សាច់ញាតិ និងអង្គការសង្គមស៊ីវិលបន្តជំរុញឱ្យតុលាការខេត្តកោះកុងដោះលែង និងទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីចំនួន៩នាក់ បន្ទាប់ពីតុលាការកាលពីថ្ងៃអង្គារបានសម្រេចឱ្យសកម្មជន៧នាក់នៅក្រៅឃុំ និង២នាក់ទៀតបន្តឃុំខ្លួន។
សកម្មជនដីធ្លីទាំង៩នាក់នោះត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរខេត្តចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣ ត្រង់ចំណុចប៉ុស្តិ៍អូរជ្រៅ ភូមិអូរជ្រៅ ស្រុកស្រែអំបិល ខេត្តកោះកុង នៅពេលដែលពួកគេធ្វើដំណើរចេញពីខេត្តកោះកុងឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីចំនួន៣០នាក់ ដែលតុលាការខេត្ត បានចោទប្រកាន់ពីបទផ្សេងៗកាលពីកន្លងទៅ។
មេធាវីការពារក្តីឱ្យសកម្មជនដីធ្លីទាំង៩នាក់នោះ បានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុដើម្បី«ស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន»។ លុះដល់ថ្ងៃអង្គារ ទី២៩ ខែសីហា សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានបើកសវនាការជំនុំជម្រះ ដោយសម្រេចអនុញ្ញាតឱ្យសកម្មជនដីធ្លីខេត្តកោះកុងចំនួន៩នាក់ស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែក្នុងនោះមនុស្ស២នាក់ ត្រូវបន្តឃុំខ្លួន ដែលរួមមានសកម្មជនដីធ្លីដែលសកម្មគឺអ្នកស្រីផាវ ញ៉ើង និង អ្នកស្រីសេង លីន ដោយសារពួកគេត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់ពីបទ«បរិហារកេរ្តិ៍» មួយទៀត ពាក់ព័ន្ធនឹងការតវ៉ាវិវាទដីធ្លីក្នុងសហគមន៍កាលពីកន្លងទៅ។ នេះបើតាមសាច់ញាតិ និងក្រុមអង្គការសង្គមស៊ីវិល។
ការបើកសវនាការបណ្តឹងឧទ្ធរណ៍ នៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ គឺដោយសារខេត្តកោះកុង មានតែតុលាការសាលាដំបូងតែប៉ុណ្ណោះ។
កូនប្រុសរបស់អ្នកស្រី ផាវ ញ៉ើង គឺលោក ហង់ វាសនា ដែលអះអាងថា លោកបានចូលទៅស្តាប់សវនាការនៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថា សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានសម្រេចដោះលែងឱ្យសកម្មជនដីធ្លីខេត្តកោះកុងចំនួន៩នាក់ស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន។ ប៉ុន្តែលោកថា អ្នកស្រី សេង លីន និងម្តាយរបស់លោកគឺអ្នកស្រី ផាវ ញ៉ើង ដែលស្ថិតក្នុងចំណោមសកម្មជនទាំង៩នាក់នោះ គឺតុលាការមិនដោះលែងនោះទេ។
លោក ហង់ វាសនា ក៏បានទាមទារឱ្យតុលាការដោះលែងសកម្មជនទាំងពីរដែលកំពុងត្រូវបានតុលាការបន្តឃុំខ្លួន និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ លើសកម្មជនដីធ្លីទាំង៩នាក់។ លោកចាត់ទុកការចោទប្រកាន់ និងបន្តឃុំខ្លួនសកម្មជនដីធ្លីបែបនេះ ថាជារឿងអយុត្តិធម៌។
លោកថ្លែងថា៖ «អ្វីដែលយើងចង់បាន គឺការដោះលែងពួកគាត់ឱ្យមានសេរីភាព ជាមួយការទម្លាក់រាល់បទចោទប្រកាន់ទាំងអស់ហ្នឹង ព្រោះការដែលឱ្យនៅក្រៅឃុំបណ្តោះអាសន្ន វាមិនមែនជាការផ្តល់យុត្តិធម៌ ដែលយើងចង់បានតែម្យ៉ាងទេ ទោះបីវាជាដំណាក់កាលមួយរបស់តុលាការក៏ដោយក្តី ក៏ប៉ុន្តែយើងសង្ឃឹមថា យើងនឹងទទួលបានការដោះលែងហើយផ្តល់សេរីភាពពេញលេញដល់គាត់ តាមរយៈការទម្លាក់បទចោទប្រកាន់ទាំងអស់ ទៅកាន់គាត់»។
