«ជាមួយនឹងស្នាមញញឹម និងកម្លាំង យើងនឹងអាចផ្លាស់ប្តូរថ្ងៃស្អែកបាន»។
នេះគឺជាទំនុកបទចម្រៀងរ៉ែបដ៏វិជ្ជមានរបស់ Samir, Abdulrahman និង Mohamed ជាបងប្អូនជនភៀសខ្លួន៣នាក់ ដែលចង់ក្លាយជាតារាហ៊ីបហប់ដ៏ល្បីជាងគេនៅស៊ីរី។
កុមារ Samir អាយុ១៣ឆ្នាំរូបនេះ ពន្យល់ថា ក្រុមតន្រ្តីនេះមានឈ្មោះថា Fire Rap។ គេនិយាយដោយមានមោទនភាពថា សមាជិកក្រុមមានឈ្មោះនៅលើឆាកថា Samir, Amir និង Jamil។
បងប្អូនប្រុសទាំង៣នាក់គេចចេញពីប្រទេសស៊ីរីទៅតំបន់ Bekaa នៃប្រទេសលីបង់ កាលពី៤ឆ្នាំមុនជាមួយឳពុកម្តាយរបស់ពួកគេ។ ពួកគេស្ថិតនៅក្នុងចំណោមកុមារជនភៀសខ្លួនដែលមានសំណាង ត្រូវបានបញ្ចូនទៅសិក្សានៅសាលាក្នុងតំបន់ ជាទីដែលពួកគេបានហ្វឹកហាត់ជំនាញតន្រ្តី អមជាមួយនឹងការអប់រំសមរម្យមួយ។
លោក Ben Hewitt មកពីអង្គការសប្បុរសធម៌ Theirworld ដែលបានផ្តល់ថវិកាដល់ការផលិតភាពយន្តខ្លីនេះ ដែលមានចំណងជើងថា «Straight Outta Syria» ដែលមានន័យជាភាសាខ្មែរថា «ចេញក្រៅពីស៊ីរីដោយផ្ទាល់»។
គោលបំណងនៃការផលិតភាពយន្តនេះ គឺដើម្បីបង្កើនការយល់ដឹងអំពីតម្រូវការបញ្ជូនកុមារគ្រប់រូបទៅសាលារៀន។ ហើយយើងបានជ្រើសផ្តោតទៅលើទេពកោសល្យ និងសក្តានុពលដែលក្មេងៗមាន។ ហើយមនុស្សគ្រប់គ្នាបានឃើញថា ក្មេងស៊ីរីជំនាន់ក្រោយដែលរស់នៅក្នុងប្រទេសលីបង់ តួកគី និងហ្ស៊កដានីមិនបានចូលសាលារៀន ហើយនេះជាការបាត់បង់សក្តានុពលមួយ។
អង្គការ Theirworld បានប៉ាន់ប្រមាណថា កុមារភៀសខ្លួនជិត១លាននាក់មិនបានចូលសាលារៀន ដែលនេះធ្វើឲ្យពួកគេងាយរងគ្រោះដោយសារបញ្ហាពលកម្មកុមារ ការរៀបការនៅវ័យក្មេង ការកេងប្រវ័ញ្ច និងភាពជ្រុលនិយម។
អង្គការសប្បុរសធម៌នេះចង់ពង្រីកប្រព័ន្ធវេនសិក្សា២ដងក្នុងមួយថ្ងៃ ដែលពួកគេនិយាយថាកំពុងមានដំណើរការល្អនៅក្នុងប្រទេសលីបង់ ដែលកុមារក្នុងតំបន់ចូលសាលាពេលព្រឹក និងកុមារភៀសខ្លួនចូលសិក្សាពេលថ្ងៃ។
នៅឯសាលា បងប្អូនប្រុសទាំងបីនាក់នោះ ច្រៀងនៅមុខមិត្តរួមថ្នាក់របស់ពួកគេ អំពីការគេចចេញពីសង្គ្រាម ហើយទទួលបានការទះដៃអបអរសាទរឡើង។
ក្មេងប្រុសអាយុ១២ឆ្នាំ Abdulrahman និយាយថា នៅពេលដែលគេធំឡើង គេនឹងសរសេរបទចម្រៀងដែលមានអត្ថន័យកំប្លែង។ ពីព្រោះគេមិនចូលចិត្តសរសេរបទចម្រៀងពីភាពទុក្ខសោកទេ។
លោក Hewitt និយាយថា ការចូលសាលារៀន គឺវាលើសពីការសិក្សាទៅទៀត។
«ទីមួយ វាបានផ្តល់ឲ្យពួកគេនូវក្តីសង្ឃឹមរយៈពេលយូរ។ ប៉ុន្តែវាក៏បានផ្តល់ពួកគេនូវស្ថិរភាពរយៈពេលខ្លី ពួកគេបានចូលទៅក្នុងថ្នាក់រៀនដែលមានសុវត្ថិភាព ពួកគេអាចសិក្សា និងយកចិត្តទុកដាក់»។
អង្គការសប្បុរសធម៌នេះកំពុងសង្ឃឹមថានឹងអាចបង្កើនការគាំទ្រសម្រាប់យុទ្ធនាការ នៅមុនសន្និសីទម្ចាស់ជំនួយដល់ស៊ីរី នៅក្នុងទីក្រុងឡុងដ៍៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា