ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ស ខេង​ ថ្លែង​ការពារ​ឧកញ៉ា​ គិត ម៉េង ក្នុង​ករណី​គ្រឿងញៀន​នៅ​មណ្ឌល​កម្សាន្ត​ Rock


រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​ ភ្នំពេញ ​ថ្ងៃ​សុក្រ​ ទី​១៩ ខែសីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​ ភ្នំពេញ ​ថ្ងៃ​សុក្រ​ ទី​១៩ ខែសីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)

លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ដោយ​ប្រកាស​ថា​​​លោក ​គិត ម៉េង​ ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ មិន​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀនក្នុង​ក្លឹប​កម្សាន្ត​រ៉ក់ ​(Rock)​ ដែល​មាន​បងប្រុស​បង្កើត​របស់​អ្នក​ឧកញ៉ា​ គិត ម៉េង​ ជា​ម្ចាស់​ក្លឹប​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​លោក​ ស ខេង​ ប្រកាស​ថា​ ករណី​បង្ក្រាប​គ្រឿង​ញៀន​ជិត​៥០​គីឡូ ក្នុង​មណ្ឌល​កម្សាន្ត​រ៉ក់ ​(Rock)​ កាលពី​ថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ​នេះ ​មិន​មាន​ពាក់ព័ន្ធ​នឹង​អ្នក​ឧកញ៉ា ​គិត ម៉េង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់ម្ចាស់​ក្លឹប​កម្សាន្ត​នោះ​ទេ។

កាល​ពី​ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​២៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៩​ សមត្ថកិច្ច​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនីវង្ស​ ​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ​រាជធានី​ភ្នំពេញ​ ​ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​៣១១​នាក់​ ​ដកហូត​បាន​គ្រឿង​ញៀន​ជាង​ ​៣៩​គីឡូក្រាម​ ​និង​សារធាតុ​ញៀន​ជា​ទឹកជាង​៩គីឡូក្រាម។​

ក្រោយ​ការ​បង្ក្រាប​ និង​បិទ​មណ្ឌល​កម្សាន្ត​នោះ​ លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នា​ល្ងាច​ថ្ងៃ​ពុធ​ ដោយ​បាន​កោត​សរសើរស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ដ៏​ធំ​នោះ។

លោក​សរសេរ​បន្ថែម​ក្នុង​សារ​នោះ​តាម​ន័យ​ដើម​ថា៖​

«បន្ទាប់​ពី​ការ​បង្ក្រាប​ដោយ​ជោគជ័យ​របស់​កង​កម្លាំង​នគរបាល​លើ​ករណី​នេះ​ ក៏​បាន​កើត​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ករណី​បទល្មើស​គ្រឿង​ញៀន​នេះ​មាន​ការ​ពាក់ព័ន្ធ​នឹង​បុគ្គល​ផ្សេងៗ​ ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ​ជម្រាប​ជូន​សាធារណជន ​និង​ប្រជា​ពលរដ្ឋ​ទាំងអស់​ជ្រាប​ថា​តាមរយៈ​ការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុកដាក់ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​អ្នក​ឧកញ៉ា​ គិត ម៉េង​ ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ នោះ​ទេ»។

នាយ​ឧត្ដម​សេនីយ៍​ ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ VOA​ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មូលហេតុ​ដែល​លោក​ ស ខេង​ ប្រកាស​ថា​លោក គិត ម៉េង​ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ក្លឹប​កម្សាន្ត​រ៉ក់​នោះ​ គឺ​ដោយ​សារ​លោក​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ ក្រោយ​មាន​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៅ​លើ​បុគ្គល​មួយ​ចំនួន​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖

«បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ប្រតិបត្តិការ​ហ្នឹង ​វា​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​ករណី​នេះ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​នេះ ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​នោះ​អី​អញ្ចឹង​ទៅ។ ​ពាក់ព័ន្ធ​នឹង​ គិត ធាង​ ផង​ពាក់ព័ន្ធ​នឹង​ គិត ម៉េង ផង​ ពាក់ព័ន្ធ​ហ្នឹង​អ្នកណា​ផង​អញ្ចឹង​ទៅ។​ ប៉ុន្តែ​លោក​ក៏​យក​ឱកាស​ហ្នឹង ​ដើម្បី​ជម្រាប​ជូន​សាធារណជន​ ចំពោះ​ឧកញ៉ា​ គិត ម៉េង​ ហ្នឹង​អត់​មាន​ពាក់ព័ន្ធ​ទេ​ រក​មិន​ឃើញ​មាន​សញ្ញា​ ឬ​ក៏​ព័ត៌មាន ឬ​ក៏​ភស្តុតាង​ណាមួយ​ថា​មាន​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ គិត ម៉េង​ ទេ​ដោយសារ​ការ​ស្រាវជ្រាវ​របស់​សមត្ថ​កិច្ច​របស់​យើង»។

