ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្ម​ជន​ដីធ្លី​ខេត្ត​កោះ​កុង​​២​នាក់​ត្រូវ​បាន​ដោះ​លែង​​ឱ្យ​នៅក្រៅ​ឃុំ ក្រោយ​ជាប់​ពន្ធនា​គារ​ជាង​៣​ខែ


រូបឯកសារ៖ អ្នកស្រី​ផាវ ញ៉ឺង​ តំណាង​សហគមន៍មាន​ជម្លោះ​​ដី​ធ្លីមកពី​​​​ខេត្ត​កោះកុង និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ​បន្ទាប់ពី​ដាក់​ញត្តិ​ជូន​រដ្ឋ​សភា​ជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​​​ នៅ​ភ្នំពេញ កាលពីខែ​សីហា ឆ្នាំ​២០១៦។
រូបឯកសារ៖ អ្នកស្រី​ផាវ ញ៉ឺង​ តំណាង​សហគមន៍មាន​ជម្លោះ​​ដី​ធ្លីមកពី​​​​ខេត្ត​កោះកុង និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ​បន្ទាប់ពី​ដាក់​ញត្តិ​ជូន​រដ្ឋ​សភា​ជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​​​ នៅ​ភ្នំពេញ កាលពីខែ​សីហា ឆ្នាំ​២០១៦។

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្រេច​ឱ្យ​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​ចំនួន​២​នាក់​ ​ស្ថិត​នៅ​ក្រៅ​ឃុំជាបណ្តោះ​អាសន្ន ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ ​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់​និង​បរិហា​កេរ្តិ៍»​ ពាក់​ព័ន្ធនឹង​ការ​តវ៉ានៅ​ខាង​មុខ​ក្រសួង​ដែន​ដី ​ដើម្បី​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ក្នុង​សហគមន៍ កាលពី​ឆ្នាំ​២០១៩។ ​នេះ​បើ​តាម​ក្រុម​គ្រួសារ​ និង​ប្រជា​សហគមន៍។

​សកម្មជន​ដីធ្លី​ទាំង​២​នាក់​នោះ​ រួម​មាន​អ្នកស្រី​ ​ផាវ ញ៉ើង និងអ្នកស្រី សេង លីន ដែល​ធ្លាប់​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ និង​ឥទ្ធិពល​ក្នុង​ខេត្ត​កោះកុង​ គឺ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​លី យ៉ុងផាត់​ និង​លោក ​ហេង ហ៊ុយ ​ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រីជាន់​ខ្ពស់​មួយ​រូបនៅ​ក្រសួង​មហាផ្ទៃ​ និង​អ្នក​ជំនួញ​ល្បី​ឈ្មោះ​មួយ​រូប​ផង​ដែរ។​

​កូន​ប្រុស​របស់​អ្នក​ស្រី ​ផាវ ញ៉ើង​ គឺ​លោក ​ហង់ វាសនា ដែល​បាន​ចូល​ស្តាប់​សវនាការ​ សាទរ​ចំពោះ​ការ​សម្រេច​របស់​ចៅ​ក្រម​នៃសាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ ​ដែល​បាន​អនុញ្ញាត​ឱ្យម្តាយ​របស់​លោក ​គឺអ្នក​ស្រី ​ផាវ ញ៉ើង និង​សកម្មជន​ដីធ្លី​ម្នាក់​គឺ​អ្នក​ស្រី ​សេង លីន ​បានស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

​លោក​បាន​ប្រាប់​វីអូអេ​ថា ការ​ដោះ​លែង​នេ​ ធ្វើ​ឡើង ​បន្ទាប់​ពី​តុលាការ​បាន​មើល​ឃើញ​ពី​ស្ថាន​ភាពលំបាក​របស់​ម្តាយ​គាត់​ដែល​មាន​ជំងឺ​ជាប់​ខ្លួន​ និង​ប្អូន​ប្រុស​របស់​គាត់ដែល​មាន​អាយុ​១៧​ខែ​ ក៏​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​តាំង​ពី​ខែមិថុនា​មក។​ ​លោក​យល់​ថា ​ការ​ឃុំ​ខ្លួន​ម្តាយ​ និង​ប្អូន​ប្រុស​របស់​គាត់​គឺ​ជា​រឿង​ ​«អយុត្តិធម៌»។ លោក​បាន​ស្នើឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​រឿង​វិវាទដីធ្លីរបស់​ប្រជា​សហគមន៍​ដែល​នៅ​សេស​សល់​ឱ្យ​បាន​ឆាប់។

