ប្រជាសហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជារឿយៗត្រូវបានរងការចោទប្រកាន់ពីបទញុះញង់ បរិហារកេរ្តិ៍ និងការចោទប្រកាន់ផ្សេងទៀតពីសំណាក់ភាគីអាជ្ញាធរ ខណៈពួកគេកំពុងជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដែលគ្រប់គ្រងដោយភរិយារបស់អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ នេះបើតាមប្រជាសហគមន៍ឡពាង។
លោក ស្ងួន ញឿន អាយុ៤៤ឆ្នាំ ប្រជាសហគមន៍ឡពាងម្នាក់ដែលមានវិវាទក្នុងសំណុំរឿងជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន KDC នោះ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោក និងប្រជាពលរដ្ឋ៥២គ្រួសារទៀតក្នុងឃុំតាជេស បានជួបបញ្ហារឿងដីធ្លីនេះ២៤ឆ្នាំមកហើយ តែមិនមាននរណាម្នាក់ចេញមុខមកចូលរួមដោះស្រាយនោះឡើយ។
លោកបញ្ជាក់ទៀតថា ស្របពេលដែលមិនមានការគិតគូរជួយដោះស្រាយទំនាស់ដីធ្លីពីខាងភាគីពាក់ព័ន្ធជូនប្រជាពលរដ្ឋនោះ អាជ្ញាធរភូមិ ឃុំ បែរជាងាកមកដាក់សម្ពាធមកលើពួកគាត់ទៅវិញ។
តួយ៉ាងដូចជាកាលពីប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរភូមិឃុំបានប្តឹងលោកពីបទបរិហារកេរ្តិ៍ ក្រោយពេលដែលលោកបានធ្វើបទបង្ហាញក្នុងការផ្សាយផ្ទាល់តាមហ្វេសប៊ុកទាក់ទងនឹងវិវាទដីធ្លីដែលលោកបានដឹង ជូនទៅក្រុមយុវជនដែលមកបំពេញកម្មសិក្សាពាក់ព័ន្ធនឹងរឿងបញ្ហាដីធ្លីនេះតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថា នេះគឺជាការគំរាមកំហែងក្នុងការបញ្ចេញមតិក្នុងការឡាយវីដេអូនិយាយអំពីរឿងទាំងអស់ហ្នឹងប្រាប់ដល់យុវជន អ៊ីចឹងគឺខ្ញុំនិយាយពិត។ ខ្ញុំអត់ដែលនិយាយរឿងបរិហារកេរ្តិ៍អ្នកណាទេ គឺខ្ញុំគេដេញខ្ញុំចេញមែន ហើយខ្ញុំក៏បាននិយាយរឿងជម្លោះដីធ្លីប្រាកដជាមានមែន។ ប៉ុន្តែក្នុង[ពាក្យ]បណ្តឹងនោះ គេដាក់ថា មានជម្លោះជាមួយនឹងមេភូមិ ប៉ុន្តែខ្ញុំមិនដឹងថា ជាមេភូមិមួយណាទេ»។
លោកបន្តថា រដ្ឋាភិបាលអាណត្តិថ្មីដែលនឹងឡើងកាន់អំណាចគួរតែដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋទាំងអស់នេះឱ្យបានឆាប់។
លោកប្រាប់វីអូអេថា៖ «អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋាភិបាលដែលឡើងមកថ្មីនេះត្រូវគិតពីទុក្ខលំបាករបស់ប្រជារាស្រ្តជាធំ ហើយឈប់ការរំលោភសិទ្ធិមនុស្ស ឈប់ការទន្ទ្រានយកដីធ្លីរបស់ប្រជាពលរដ្ឋទៀត ដើម្បីកុំឱ្យមានអំពើទាំងអស់ហ្នឹង ដោយសារតែអាជ្ញាធរថ្នាក់ក្រោមធ្វើបាបប្រជារាស្រ្ត ប្រហែលជាថ្នាក់លើអត់ដឹង។ អ៊ីចឹងសុំឱ្យអាទាំងអស់ហ្នឹងគឺសូមបញ្ឈប់»។
ជាមួយគ្នានេះដែរ អ្នកស្រី អ៊ុំ សុភី អាយុ៤៤ឆ្នាំ តំណាងសហគមន៍ឡពាងក្នុងខេត្តកំពង់ឆ្នាំង ប្រាប់វីអូអេថា នៅពេលដែលប្រជាពលរដ្ឋលើកឡើងអំពីវិវាទដីធ្លី អាជ្ញាធរជាញឹកញាប់បែរមកចោទប្រកាន់ថា ប្រជាពលរដ្ឋនិយាយញុះញង់ បរិហារកេរ្តិ៍និយាយមិនពិត និងប្តឹងចោទប្រកាន់សព្វបែបយ៉ាង។
