អាជ្ញាធរប៉ូលិសរាជធានីភ្នំពេញបានឃាត់និងនាំខ្លួនលោកឧកញ៉ាគិត ធាង ម្ចាស់ក្លឹបកម្សាន្តរ៉ុក ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនទៅតាមដីការបស់តុលាការ ឬសាលាដំបូងរាជធានីភ្នំពេញ»។ នេះបើតាមការបញ្ជាក់របស់នាយប៉ូលិសកម្ពុជានៅថ្ងៃច័ន្ទនេះ។
លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ប្រាប់វីអូអេថា៖
«ល្ងាចមិញនេះស្នងការភ្នំពេញបានអនុវត្តដីកានាំខ្លួនរបស់តុលាការ ឧកញ៉ា គិត ធាង ហ្នឹងមកដើម្បីសាកសួរ នៅស្នងការភ្នំពេញ។ ល្ងាចមិញហ្នឹងកំពុងធ្វើការជាមួយខាងស្នងការភ្នំពេញ ជាមួយខាងតុលាការខាងភាគីចៅក្រមកំពុងសាកសួរ»។
ការឃាត់ខ្លួននេះធ្វើឡើងតែប៉ុន្មានម៉ោងក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចស្វែងរកចាប់មេខ្លោង និងអ្នកពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀនជិត៥០គីឡូក្រាម ដែលបង្ក្រាបបានកាលពីចុងខែកុម្ភៈ នៅក្លឹបកម្សាន្តមួយចំកណ្តាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចប៉ូលិសបានបង្ក្រាបបទល្មើសគ្រឿងញៀន នៅមណ្ឌលកម្សាន្តរ៉ុក ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក ជាង៩គីឡូក្រាម។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យប្រមាណជា១០នាក់ទៅតុលាការ ដើម្បីបន្តនីតិវិធីស៊ើបអង្កេត។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៅរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តីថ្លែងថា លោកភ្ញាក់ផ្អើលចំពោះការរកឃើញគ្រឿងញៀនដ៏ធំនេះនៅក្លឹបកម្សាន្តរ៉ុក ដែលមានទីតាំងជាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។
លោកហ៊ុន សែន បញ្ជាក់ថា៖ «ក្បែរសាលា ស្រាប់តែមានកន្លែងគ្រឿងញៀនមិនមែនតូចនៅកន្លែងនេះ ដូច្នេះសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងបន្តចាត់វិធានការលើបញ្ហានេះបូក ជាមួយការដំណើរការក្តីរបស់តុលាការ ត្រូវតែម៉ឺងម៉ាត់ ជាមួយនឹងការមិនវិលត្រឡប់នៃអំពើពាលាអាវ៉ាសែ សម្រាប់កន្លែងមួយនេះ ដែលត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរ ហើយស្វែងរកឱ្យដល់ទីជម្រៅ នូវមេខ្លោងរបស់វានៅកន្លែងណា?»។
មណ្ឌលកម្សាន្តរ៉ក់ ដែលមានទីតាំងជាប់សាកលវិទ្យាល័យច្បាប់ចម្បងនៅកម្ពុជានោះ បានចុះបញ្ជីផ្លូវការនៅក្រសួងពាណិជ្ជកម្មដោយមានលោក គិត ធាង ជាម្ចាស់ និងមានឈ្មោះថា «រ៉ុក អ៊ិនធើធេនមេន សិនធើ» ជាប្រភេទក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត។
លោក គិត ធាង គឺជាបងប្រុសបង្កើតរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកមានលំដាប់ខ្ពស់មួយរូបនៅកម្ពុជា និងជាប្រធានក្រុមហ៊ុន Royal Group ដែលបានបោះទុនវិនិយោគលើវិស័យជាច្រើន មានទាំងវិស័យទូរគមនាគមន៍ សេវាកម្ម និងអចលនទ្រព្យ។
