សមត្ថកិច្ចកំណត់ជនសង្ស័យជាអ្នកជួញដូរនិងចែកចាយគ្រឿងញៀនចំនួន២៩នាក់ អ្នកប្រើប្រាស់ចំនួន២៣១នាក់ និងអ្នកទៅកម្សាន្តធម្មតាចំនួន៧១នាក់ ក្រោយប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំ ចំនួនជិត៥០គីឡូក្រាម នៅមណ្ឌលកម្សាន្តរ៉ក់ (Rock) កាលពីថ្ងៃសៅរ៍។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
យ៉ាងណាក្តី រហូតមកដល់ថ្ងៃចន្ទនេះ អាជ្ញាធរកម្ពុជា មិនទាន់បង្ហាញពីចំណាត់ការផ្លូវច្បាប់ណាមួយ លើម្ចាស់មណ្ឌលកម្សាន្តរ៉ក់ ដែលគេស្គាល់ថាជាបងប្រុសបង្កើតរបស់លោក គិត ម៉េង នៅឡើយ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១និង៤៥នាទីទៀបភ្លឺ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣១១នាក់ ដែលក្នុងនោះមានជនជាតិចិនចំនួន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង ៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក៩ គីឡូក្រាម ២ខាំ ជញ្ជីងថ្លឹងគ្រឿងញៀន១២ និងកាំភ្លើងខ្លី១ដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចេញកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញដដែលបញ្ជាក់តាមន័យដើមថា៖
«ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ហើយផ្តល់លទ្ធភាពជូនអាជ្ញាធរមានសមត្ថកិច្ច និងតុលាការដើម្បីបន្តនីតិវិធីស្រាវជ្រាវ ឈានទៅកំណត់ប្រភពនៃការនាំចូលគ្រឿងញៀន និងក្រុមជនល្មើស នាំយកមកផ្តន្ទាទោសតាមច្បាប់»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ ប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថាជនដែលត្រូវបានឃាត់ខ្លួនចំនួន៣១១នាក់ពីក្លឹបកម្សាន្តរ៉ក់ យកទៅអគ្គស្នងការនគរបាលរាជធានីនោះ សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលរបស់អ្នកប្រើប្រាស់គ្រឿងញៀននិងអាណាព្យាបាលរបស់អ្នកទៅកម្សាន្តធម្មតា ដើម្បីធ្វើកិច្ចសន្យា និងទទួលយកត្រឡប់ទៅអប់រំវិញ។ លោកបន្តថា សម្រាប់ជនដែលត្រូវបានសង្ស័យថាជាអ្នកជួញដូរ និងចែកចាយចំនួន២៩នាក់ សមត្ថកិច្ចនឹងបន្តនីតិវិធីបញ្ជូនទៅតុលាការ។
លោកមានប្រសាសន៍ថា៖
«អ្នកអត់ជាប់សង្ស័យយើងឲ្យឪពុកម្តាយ ឬក្រុមគ្រួសារ អាណាព្យាបាលមកធ្វើកិច្ចសន្យាយកគាត់ទៅផ្ទះវិញហើយអប់រំណែនាំគាត់។ ហើយដោយឡែកអ្នកជាប់សារធាតុញៀនក៏អញ្ជើញអាណាព្យាបាលមកដែរ តែឲ្យគាត់ធ្វើកិច្ចសន្យាអប់រំ ហើយឲ្យគាត់ធ្វើកិច្ចសន្យាយកទៅបន្សាបព្យាបាល»។
មណ្ឌលកម្សាន្តរ៉ក់ ដែលមានទីតាំងជាប់សាកលវិទ្យាល័យច្បាប់ចម្បងនៅកម្ពុជា ត្រូវបង្កើតឡើងដោយលោក គិត ធាង ជាម្ចាស់ក្លឹប និងត្រូវជាបងប្រុសបង្កើតរបស់អ្នកឧកញ៉ា គិត ម៉េង។
លោកឆាយ គឹមខឿនមិនបានបញ្ជាក់ថា តើអាជ្ញាធរនឹងចាត់វិធានការបែបណាលើលោកគិត ធាងដែលជាម្ចាស់មណ្ឌលកម្សាន្តរ៉ក់នោះទេដោយលោកគ្រាន់តែប្រាប់ថាសមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេត។
លោកបញ្ជាក់ថា៖
