ប្រជាសហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានស្នើសាលាឧទ្ធរណ៍រាជធានីភ្នំពេញឱ្យទម្លាក់ចោលបទចោទប្រកាន់លើពួកគេ ក្នុងសំណុំរឿងជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយារដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម។ ពួកគេរងការប្តឹងផ្តល់ពីក្រុមហ៊ុន ហើយតុលាការចោទប្រកាន់ពួកគេ ប្រមាណ ១០ ឆ្នាំមកហើយ។
ការស្នើរបស់ប្រជាសហគមន៍ឡពាង ធ្វើឡើងស្របពេលដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងប្តឹងទាស់ចំពោះការមិនសុខចិត្តនឹងសាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារចំនួន ២ ឆ្នាំ។
អ្នកស្រី អ៊ុំ សុភី គឺជាប្រជាសហគមន៍ឡពាងម្នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ និងកោះហៅឱ្យចូលសវនាការនៅចុងខែសីហានេះ។ អ្នកស្រីបញ្ជាក់ថា ប្រជាសហគមន៍ និងអ្នកស្រីបានប្តឹងទាស់ទៅសាលាឧទ្ធរណ៍កាលពីឆ្នាំ ២០២១ ដោយមិនសុខចិត្តចំពោះការចោទប្រកាន់ ព្រោះប្រជាសហគមន៍មិនបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ឬញុះញង់អ្វីនោះទេ។ ដូច្នេះអ្នកស្រីស្នើសុំសាលាឧទ្ធរណ៍ភ្នំពេញឱ្យទម្លាក់បទចោទប្រកាន់ដល់ប្រជាសហគមន៍ និងដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន KDC ឱ្យបានឆាប់ចប់។
បើតាមអ្នកស្រី អ៊ុំ សុភី ការចោទប្រកាន់អ្នកស្រី និងប្រជាសហគមន៍ផ្សេងទៀត គ្រាន់តែការពារដីស្រែចម្ការផ្ទាល់ខ្លួន ប៉ុន្តែបែរជាក្រុមហ៊ុន KDC ប្តឹងប្រជាសហគមន៍ និងត្រូវបានតុលាការចោទប្រកាន់បែបនេះ គឺជារឿងអយុត្តិធម៌មួយ។
អ្នកស្រីប្រាប់វីអូអេ៖ «សម្រាប់ខ្ញុំ បើថ្ងៃ ៣០ ខែសីហា ខ្ញុំចូលទៅសវនាការហ្នឹង គឺខ្ញុំសូមឱ្យតុលាការទម្លាក់ការចោទប្រកាន់សម្រាប់ខ្ញុំ និងអ្នកភូមិផ្សេងទៀតផង ហើយស្វែងរកយុត្តិធម៌ឱ្យពួកខ្ញុំផង ព្រោះរឿងនេះ វាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ។ ហើយខ្ញុំអត់បានធ្វើអីសោះ បែរជាចោទខ្ញុំថាញុះញង់គេ»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ប្រាប់វីអូអេថា សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការជំនុំជម្រះសំណុំរឿងរបស់ប្រជាសហគមន៍ឡពាង ដែលមានអ្នកស្រី អ៊ុំ សុភី លោក ផេង រ៉ុម និងលោក ញ៉ឹម ញ៉េន ហៅ រាជ សីម៉ា នៅថ្ងៃទី ៣០ ខែសីហាខាងមុខនេះ។
បើតាមដីកាកោះរបស់សាលាឧទ្ធរណ៍ភ្នំពេញចំនួន ៣ ច្បាប់ ចុះថ្ងៃទី ២៨ ខែកក្កដា ដែលវីអូអេទទួលបាន សាលាឧទ្ធរណ៍ភ្នំពេញបានកោះហៅអ្នកស្រី អ៊ុំ សុភី លោក ផេង រ៉ុម និងលោក ញ៉ឹម ញ៉េន ហៅ រាជ សីម៉ា ឱ្យចូលសវនាការជំនុំជម្រះពីបទ «ធ្វើឱ្យខូចខាតដោយចេតនា ញុះញង់ឱ្យប្រព្រឹត្តបទល្មើស និងប្រើប្រាស់ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ដែលបានប្រព្រឹត្តនៅចំណុចវាលប៉ារាម ភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១២។