លោក ​ហង់ វាសនា បានថ្លែងថា៖ «ការ​ស្នើ​សុំ​របស់​គាត់ ​យោង​លើ​ហេតុ​ផល​មួយ​ចំនួន​ ​ទី ១ ពាក់​ព័ន្ធ​គាត់​មាន​អសយ​ដ្ឋាន​អចិន្ត្រៃយ៍​ពិត​ប្រាកដ។ ​ទី ២ ពាក់ព័ន្ធ​ម្តាយ​របស់​ខ្ញុំ​មាន​ប្អូន​តូច​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ជាមួយ​ដែល​បង្កជា​ផល​លំបាក​ក្នុង​ការ​ទទួល​ទោស។ ទី ៣ ពាក់​ព័ន្ធ​លទ្ធភាព​គ្រួសារ​ក្នុង​ការ​រស់​នៅ ជាពិសេស​ប្អូនៗ​ខ្ញុំដែល​នៅ​តូចៗ​នៅ​ខាង​ក្រៅ ដែល​បាត់​បង់​ភាព​កក់​ក្តៅ​ត្រូវ​ការ​ម្តាយ​អ៊ីចឹង​ទៅ។ ទី ៤ ពាក់​ព័ន្ធ​នឹង​ម្តាយ​ខ្ញុំ​មាន​ជំងឺ​ដែល​ទើប​តែព្យាបាល ​ហើយ​ខាង​មេធាវី​ក៏​បាន​បង្ហាញ​ទៅ​លើ​ឯកសារ​ ពាក់​ព័ន្ធ​ការ​តម្រូវ​ការ​ព្យាបាល​ផ្សេងៗ​ទៅ។ អ៊ីចឹង​ទៅ​បន្ទាប់​ពី​តុលាការ​បាន​ស្តាប់​ចម្លើយ​ទាំង​អស់​ហ្នឹង​ហើយ គេ​វិនិច្ឆ័យ​ឱ្យគាត់​ហ្នឹង​នៅ​ក្រៅឃុំ​ ក្រោយ​ពី​គាត់​ជំនុំ​គ្នាហើយ»។

សកម្មជន​ដីធ្លី​ចំនួន​៩​នាក់​ដែល​រួម​មាន​អ្នកស្រី​ ​ផាវ ញ៉ើង​ អ្នកស្រី សេង លីន ជាដើម ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចាប់​ខ្លួន​ ​កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា​ឆ្នាំ​២០២៣​ ​ត្រង់​ចំណុច​ប៉ុស្តិ៍​អូរជ្រៅ ​ភូមិ​អូរជ្រៅ ​ស្រុក​ស្រែអំបិល ​ខេត្ត​កោះកុង ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​កោះ​កុង​ឡើង​មក​រាជធានី​ភ្នំពេញ ​ដើម្បី​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្មជន​ដីធ្លី​ចំនួន​ ៣០​នាក់ ​ដែល​តុលាការ​ខេត្ត​បាន​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី។​

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កោះកុង​ លោក ​វ៉ៃ ភីរម្យ ​បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក​ យូ ទិត្យវឌ្ឍនៈ ​អគ្គ​ព្រះរាជ​អាជ្ញារង​នៃ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ ​ និង​លោក ​លឹម ស៊ីណាត ​អគ្គ​លេខាធិការ​រដ្ឋបាល​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ ​បាន​នៅ​ឡើយ​ដែរ។

​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​ម្នាក់ទៀត​ គឺ​អ្នកស្រី ​យី គន្ធា អាយុ៣៦​ឆ្នាំ​ ដែលធ្លាប់ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន តែ​ដោះ​លែង​វិញ​ក្នុង​សំណុំ​រឿង​ស្រដៀង​គ្នា​នឹងអ្នក​ស្រី ​ផាវ ញ៉ើង និង​អ្នកស្រី​ សេង លីន ​បាន​សម្តែង​ការត្រេក​អរ​ចំពោះ​ដំណឹង​នៃការ​ដោះ​លែង​ សហការី​របស់​អ្នក​ស្រី​ដែល​ធ្លាប់​ចូល​រួម​តវ៉ា​ជាមួយ​គ្នា​ដើម្បី​ជំទាស់​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​កន្លង​មក។