យ៉ាងណា​ក្តី​ លោកថា​លោក​មិន​បាន​ដឹង​ថា​តើ​នរណា​ជា​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក់​ពិត​ប្រាកដ​នោះ​ទេ​ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា​ សមត្ថកិច្ច​កំពុង​បន្ត​ការ​ស៊ើប​អង្កេត។

លោក​មាន​ប្រសាសន៍​ថា៖​

«តាម​ដំណឹង​ថា​ជា​របស់​ឧកញ៉ា គិត ធាង។​ ឧកញ៉ា​ គិត ធាង​ លោក​ជួល​ឲ្យ​នរណា​ប៉ុន្មាន​បន្ត​ទៀត​ យើង​ក៏​មិន​ទាន់​ដឹង​ថាម៉េច​ដែរ។​ អញ្ចឹង​បាន​ថា ទី​១​ ចំពោះ​ឧកញ៉ា ​គិត ម៉េង ​អត់​មាន​ពាក់ព័ន្ធ ចំពោះ​អី​ទៀត​យើង​កំពុង​រក​បន្ត​ទៀត​ហើយ​យើង​បញ្ជូន​សមត្ថកិច្ច​យើង បញ្ជូន​ភស្តុតាងអី​ហ្នឹង​ទៅ​តុលាការ​ ហើយ​នៅ​ប៉ុន្មាន​យើង​នឹង​ស្រាវជ្រាវ។​ និយាយ​រួម​ រក​ឲ្យ​ហ្មត់​ចត់មែនទែន​ ឲ្យ​ច្បាស់​លាស់​មែន​ទែន វា​មិន​ទាន់​ដល់​លទ្ធផល​ចុង​ក្រោយ​ទេ»។

មណ្ឌល​កម្សាន្ត​រ៉ក់​ មាន​ទីតាំង​ជាប់​សាកល​វិទ្យាល័យ​ច្បាប់ដ៏​ធំ​មួយ​នៅ​កម្ពុជា។ មណ្ឌល​កម្សាន្ត​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ គិត ធាង​ ជា​ម្ចាស់​ក្លឹប ​និង​ត្រូវ​ជា​បងប្រុស​បង្កើត​របស់​អ្នក​ឧកញ៉ា​ គិត ម៉េង។

ក្រោយ​ការ​បង្ក្រាប​បាន​គ្រឿង​ញៀន​ដ៏​ធំ​ក្នុង​ក្លឹប​កម្សាន្ត​ល្បី​មួយ​ទាំង​កណ្ដាល​រាជធានី​ភ្នំពេញ​ គេ​ឃើញ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​ចោទ​ជា​សំណួរ​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​ម្ចាស់​ក្លឹប​កម្សាន្ត​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​នេះ។

VOA ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពីលោក​ គិត ធាង​ និង​លោក​ គិត ម៉េង​ តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​ VOA ​ធ្លាប់​បាន​ទាក់ទង​កន្លង​មក ​ប៉ុន្តែ​អ្នក​ឆ្លើយ​ពី​ខ្សែ​ម្ខាង​ទៀត​ទាំង​ពីរ​ សុទ្ធ​តែ​ឆ្លើយ​ថា​ ច្រឡំ​លេខ។

មាត្រា​៣៥.២​ថ្មី​នៃ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ចែង​ថា ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ ​ចំពោះ​ជន​ណា​ដែល​សម្រួល​ដោយ​ចេតនា​ឲ្យ​ជន​ណា​ម្នាក់​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​គ្រឿងញៀន​ ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទោះ​យក​ថ្លៃ​ក្ដី​ ​មិន​យក​ថ្លៃ​ក្ដី។​ ជន​នោះ​គឺជា​ម្ចាស់​ទីតាំង​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន ​ដែល​រួមមាន​ម្ចាស់​ផ្ទះ​ ​ម្ចាស់​សណ្ឋាគារ ម្ចាស់​ក្លឹប​កម្សាន្ត​ជាដើម។​

​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បញ្ជាក់​ថា​ ក្នុង​មួយ​ឆ្នាំ​ពេញ​នៃ​ឆ្នាំ​២០១៨​ ​រដ្ឋាភិបាល​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង​៨​ពាន់​ករណី(៨.០១៨​ករណី)​ រឹប​អូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង​៥៣៣​គីឡូក្រាម​ និង​៣៧០​កញ្ចប់​កញ្ឆា​ក្រៀម​ជាង​៧៤​គីឡូ​ក្រាម​ ​និង​១៦.៤៩២៥​ដើម ព្រម​ទាំងឃាត់​ខ្លួន​មនុស្ស​១៦.២៣២​នាក់​ (ស្រី​១.៣៤៣​នាក់)​ ក្នុង​នោះ​មាន​ជន​បរទេស​៣១០​នាក់​ ត្រូវ​នឹង​២៤​សញ្ជាតិ៕

XS
SM
MD
LG