ក្រោយការបង្ក្រាបបានតែប៉ុន្មានថ្ងៃ គេឃើញរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកដោយបញ្ជាក់ថា លោក គិត ម៉េង មិនមានពាក់ព័ន្ធនឹងករណីគ្រឿងញៀនរាប់សិបគីឡូនោះទេ។ លោកបានអះអាងអំពីមូលហេតុនៃការបង្ហោះសារបែបនោះ ថាដោយសារមានការលើកឡើងថា លោក គិត ម៉េង មានជាប់ពាក់ព័ន្ធនឹងករណីនេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា សមត្ថកិច្ចរកឃើញតម្រុយអំពីមេខ្លោងក្នុងករណីគ្រឿងញៀននោះហើយ ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយលម្អិត ដោយគ្រាន់តែប្រាប់ថា រង់ចាំការស៊ើបអង្កេតបន្ត។
លោកមានប្រសាសន៍ថា៖ «យើងមានតម្រុយ មានទាំងឯកសារអីដែរ ក៏ប៉ុន្តែសុំដោយសារបញ្ហានេះជាសមត្ថកិច្ចរបស់អ្នកដែលមានភារកិច្ចទេ»។
ចំណែកលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានតាមរយៈបណ្តាញសង្គមតេឡេក្រាមយ៉ាងខ្លីតាមន័យដើមថា៖ «តុលាការកំពុងបន្តចំណាត់ការស៊ើបសួរ»។
បើតាមមាត្រា៣៥.២ថ្មីនៃវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ ចំពោះជនណាដែលសម្រួលដោយចេតនាឲ្យជនណាម្នាក់ប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរទោះយកថ្លៃក្តី មិនយកថ្លៃក្តី។ ជននោះគឺជាម្ចាស់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀន ដែលរួមមានម្ចាស់ផ្ទះ ម្ចាស់សណ្ឋាគារ ម្ចាស់ក្លឹបកម្សាន្តជាដើម។
មាត្រា៣៨.១ ថ្មីនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដដែលចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២០ឆ្នាំ ដល់៣០ឆ្នាំ ឬអស់មួយជីវិត និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីសែសិបលានរៀល ដល់មួយរយលានរៀល បើសារធាតុញៀនសម្រាប់ផ្សំគ្រឿងញៀនមានបរិមាណសុទ្ធចាប់ពី១០គីឡូក្រាមឡើងទៅ ក្នុងករណីដែលប្រព្រឹត្តបទល្មើសច្រើនដង មានលក្ខណៈជាមុខរបរ។
មាត្រានេះសំដៅលើជនណាផលិត នាំចូល នាំចេញ ដឹកជញ្ជូន ផ្តល់ឲ្យលក់ ជួញដូរ ចែកចាយ ប្រគល់ឲ្យ ទោះបីក្នុងឋានៈណាក៏ដោយ ផ្ញើទៅឲ្យ បញ្ជូនទិញ ឬរក្សាទុកនូវសារធាតុញៀនក្នុងគោលដៅយកទៅផលិត ឬធ្វើដោយខុសច្បាប់ នូវគ្រឿងញៀន ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬគ្រឿងញៀនដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ឬមួយបានដឹងថា សារធាតុញៀនទាំងនោះនឹងត្រូវប្រើប្រាស់សម្រាប់គោលដៅខាងលើ។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា ករណីគ្រឿងញៀនដ៏ធំមួយនេះ នឹងអាចរកឃើញមេខ្លោង លុះត្រាតែសមត្ថកិច្ចមានឆន្ទៈក្នុងការចាប់ខ្លួនមេខ្លោងពិតប្រាកដយកមកផ្តន្ទាទោសដើម្បីបម្រើប្រយោជន៍សាធារណៈ។
លោកបញ្ជាក់ថា៖ « នៅពេលដែលការធ្វើការដើម្បីផលប្រយោជន៍រួម ផលប្រយោជន៍សាធារណៈ បានន័យថាជាការជួយទៅដល់សហគមន៍ ជួយដល់ក្រុមយុវជន កុំឲ្យពួកគេជួបប្រទះនូវបញ្ហាគ្រឿងញៀននេះ ខ្ញុំយល់ថា វានឹងអាចមានការអនុវត្តច្បាប់ពិតប្រាកដបាន ហើយនិងរកឃើញមេខ្លោងពិតប្រាកដបាន ដរាបណាជាការប្រឹងប្រែងរួម ហើយនិងជាការចូលរួមចំណែកពីថ្នាក់ដឹកនាំកម្រិតនយោបាយដូចជាសម្តេច ហ៊ុន សែន ហ្នឹង»។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់ថា ក្នុងមួយឆ្នាំពេញនៃឆ្នាំ២០១៨ រដ្ឋាភិបាលបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសបានចំនួនជាង៨ពាន់ករណី រឹបអូសសារធាតុញៀនគ្រប់ប្រភេទបានចំនួនជាង៥៣៣គីឡូក្រាម និងឃាត់ខ្លួនមនុស្ស១៦,២៣២នាក់៕