​ទោះ​យ៉ាង​ណា ​អ្នក​ស្រី​បាន​ទាម​ទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ប្រកាន់​លើ​ប្រជា​សហគមន៍​ដីធ្លី​ខេត្ត​កោះកុង​ទាំង​អស់ ​និង​បាន​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ ចេញ​ប្លង់កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជា​សហគមន៍ ​ដែល​នៅ​សេស​សល់ចំនួន​ ១៥​គ្រួសារ​ទៀត​ ឱ្យ​បាន​ត្រឹម​ត្រូវ ដើម្បីបញ្ចប់​វិវាទដីធ្លី។

អ្នកស្រី​ យី គន្ធា​ ដែល​នៅ​បន្តជាប់​ចោទ​ពី​បទ​ញុះញង់ផង​ដែរ​នោះ បាន​បន្ថែម​ថា​ ការ​ចោទ​ប្រកាន់​ប្រជា​សហគមន៍​កន្លង​មក ​គឺជា​រឿង​អយុត្តិ​ធម៌ និង​ជា​ការ​ដាក់​គំនាប​ ទាំង​ផ្លូវ​ចិត្ត ​និងសេដ្ឋកិច្ច​ ព្រោះ​ប្រជា​សហគមន៏ ​មិន​អាច​ចេញទៅ​ធ្វើការ​ ឬ​រក​ស៊ី​ទៅ​ឆ្ងាយ​បាន​ ដោយ​សារ​ជាប់​បម្រាម​របស់​តុលាការ។​

​អ្នកស្រីប្រាប់វីអូអេថា៖ ​«ពួក​ខ្ញុំ​គ្រាន់​តែ​និយាយ​រឿង​ពិត​ខ្លួន​ឯង​សោះ​បែរ​ជា​មាន​កំហុស​ទៅវិញ។ ហើយ​ពេល​ដែល​យើង​ដើរ​ទៅ​ណា យើង​មាន​អ្នក​តាម​ដាន​ តាម​អី​មែន​ទែន អ៊ីចឹងមើល​ទៅ​វា​អយុត្តិធម៌ និង​រំលោភ​សិទ្ធិ​មែន​ទែន។ បង​មិន​សប្បាយ​ចិត្ត​នូវ​ការ​ធ្វើ​របៀប​នេះ​ទេ​»។

​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ​លោក​ ស៊ឹង សែនករុណា ប្រាប់​វីអូអេ​ថា​ ​កន្លង​មក​ អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជាលោក​ ហ៊ុន សែន​ មិន​ឱ្យ​អាជ្ញាធរ​ប្រើ​ប្រាស់វិធាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ ពាក់​ព័ន្ធ​វិវាទ​ដីធ្លី​នោះ​ទេ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា តុលាការតែង​តែ​ចោទ​ប្រកាន់​ប្រជា​សហគមន៍​ដីធ្លីជា​ហូរ​ហែ។

​បើ​តាម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូបនេះ អាជ្ញាធរត្រូវ​តែ​ដោះស្រាយ​បញ្ហា​ដីធ្លី​សម្រាប់​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធិភាព​។ ដោយ​ឡែក​ចំពោះ​ករណី​សកម្ម​ជន​ដីធ្លី​ខេត្ត​កោះ​កុង លោក​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​និង​តុលាការ​ សិក្សា​រក​ឬសគល់ឱ្យ​បាន​ច្បាស់ និង​ទម្លាក់​បទ​ចោទ​ប្រកាន់ ដែល​តុលាការ​ខេត្ត​កោះ​កុងចោទ​លើ​ពួក​គេ​ផង​ដែរ។

គួរ​បញ្ជាក់​ថា​ ​ពល​រដ្ឋ​ចំនួន​ប្រមាណ​ ១៩៧​ គ្រួសារ​ មក​ពី​ឃុំ​ជីខលើ ​និង​ជីខក្រោម ​ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង ​តែង​តែ​មក​តវ៉ា​ជា​បន្ត​បន្ទាប់​ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ក្រសួង​រៀប​ចំ​ដែនដី ​នគ​រូបនីយ​កម្ម ​និង​សំណង់ ​និង​ក្រសួង​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត ​ឱ្យ​ជួយ​ដោះ​ស្រាយវិវាទ​ដីធ្លី​របស់​ពួក​គេ។​ ពួក​គេ​ថា ទំនាស់​បាន​ផ្តើម​ចេញ​ពី​ការ​រំលោភ​បំពាន​ពី​សំណាក់ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា​ ហេង ​ហ៊ុយ​ ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៧៕

XS
SM
MD
LG