ក្រុមសិទ្ធិមនុស្សបានរិះគន់ពួកប្រទេសក្នុងទ្វីបអឺរ៉ុប ស.រ.អា និងប្រទេសជាតិមានធនធានច្រើនក្នុងតំបន់ឈូងសមុទ្រពែកថា មិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់ដើម្បីជួយដោះស្រាយវិបត្តិក្រុមជនចំណាកស្រុកមកពីភូមិភាគមជ្ឈិមបូព៌ា។
បណ្តាប្រទេសក្នុងតំបន់ខាងកើតនៃទ្វីបអឺរ៉ុបមានការរារែកក្នុងការផ្តល់ឋានៈជនភៀសខ្លួនឲ្យដល់ចំនួនច្រើនក្រាស់ក្រែលនៃក្រុមជនដែលបានរត់គេចខ្លួនចេញ ពីការធ្វើទុក្ខបុកម្នេញនិងសង្គ្រាម ហើយអនុញ្ញាតឲ្យពួកជនទាំងនេះតាំងលំនៅដ្ឋានជាថ្មីនៅក្នុងប្រទេសទាំងនោះទេ។ បណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រពែកទទួលយកតែក្រុមកម្មករចំណាកស្រុក ក៏ប៉ុន្តែបានបើកចំហជម្រើសក្នុងការបញ្ជូនពួកជនទាំងនេះចេញពីប្រទេសពួកគេវិញនៅពេលណាក៏បាន។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយផ្នែកផ្សាយជាភាសារុស្សីនៃវីអូអេ លោកKenneth Roth នាយកប្រតិបត្តិនៃអង្គការ Human Rights Watch មានមូលដ្ឋានក្នុងស.រ.អាបានមានប្រសាសន៍ថា សមាជិកថ្មីៗនៃសហភាពអឺរ៉ុបបានបង្ហាញការខ្លាចជាប្រវត្តិសាស្ត្រមួយនៅពេលមានការទាក់ទិននឹងការទទួលយកក្រុមជនភៀសខ្លួនមកពីភូមិភាគមជ្ឈិមបូព៌ាដែលមានជម្លោះ។
លោក Roth បាននិយាយដែរថា បណ្តាប្រទេសអឺរ៉ុបខាងកើតគួរបែងចែកមិនមែនតែអត្ថប្រយោជន៍ប៉ុណ្ណោះទេ ក៏ប៉ុន្តែបែងចែកការទទួលខុសត្រូវផងដែរក្នុងឋានៈប្រទេសទាំងនេះជាផ្នែកនៃសហភាពអឺរ៉ុប ពោលគឺបែងចែកកាតព្វកិច្ចខាងផ្លូវច្បាប់ក្នុងការទទួលយកក្រុមមនុស្សដែលស្វះស្វែងរកទីជ្រកកោន៕