ​ក្រៅ​ឃុំ ​តែ​ត្រូវ​បាន​តុលាការ​បដិសេធ​ចោល តួយ៉ាង​ដូច​ករណី​របស់​លោក​ រ៉ុង ឈុន​ មេ​ដឹកនាំ​សហជីព​ជា​ដើម​នោះ។

លោកស្រី​បញ្ជាក់​ថា៖ «វា​បាន​បង្ហាញ​នូវ​វិសមភាព​ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ដែល​នៅ​ពេល​ណា​ដែល​មាន​ករណី​ពាក់​ព័ន្ធ​នឹង​អ្នក​មាន​ទ្រព្យ​ធន ឬក៏​អ្នកមាន​អំណាច​អី​ជា​ដើម​ហ្នឹង ​គឺ​ត្រូវ​បានហាក់​ដូច​ជា​ត្រូវ​បាន​ទទួល​នូវ​ការ​សម្រាល​ ឬ​ក៏​មិន​ត្រូវ​បាន​នាំ​មក​យក​ នាំ​មក​ដាក់​ទោស​អី​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​នីតិវិធី​ច្បាប់​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ វិញ​ ចំពោះ​សកម្មជន​តួ​យ៉ាង​ ដូច​លោក​ រ៉ុង​ ឈុន​ ឬ​ក៏​យុវជនខាង​បរិស្ថាន​អីជា​ដើម​ គឺ​ពួក​គាត់​បច្ចុប្បន្ន​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ហើយ​រង់​ចាំ​ការ​សវនា​ការ​ជំនុំជម្រះ​អី​ជា​ដើម»។

រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។ (AP)
រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។ (AP)

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ លោក​ អំ សំអាត​ ចង់​ឃើញ​សាលា​ឧទ្ធរណ៍​ផ្តល់​ការ​ពន្យល់​ដល់សាធារជន​ឲ្យ​បាន​ច្បាស់​លាស់អំពី​ហេតុ​ផល​នៃ​ការ​ដោះ​លែង​លោក គិត​ ធាង។

លោក​ថ្លែង​ថា​ ធ្វើ​ដូច្នេះ​ គឺ​ដើម្បី​បញ្ចៀស​ការ​រិះគន់​ថា​ ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មាន​ស្តង់​ដារ​ពីរ​ ដែល​មាន​ន័យ​ថា អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បាន​ទទួល​ការ​សម្រាល​ទោ​ស ប៉ុន្តែ​អ្នក​ប្រព្រឹត្ត​បទ​លើ្មស​មជ្ឈិម​ដូច​យ៉ាង​សកម្មជន​បរិស្ថាន​មួយ​ចំនួន​មិន​ទទួល​បាន​ការ​សម្រាល​ទោស​ និង​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ត្រឹម​ត្រូវ​នៅ​ក្នុង​ពន្ធ​នាគារ ជា​ពិសេស​ពេល​មាន​ជំងឺ។ ​

លោក​មាន​ប្រសាសន៍​ថា៖ «ជា​ការ​កត់​សម្គាល់​ ដែល​គេ​មើល​ឃើញ​ថា ​ឧកញ៉ា​មួយ​ចំនួន​ក៏​ដូច​ជា​អ្នក​ដែល​មាន​ទ្រព្យ​ធន​ មួយ​ចំនួន​ភាគ​ច្រើន​មិន​សូវ​ជា​ជាប់​ពន្ធនាគារ​ទេ​ មាន​ឈ្មោះ​ក្នុង​ពន្ធនាគារ​ ប៉ុន្តែ​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​ រហូត​ទៅ​ដល់​ថ្ងៃ​ចេញ។ អី​ចឹង​វា​ជា​រឿង​មួយ​ដែល​គេ​មើល​ទៅ​វា​ខុស​គ្នា​ ហើយ​គេ​គិត​ថា​វា​អាច​ស្តង់​ដារ​ពីរ​ចំពោះ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ ការពារ​បរិស្ថាន ឬ​ក៏​យុវជន​ដែល​ធ្វើ​ការងារ​សង្គម»។

កាល​ពី​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នៅ​មណ្ឌល​កម្សាន្ត​រ៉ុក​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះមុនីវង្ស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ហើយ​ដក​ហូត​បាន​គ្រឿង​ញៀន​ជាង​៣៩​គីឡូក្រាម​និង​សារធាតុ​ញៀន​ជា​ទឹក ជាង​៩​គីឡូក្រាម។​

ក្រោយ​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​ គិត ធាង និង​ជន​សង្ស័យ​ប្រមាណ​ជា​១០​នាក់​ទៀត​ រួចបញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​បើក​ការ​ស៊ើប​អង្កេត។

ការ​ចាប់​ខ្លួន​លោក​ គិត​ ធាង​ បាន​កើត​ឡើង ក្រោយ​មាន​ប្រតិកម្ម​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ចែក​សញ្ញាបត្រ​មួយ​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៩​ បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​រក​ឃើញ​គ្រឿង​ញៀន​ក្នុង​ចំនួន​ច្រើន​នៅ​ក្លឹប​កម្សាន្ត​រ៉ុក​ ដែល​មាន​ទី​តាំង​ជាប់​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​ (RULE)។

រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​ ច្រាន​ចោល​ការ​រិះគន់​របស់​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ ដោយ​ថា​លោក គិត​ ធាង​ បាន​ឈ្នះ​ការ​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង ក្នុង​ដំណាក់​កាល​សាលា​ឧទ្ធរណ៍​ ដែល​យល់​ស្រប​នឹង​ការ​ទាម​ទារ​ឲ្យ​លោក​បាន​រួច​ពី​ការ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ពោល​គឺ​ឧកញ៉ា​រូប​នោះ ​មិន​មែន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ទេ។

លោក​ប្រាប់​វីអូអេ​ថា៖ «បាន​ន័យ​ថា​សាមី​ខ្លួន​គេ​ប្តឹង​ឧទ្ធរណ៍​ ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង។ ឥឡូវ​ឧទ្ធរណ៍​គេ​សម្រេច។ គេ​សម្រេច​ គ្រាន់​ថា​ការ​ផ្តន្ទា​ទោស​ពន្ធនាគារ​ហ្នឹង​ គេ​បន្ថយ​ដូច​ជា​មក​នៅ​ត្រឹម​ពីរ​ឆ្នាំ​ ហើយ​ការ​ឃុំ​ខ្លួន​ពន្ធនាគារ​របស់​គាត់​ហ្នឹង​ មក​ដល់​ពេល​ហ្នឹង​ គឺ​វា​គ្រប់​ពីរ​ឆ្នាំ​ហើយ​ ហើយ​ទោស​ដែល​នៅ​សល់​ប៉ុន្មាន​ហ្នឹង​ នៅ​តែ​អនុវត្ត​ដែរ ក៏​ប៉ុន្តែ​ទោស​ព្យួរ។ នេះ​ជា​នីតិវិធី​តុលាការ»។

នៅ​ពេល​សួរអំពី​ករណីមួយទៀត​របស់​លោក ​គិត​ ធាង ដែល​ត្រូវ​តុលា​ការ​ចោទ​ថា​មាន​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នោះ​ លោក​ ជិន ម៉ាលីន ​បង្វែរ​សំណួរ​ទៅ​សាលា​ឧទ្ធរណ៍​វិញ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ លោក ទូច ថារិទ្ធ​ និង​អ្នក​នាំពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ លោក​ នុត សាវនា បាន​ទេ នៅ​ថ្ងៃ​ចន្ទ​នេះ។

ចំណែក​លោក​ អ៊ី រិន្ទ​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​ឆ្លើយ​តប​សំណួរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម។

កន្លង​ទៅ មាន​សេចក្តី​រាយការណ៍​ថា​ លោក គិត ធាង មាន​ជំងឺ​ពេល​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ហើយ​ត្រូវ​បាន​បញ្ជូន​មក​ខាង​ក្រៅ ដើម្បី​ព្យាបាល​ផង​ដែរ។

គួរ​បញ្ជាក់​ថា ​លោក គិត ធាង គឺ​ជា​បង​ប្រុស​បង្កើត​របស់​អ្នក​ឧកញ៉ា គិត ម៉េង ដែល​ជា​អ្នក​មាន​លំដាប់​ខ្ពស់​មួយ​រូប​នៅ​កម្ពុជា ​និង​ជា​ប្រធាន​ក្រុម​ហ៊ុន The Royal Group ដែល​បាន​បោះ​ទុន​វិនិយោគ​លើ​វិស័យ​ជា​ច្រើន​ មាន​ទាំង​វិស័យ​ទូរ​គមនាគមន៍ សេវា​កម្ម ​និង​អចលនទ្រព្យ។ លោក គិត ម៉េង ក៏​បាន​ចូលរួម​ចំណែក​ជា​ថវិកា​ជា​ច្រើន​ដល់​រដ្ឋា​ភិបាល​អំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ដូច​ជា​ការ​ទិញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​កូវីដ​១៩​ជា​ដើម៕

XS
SM
MD
LG