លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានសម្តែងសុទិដ្ឋិនិយមនៅពេលស.រ.អា.និងប្រទេសចិនបន្តកិច្ចចរចាពាណិជ្ជកម្មកាលពីថ្ងៃសុក្រ នៅពេលគេរំពឹងថា យ៉ាងហោចណាស់នឹងមានកិច្ចព្រមព្រៀងដោយផ្នែកដែលអាចបញ្ចៀសមិនឱ្យមានកំណើនពន្ធដារ។
លោក ត្រាំ បានសរសេរនៅលើ Twitter កាលពីថ្ងៃសុក្រថា៖ «ហេតុការណ៍ល្អៗបានកើតមានឡើងនៅក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន។ មានអារម្មណ៍កក់ក្តៅជាងកាលពីពេលថ្មីៗនេះ។ខ្ញុំនឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិននៅថ្ងៃសុក្រនេះ។ ទាំងអស់គ្នាចង់ឱ្យមានអ្វីជាដុំកំភួនកើតមានឡើង»។
លោកប្រធានាធិបតីមានកំណត់នឹងជួបជាមួយលោក Liu He ឧបនាយករដ្ឋមន្ត្រីចិននៅល្ងាចថ្ងៃសុក្រ តាមពេលវេលាក្នុងតំបន់ខាងកើតស.រ.អា.នៅក្នុងបន្ទប់រាងពងក្រពើនៃសេតវិមាន។
ការយកពន្ធដារនៅពេលបច្ចុប្បន្នចំនួន២៥ភាគរយលើទំនិញចិនមានតម្លៃ២៥០ពាន់លានដុល្លារមានកំណត់នឹងឡើងដល់៣០ភាគរយនៅថ្ងៃទី១៥ខែតុលា ហើយការបង្កើនពន្ធចំនួន១៥ភាគរយថែមទៀតមានកំណត់នឹងចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ។ ប្រទេសចិនបានបង្ហាញសញ្ញាថា ខ្លួននឹងសងសឹកប្រសិនបើស.រ.អា.នឹងបង្កើនការដកពន្ធដារទាំងនេះ។
បញ្ហានាំឱ្យមានការខ្វែងគំនិតគ្នានៅក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោក មានរួមបញ្ចូលការបង្ខំឱ្យផ្ទេរ បច្ចេកវិជ្ជា ការលួចកម្មសិទ្ធិបញ្ញា និងឧបសគ្គក្នុងការមិនយកពន្ធគយលើទំនិញផ្សេងទៀត៕