«មិនទាន់បកស្រាយជូនដោយសាររឿងកំពុងដំណើរការក្តី មិនទាន់ចេញអី យើងធ្វើផ្ដេសផ្ដាសអាចប៉ះពាល់កិត្តិយសគេ ឬអាចខូចការងារយើង។ យើងកំពុងតែស៊ើបអង្កេត»។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា ករណីបង្ក្រាបគ្រឿងញៀនក្នុងមណ្ឌលកម្សាន្តធំមួយនៃរាជធានីភ្នំពេញនេះ ជាការបង្ហាញថា បញ្ហាគ្រឿងញៀននៅកម្ពុជាកំពុងស្ថិតក្នុងការព្រួយបារម្ភខ្លាំង។ លោកបន្តថា សមត្ថកិច្ចត្រូវស្វែងរកអ្នកពាក់ព័ន្ធធំៗដោយប្រើប្រាស់ច្បាប់ឲ្យបានម៉ឺងម៉ាត់ដោយមិនមានការយោគយល់។
លោកបញ្ជាក់ថា៖
«បើយើងមើលការបង្ក្រាបនៅពេលនេះវាខុសពីមុនៗ យើងឃើញថា នេះវាជាករណីទ្រង់ទ្រាយមួយធំដែលយើងមិនដែលឃើញពីមុនមក។ អញ្ចឹងយើងចង់ឲ្យថា ការបង្ក្រាបនេះធ្វើម៉េចឲ្យវាមានប្រសិទ្ធភាព អញ្ចឹងដើម្បីឲ្យមានប្រសិទ្ធភាពទាល់តែយើងរកអ្នកពាក់ព័ន្ធក្នុងរឿងហ្នឹងទាំងអស់ ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ទី២ត្រូវតែឈានទៅអនុវត្តរបៀបនេះជាបន្តទៀតនៅកន្លែងផ្សេងៗ ដែលជាកន្លែងដែលមានការសង្ស័យជាបន្តបន្ទាប់»។
បើតាមមាត្រា៣៥.២ថ្មីនៃវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ ចំពោះជនណាដែលសម្រួលដោយចេតនាឲ្យជនណាម្នាក់ប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរទោះយកថ្លៃក្តី មិនយកថ្លៃក្តី។ ជននោះគឺជាម្ចាស់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀន ដែលរួមមានម្ចាស់ផ្ទះ ម្ចាស់សណ្ឋាគារ ម្ចាស់ក្លឹបកម្សាន្តជាដើម។
មាត្រា៣៨.១ ថ្មី នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដដែលចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២០ឆ្នាំ ដល់៣០ឆ្នាំ ឬអស់មួយជីវិត និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីសែសិបលានរៀល ដល់មួយរយលានរៀល បើសារធាតុញៀនសម្រាប់ផ្សំគ្រឿងញៀនមានបរិមាណសុទ្ធចាប់ពី១០គីឡូក្រាមឡើងទៅ ក្នុងករណីដែលប្រព្រឹត្តបទល្មើសច្រើនដង មានលក្ខណៈជាមុខរបរ។
មាត្រានេះសំដៅលើជនណាផលិត នាំចូល នាំចេញ ដឹកជញ្ជូន ផ្តល់ឲ្យលក់ ជួញដូរ ចែកចាយ ប្រគល់ឲ្យ ទោះបីក្នុងឋានៈណាក៏ដោយ ផ្ញើទៅឲ្យ បញ្ជូនទិញ ឬរក្សាទុកនូវសារធាតុញៀនក្នុងគោលដៅយកទៅផលិត ឬធ្វើដោយខុសច្បាប់ នូវគ្រឿងញៀន ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬគ្រឿងញៀនដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ឬមួយបានដឹងថា សារធាតុញៀនទាំងនោះនឹងត្រូវប្រើប្រាស់សម្រាប់គោលដៅខាងលើ។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់ថា ក្នុងមួយឆ្នាំពេញនៃឆ្នាំ២០១៨ រដ្ឋាភិបាលបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសបានចំនួនជាង៨ពាន់ករណី(៨.០១៨ករណី) រឹបអូសសារធាតុញៀនគ្រប់ប្រភេទបានចំនួនជាង៥៣៣គីឡូក្រាម និង៣៧០កញ្ចប់កញ្ឆាក្រៀមជាង៧៤គីឡូក្រាម និង១៦.៤៩២៥ដើម។ ឃាត់ខ្លួនមនុស្ស១៦.២៣២នាក់(ស្រី១.៣៤៣នាក់)ក្នុងនោះមានជនបរទេស៣១០នាក់ ត្រូវនឹង២៤សញ្ជាតិ៕