បេក្ខជនទាំង១០រូបនោះក៏បានវាយប្រហារទៅលើគូប្រជែងរបស់ខ្លួន ធ្វើយ៉ាងណាដណ្តើមការគ្រប់គ្រងសេតវិមានពីគូប្រជែងគឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតឆ្នាំ២០២០ខាងមុខនេះ។
សមាជិកាព្រឹទ្ធសភាមកពីរដ្ឋកាលីហ្វញ៉ា លោកស្រី Kamala Harris ដែលជាអតីតអាជ្ញាម្នាក់ បានចោទប្រកាន់លោក ត្រាំ ថា បានញ៉ុះញង់ឲ្យមានការ «ស្អប់ខ្ពើម បំភិតបំភ័យ» និងបាននិយាយកុហកចំនួន១២,០០០ដង នៅអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរយៈពេលជាងពីរឆ្នាំមកនេះ។
លោកស្រីបាននិយាយថា ហេតុផលតែមួយគត់ដែលលោក ត្រាំ មិនត្រូវបានចោទប្រកាន់ពីបទរារាំងដំណើរការស៊ើបអង្កេតទៅលើការជាប់ពាក់ព័ន្ធរវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកកាលពីឆ្នាំ២០១៦ និងប្រទេសរុស្ស៊ី គឺដោយសារតែគោលនយោបាយរបស់ក្រសួងយុត្តិធម៌ ដែលបានចែងថា ច្បាប់មិនអាចចោទប្រកាន់ ប្រធានាធិបតីដែលកំពុងកាន់តំណែងពីបទព្រហ្មទណ្ឌបានទេ។
អតីតសភាតំណាងរាស្រ្តប្រចាំរដ្ឋ Texas លោក Beto O'Rourke បាននិយាយថា ខ្មាន់កាំភ្លើងនៅក្នុងទីក្រុង El Paso រដ្ឋ Texas ស្អប់ជនជាតិម៉ិកស៊ិក និងបានបាញ់សម្លាប់មនុស្ស២២នាក់កាលពីដើមខែសីហា «ត្រូវបានជំរុញទឹកចិត្តដោយប្រធានាធិបតីឲ្យសម្លាប់មនុស្ស»។ នេះក៏ដោយសារតែយុទ្ធនាការរបស់លោកប្រធានាធិបតីប្រឆាំងនឹងជនចំណាកស្រុកដែលព្យាយាមចូលមកសហរដ្ឋអាមេរិកតាមព្រំដែនភាគខាងត្បូងជាមួយនឹងម៉ិកស៊ិក។
សមាជិកាព្រឹទ្ធសភាមកពីរដ្ឋ Minnesota លោកស្រី Amy Klobuchar បាននិយាយថា លោក ត្រាំ និយាយកុហកច្រើនជាងដឹកនាំប្រទេស។
បេក្ខជនឈានមុខទាំងបីខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការស្ទង់មតិមានដូចជា អតីតអនុប្រធានាធិបតីលោក Joe Biden សមាជិកាព្រឹទ្ធសភាលោកស្រី Elizabeth Warren និងលោក Bernie Sanders សមាជិកព្រឹទ្ធសភា។ បេក្ខជនទាំងបីនាក់នេះក៏បានរិះគន់ខ្លាំងៗលើលោក ត្រាំ ផងដែរ៕