អតីតអ្នកកាសែតពីរនាក់ គឺលោក នេត្រ ភក្ត្រា និងលោក ប៉ែន បូណា នឹងអាចក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលអាណត្តិទី៧ដែលនឹងដឹកនាំដោយកូនប្រុសច្បងរបស់លោក ហ៊ុន សែន ដែលកំពុងចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី។
លោក នេត្រ ភក្ត្រា ដែលបច្ចុប្បន្នមានតួនាទីជារដ្ឋលេខាធិការនៅក្រសួងបរិស្ថានត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីនៅក្រសួងព័ត៌មាន។ ចំណែកលោក ប៉ែន បូណា ដែលបច្ចុប្បន្នជារដ្ឋលេខាធិការនៅក្រសួងព័ត៌មាន នឹងត្រូវតែងតាំងជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។ នេះបើតាមបង្ហើបរបស់លោក ហ៊ុន សែន ក្នុងពិធីសំណេះសំណាលមួយជាមួយអ្នកសារពត៌មានក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃចន្ទ និងប្រព័ន្ធផ្សព្វផ្សាយដែលស្និទ្ធនឹងរដ្ឋាភិបាល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា បើតាមការបង្ហើបរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រាកដណាស់ថា លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលជំនាន់ថ្មី ព្រោះលោកមានបទពិសោធន៍ក្រាស់ក្រែលក្នុងវិស័យសារព័ត៌មាន។
លោកថ្លែងថា៖ «ផ្អែកលើសំណូមពរការងារហ្នឹងហើយពីព្រោះឯកឧត្តម ផៃ ស៊ីផាន លោកមានបញ្ហាសុខភាពមួយចំនួន អ៊ីចឹងវាត្រូវដូរអ្នកថ្មីហ្នឹងហើយ ប៉ែន បូណាគាត់ក្មេង គាត់មានពិសោធន៍ការងារខាងសារពត៌មានផង»។
លោកបន្ថែមថា ការតែងតាំងជាផ្លូវការនឹងធ្វើឡើងក្រោយមានការរៀបចំរដ្ឋាភិបាលថ្មីនៅក្នុងខែសីហានេះ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា លោក ណុប វី
កោតសរសើរសមត្ថភាពអនាគតអ្នកនាំពាក្យរដ្ឋាភិបាលថ្មី លោក ប៉ែន បូណា ដែលជាអ្នកសារពត៌មានជើងចាស់ដ៏ឆ្នើម ហើយបទពិសោធន៍របស់លោកក៏គ្រប់គ្រាន់ក្នុងការឆ្លើយឆ្លងជាមួយអ្នកកាសែតក្នុងស្ថានភាពលំបាក និងចាំបាច់។
លោកថ្លែងថា៖ «លោក ប៉ែន បូណា គាត់ជាមនុស្សដែលមានសមត្ថភាពខ្ពស់នៅក្នុងកិច្ចការអ្នកសារពត៌មាន បើតាមខ្ញុំស្គាល់ ខ្ញុំធ្លាប់មានទំនាក់ទំនងជាមួយគាត់ គាត់ឆ្លងកាត់បទពិសោធន៍កិច្ចការងារច្រើនៅក្នុងវិស័យសារពត៌មាន អ៊ីចឹងតិច ឬច្រើនគឺគាត់យល់ដឹងអំពីរបៀបនៃការឆ្លើយតប ការធ្វើកិច្ចការងាររបស់អ្នកសារពត៌មានក៏ដូចជាតម្រូវការចាំបាច់អ្នកសារពត៌មាន»។
លោកសង្ឈឹមថា វត្តមានរបស់អ្នកនាំពាក្យរដ្ឋាភិបាលថ្មី និងរដ្ឋមន្រ្ដីក្រសួងពត៌មានថ្មីនឹងធ្វើឱ្យមានភាពប្រសើរឡើងនូវលម្ហក្នុងការទទួលបានពត៌មានទៅដល់អ្នកសារពត៌មាន។
បើតាមវីដេអូឃ្លីប បង្ហាញពីជំនួបអ្នកសារព័ត៌មានជាមួយលោក ហ៊ុន សែន គេឃើញលោក ប៉ែន បូណា បានស្ថិតនៅក្នុងជំនួបនោះ ហើយលោក ហ៊ុន សែន បានថ្លែងថា លោក ប៉ែន បូណា នឹងបំពេញការងារជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មីក្នុងអាណត្តិទី៧ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលនឹងចូលមកកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាក្នុងពេលឆាប់ៗនេះ។
លោកប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងនឹងមានអ្នកនាំពាក្យថ្មីរបស់រាជរដ្ឋាភិបាលដែល ហ៊ុន ម៉ាណែត គេទទួលគេធ្វើកិច្ចការផ្ទាល់ជាមួយលោក ប៉ែន បូណា ដែលនឹងក្លាយជាអ្នកនាំពាក្យថ្មីរបស់រដ្ឋាភិបាល ខ្ញុំមិនឱ្យលូកឡំការងារគណបក្ស និងការងាររបស់រដ្ឋាភិបាលទេ»។
លោក ហ៊ុន សែន មិនបានលើកឡើងចំៗចំពោះលោក នេត្រ ភក្ត្រា ដែលនឹងត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាននោះទេ។ ប៉ុន្តែអង្គភាពព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថា អតីតអ្នកឆ្លើយឆ្លងឱ្យវិទ្យុបារំាំង RFI រូបនេះ នឹងកា្លយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំនួសរដ្ឋមន្ត្រីក្រសួងព័ត៌មានបច្ចុប្បន្ន គឺលោក ខៀវ កាញារីទ្ធ។
លោក ប៉ែន បូណា សុំមិនធ្វើការអត្ថាធិប្បាយដោយត្រូវរង់ចាំការសម្រេចជាផ្លូវការរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី។ វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក នេត្រ ភក្ត្រា តាមទូរស័ព្ទបានទេនៅថ្ងៃពុធនេះ។
អ្នកចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ១៤ ខែសីហា គឺកញ្ញា អ៊ុង ច័ន្ទសោភា ដែលស្ថិតក្នុងចំណោមអ្នកសារព័ត៌មានជាច្រើននាក់ដែលបានទទួលការបំពាក់មេដៃពីនាយករដ្ឋមន្ត្រីចាំផ្ទះលោក ហ៊ុន សែន ប្រាប់វីអូអេថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មី។
កញ្ញាថ្លែងថា៖ «នៅក្នុងជំនួបជាមួយសម្ដេចហ្នឹងបានលើកឡើងបញ្ជាក់ច្បាស់ៗហើយ គឺពូ ប៉ែន បូណា នឹងត្រូវក្លាយទៅជាអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មីរបស់បង ម៉ាណែត ហើយបង នេត្រ ភត្រ្តាគឺជាអនាគតរដ្ឋមន្រ្ដីក្រសួងពត៌មានថ្មី»។
កញ្ញាបន្ថែមថា ការជ្រើសរើសលោក ប៉ែន បូណា គឺជាការគិតគូរត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ព្រោះលោកមានបទពិសោធន៍ឆ្អិនឆ្អៅនៅក្នុងវិជ្ជាជីវៈសារព័ត៌មាន៕