ប្រជាសហគមន៍ឡពាងម្នាក់ទៀត គឺលោក រាជ សីម៉ា ដែលធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងទៅចូលរួមសវនាការនៅចុងខែសីហានេះ។
លោកថ្លែងថា៖ «ខ្ញុំនឹងចូលរួមទៅសាលាឧទ្ធរណ៍ ដើម្បីចង់ដឹង ហើយចង់ឃើញថាប្រព័ន្ធយុត្តិធម៌ វាមានយុត្តិធម៌សម្រាប់អ្នកក្រីក្រអត់»។
លោក រាជ សីម៉ា ជំរុញឱ្យតុលាការទម្លាក់បទចោទប្រកាន់លើប្រជាសហគមន៍ឡពាង និងដោះស្រាយជម្លោះដីធ្លីនេះឱ្យបានឆាប់ចប់។ លោកក៏ចង់ឱ្យរដ្ឋាភិបាលអាណត្តិថ្មីដោះស្រាយបញ្ហាដីធ្លីរបស់សហគមន៍ឡពាងផងដែរ។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលថ្មីជួយជំរុញតុលាការ ដើម្បីដោះស្រាយរឿងឡពាងឱ្យចប់ ដើម្បីកុំឱ្យមានជម្លោះរុំាំរ៉ៃបន្តទៀត ដើម្បីឱ្យគាត់មានជីវភាពធូរធារបន្តិចទៅ ព្រោះងាករឿងក្តីនេះ ងាករឿងក្តីនោះ គឺគាត់អត់បានធ្វើអីទេ។ រាល់ថ្ងៃហ្នឹង គាត់ជីកជន្លេនផង ចាប់កង្កែបផង កាប់គ្រាប់ត្នោតលក់ដើម្បីចិញ្ចឹមជីវិត ដើម្បីយកលុយមកតុលាការហ្នឹង»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ជំរុញឱ្យតុលាការពិនិត្យដើមហេតុនៃការចោទប្រកាន់ប្រជាសហគមន៍ឡពាងដែលពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុន KDC ឱ្យបានច្បាស់ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋ។
លោកប្រាប់វីអូអេថា៖ «យើងក៏ចង់ឃើញអំពីចំណាត់ការរបស់តុលាការ ដើម្បីស្វែងរកយុត្តិធម៌ជូនទៅដល់សហគមន៍ផងដែរ ទៅដល់ប្រជាពលរដ្ឋផងដែរ មិនមែនតែការចាត់វិធានការ ចោទប្រកាន់ ឬដាក់ទោសទណ្ឌទៅដល់សហគមន៍ទេ គួរតែពិនិត្យអំពីសារបាន ឬមូលដ្ឋាននៃអង្គហេតុហ្នឹងឱ្យបានច្បាស់លាស់ ដើម្បីផ្តល់យុត្តិធម៌ដល់ភាគី»។
លោកកត់សម្គាល់ថា ជារឿយៗក្នុងករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយអ្នកមានឥទ្ធិពល ឬអ្នកមានអំណាចទឹកលុយ គឺតែងតែអូសបន្លាយពេលវេលាយូរ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងធ្វើឱ្យជីវភាពកាន់តែក្រលំបាក។ ដូច្នេះលោកចង់ឃើញអាជ្ញាធរពាក់ព័ន្ធដោះស្រាយវិវាទដីធ្លីឱ្យបានល្អប្រសើរ ដើម្បីអាចឱ្យប្រជាពលរដ្ឋប្រើប្រាស់ដីធ្លីទាំងនោះក្នុងការប្រកបរបរដាំដុះ និងរកចំណូលចិញ្ចឹមជីវិត។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ KDC របស់អ្នកស្រី ជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាំងពីឆ្នាំ ២០០២ មកម្ល៉េះ ដោយក្រុមហ៊ុនបានឈូសឆាយដីអ្នកភូមិ ១៤០ ហិកតា។ នេះបើតាមសហគមន៍ឡពាង ដែលធ្លាប់រាយការណ៍កន្លងមក៕