នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានបង្ហាញនូវកាយវិការនៃឆន្ទៈដ៏ល្អនៅក្នុងជម្លោះពាណិជ្ជកម្ម ដែលបន្តមានឡើងជាមួយសហរដ្ឋអាមេរិក នៅពេលដែលប្រទេសមានសេដ្ឋកិច្ចដ៏ធំបង្អស់២របស់ពិភពលោក ប្រុងប្រៀបធ្វើការចរចាពាណិជ្ជកម្មកម្រិតខ្ពស់។
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ចិនបានស្វះស្វែងរកទិញទំនិញកសិកម្មសហរដ្ឋអាមេរិកដូចជាសាច់ជ្រូកនិងសណ្តែកសៀង។
លោក Gao បាននិយាយទៀតថា ចិនស្វាគមន៍សកម្មភាពប្រកបដោយឆន្ទៈល្អមកពីរដ្ឋបាលរបស់ប្រធានាធិបតីត្រាំ ហើយថា ចិនសង្ឃឹមថា ភាគីទាំង២ នឹងបន្តធ្វើឲ្យមានស្ថានភាពដ៏ល្អសម្រាប់ការចរចាពាណិជ្ជកម្ម។
កាលពីថ្ងៃពុធម្ស៉ិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំបានប្រកាសថា លោកពន្យារពេលការយកពន្ធគយលើទំនិញរបស់ចិនដែលមានតម្លៃ ២៥០ពាន់លានដុល្លារចាប់តាំងពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែតុលា។
លោកប្រធានាធិបតីត្រាំបាននិយាយតាមសារក្នុងប្រព័ន្ធ Twitter ថា លោក Liu He ឧបនាយករដ្ឋមន្រ្តីចិន បានសុំឲ្យលោកពន្យាពេលការយកពន្ធគយ ពីព្រោះតែការអបអរពិធីខួបលើកទី៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១ ខែតុលា។
ការប្រកាសរបស់ប្រធានាធិបតីត្រាំបានកើតមានឡើងបន្ទាប់ពីចិនបាននិយាយកាលពីព្រឹកថ្ងៃពុធម្ស៉ិលមិញថា ខ្លួនបានឲ្យរួចពីការយកពន្ធគយលើផលិតផលមួយចំនួនរបស់សហរដ្ឋអាមេរិកដែលចិនបានដាក់នៅពេលថ្មីៗបំផុតនេះ។ ការរួចពីពន្ធគយនោះគ្រោងចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា។ ទំនិញទាំងនោះរួមមាន បង្គា ម៉ាស៊ីនសម្រាប់ព្យាបាលជំងឺមហារីក និងគីមីមួយចំនួន៕