លោក ហង់ វាសនា បន្តថា រដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលហ៊ានការពារសម្បត្តិរដ្ឋ ដោយមិនមែនចាប់ចង និងឃុំពលរដ្ឋដាក់ពន្ធនាគារបែបនេះនោះទេ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថាវាអយុត្តិធម៌ខ្លាំងមែនទែន ដោយសារតែម៉ាក់របស់ខ្ញុំ ក៏ដូចជាសហគមន៍ផ្សេងទៀត គឺកាលដែលយើងប្តឹងផ្តល់ទៅលើបញ្ហាឱ្យរដ្ឋក៏ដូចជាខាងតុលាការចុះមកស៊ើបអង្កេតរឿងការបាត់បង់ដី ការយកដីរដ្ឋលក់នេះ គឺជាការព្យាយាមការពារនូវទ្រព្យសម្បត្តិរួម ទ្រព្យសម្បត្តិរបស់ជាតិ អ៊ីចឹងគួរណាស់តែមានការលើកទឹកចិត្ត»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក យូ ទិត្យវឌ្ឍនៈ អគ្គព្រះរាជអាជ្ញារងនៃសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ និង លោក លឹម ស៊ីណាត អគ្គលេខាធិការរដ្ឋបាលសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បាននៅឡើយទេ។
សកម្មជនដីធ្លីទាំង៩នាក់ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល ប្រសិនបើពួកគេត្រូវបានរកឃើញថា មានទោស។ ចំណែកសកម្មជនចំនួន៧នាក់ក្នុងចំណោម៩នាក់ ដែលត្រូវបានរំពឹងថា នឹងត្រូវដោះលែងពីពន្ធនាគារខេត្តកោះកុង ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសកម្ពុជា ឬផ្លាស់ប្ដូរអាសយដ្ឋានដោយពុំមានការអនុញ្ញាតពីតុលាការនិងត្រូវឆ្លើយតបរាល់ការកោះហៅរបស់តុលាការ។ នេះបើតាមការផ្សាយរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា អាជ្ញាធរត្រូវតែស្វែងរកយុត្តិធម៌សម្រាប់ប្រជាសហគមន៍ ដោយមិនមែនយកច្បាប់មកដាក់គំនាបលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ។ លោកបន្ថែមដោយជំរុញឱ្យតុលាការទម្លាក់បទចោទប្រកាន់លើសកម្មជនដីធ្លីទាំងនោះ ហើយរដ្ឋាភិបាលគួរងាកមកដោះស្រាយបញ្ហា ដោយភាពស្មោះត្រង់ និងតម្លាភាព។
លោកថ្លែងថា៖ «វាជាការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគាត់។ ជាធម្មតាគាត់មានវិវាទដីធ្លី គាត់មានសិទ្ធិក្នុងការរត់រកស្ថាប័នពាក់ព័ន្ធទាំងអស់រកដំណោះស្រាយជូនគាត់។ ហើយមិនត្រឹមតែមិនរកដំណោះស្រាយជូនពួកគាត់ទេ ទៅជារឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគាត់ ដោយប្រើប្រាស់នូវយន្តការផ្លូវច្បាប់ក្នុងការប្តឹងផ្តល់ដាក់ទោសទណ្ឌ ចោទប្រកាន់ទៅលើពួកគាត់ទៅទៀត»។
បើតាមលោក ស៊ឹង សែនករុណា ការប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ពលរដ្ឋ ឬប្រជាសហគមន៍ គឺមិនមែនជាជំរើសល្អក្នុងការដោះស្រាយបញ្ហាដីធ្លីនោះទេ ប៉ុន្តែវាបង្កទៅជាការរិះគន់ជាហូរហែរទៅវិញ។
គួរបញ្ជាក់ថា សកម្មជនដីធ្លីទាំងនោះ និងពលរដ្ឋចំនួន១៩៧គ្រួសារមកពីឃុំជីខលើ និងជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង តែងតែមកតវ៉ាជាបន្តបន្ទាប់ស្វែងរកការអន្តរាគមន៍ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងស្ថាប័នរដ្ឋផ្សេងទៀត ឱ្យជួយដោះស្រាយបញ្ហារឿងវិវាទដីធ្លីរបស់ពួកគេ ដែលពួកគេថាត្រូវបានក្រុមហ៊ុនរបស់លោកឧកញ៉ា ហេង ហ៊ុយ រំលោភយកតាំងពីឆ្នាំ២០០៧៕