អ្នកស្រីថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា វាគឺជាភាពអយុត្តិធម៌ណាស់។ សូម្បីតែអាជ្ញាធរហ្នឹងក៏រើសអើងពួកខ្ញុំ ប្តឹងពួកខ្ញុំដែរ។ អ៊ីចឹងពួកខ្ញុំប្រជាពលរដ្ឋនិយាយត្រង់ពេក គេចោទថា បរិហារកេរ្តិ៍»។
អ្នកស្រីឱ្យដឹងទៀតថា អ្នកស្រី និងប្រជាពលរដ្ឋមួយចំនួនដែលកំពុងមានជម្លោះជាមួយនឹងក្រុមហ៊ុន KDC បានដាក់ពាក្យស្នើសុំឱ្យជួយអន្តរាគមន៍ពីខាងគ្រប់ភាគីពាក់ព័ន្ធ តែអាជ្ញាធរមិនដែលគិតគូររកដំណោះស្រាយទេ។
អ្នកស្រីថ្លែងថា៖ «បណ្តឹងរបស់ពលរដ្ឋខ្ញុំដាក់ទៅផូងៗ គេមិនដែរហៅទៅដោះស្រាយឱ្យផង។ រឿងផលលំបាកកើតឡើង ពួកខ្ញុំត្រូវការអី? ពួកខ្ញុំចង់បានអី? គាត់មិនដែលសួរ។ ចុះបើអាជ្ញាធរក្រុមគ្នាគេហ្នឹង គ្រាន់តែប្តឹងភ្លាម កោះហៅភ្លាម។ អ៊ីចឹងយល់ថា រឿងនេះអយុត្តិធម៌ណាស់សម្រាប់ពលរដ្ឋដូចពួកខ្ញុំ»។
បើតាមអ្នកស្រី អ៊ុំ សុភី កាលពីកន្លងទៅក៏ធ្លាប់មានការផ្តល់ជាប្រាក់សំណងមកកាន់ប្រជាពលរដ្ឋដែរ តែអ្នកស្រីថា សំណងទាំងនោះគឺជាសំណងមិនសមរម្យ ដែលគ្រាន់តែជាការបោកបញ្ឆោត និងបង្ខំប្រជាពលរដ្ឋឱ្យទទួលតែប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំចង់បានតែយុត្តិធម៌ អ្វីដែលជាការណ៍ពិត ហើយអស់លោកដោះស្រាយ អស់លោកចុះមកដល់កន្លែងកើតហេតុមក កុំឱ្យអស់លោកស្តាប់តាមតែអាជ្ញាធរដែនដីខាងក្រោមថា អស់ហើយ ថា ចប់ហើយក៏ថាចប់ដែរ។ តែធាតុពិតទៅពួកខ្ញុំគឺអត់ទាន់បានអី អត់ទាន់បានទទួលនូវយុត្តិធម៌ទេ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីភាគីក្រុមហ៊ុន KDC និងមេឃុំតាជេស លោក នួន ស៊ន បាននៅឡើយទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា ករណីវិវាទដីធ្លីរវាងប្រជាសហគមន៍ឡពាង និងក្រុមហ៊ុន KDC គឺជារឿងដែលកើតឡើងយូរមកហើយ តែនៅមិនទាន់មានការដោះស្រាយ។ ដូច្នេះលោកថា បើសិនជាស្ថាប័នពាក់ព័ន្ធទាំងអស់បង្ហាញឆន្ទៈពិតប្រាកដក្នុងការរកដំណោះស្រាយនោះ ជម្លោះដីធ្លីនេះក៏មិននៅអូសបន្លាយមកដល់ពេលនេះទេ។
លោកថ្លែងថា៖ «ករណីនេះខ្ញុំក៏រំពឹងថា មានការយកចិត្តទុកដាក់ពីសំណាក់ស្ថាប័នពាក់ព័ន្ធនានា និងថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាល[ថ្មី]ផងដែរ ក្នុងការគិតគូរដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ ពីព្រោះប្រជាពលរដ្ឋលោកទន្ទឹមរង់ចាំដំណោះស្រាយនេះយូរមកហើយ ហើយផលប៉ះពាល់ក៏កើតមានមកលើពួកគាត់ក៏ច្រើនមកដែរ»។
គួរបញ្ជាក់ថា សហគមន៍ឡពាងបានជាប់នៅក្នុងជម្លោះដីធ្លីអស់រយៈពេលជាង២០ឆ្នាំមកហើយជាមួយក្រុមហ៊ុន KDC ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយាអតីតរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម៕