សេតវិមាន ប្រាប់ឲ្យដឹងថា ការចរចាពាណិជ្ជកម្មជុំថ្មីរវាងសហរដ្ឋអាមេរិកនិងចិន នឹងចាប់ផ្តើមនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃព្រហស្បត៍សប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍របស់សេតវិមាន បានប្រាប់ឲ្យដឹងថា «លោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងលោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងស្វាគមន៍គណៈប្រតិភូចិនដែលដឹកនាំដោយលោក Liu He ឧបនាយករដ្ឋមន្រ្តីចិនដើម្បីបន្តការចរចាពាណិជ្ជកម្មរវាងប្រទេសទាំង២ដែលចាប់ផ្តើមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ។
ប្រធានបទនៃការចរចានោះ នឹងរួមទាំងការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យា សិទ្ធិកម្មសិទ្ធបញ្ញា សេវាកម្ម ឧបសគ្គនៃការមិនយកពន្ធគយ កសិកម្ម»។
ភាគីទាំង២ បានធ្វើការចរចាដ៏សំខាន់កាលពីលើកមុននៅក្នុងខែកក្កដា ក៏ប៉ុន្តែ មិនមានការបំបែកភាពទាល់ច្រកដ៏សំខាន់នៅក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់២របស់ពិភពលោកទេ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំង បានយកពន្ធគយគ្នាទៅវិញទៅមកអស់រយៈពេលជាង១ឆ្នាំ ដែលចេញមកពីការទាមទារកាលពីដំបូងរបស់ប្រធានាធិបតីត្រាំឲ្យធ្វើការផ្លាស់ប្តូរការធ្វើពាណិជ្ជកម្ម ការផ្គត់ផ្គង់ប្រាក់ដោយរដ្ឋដល់ក្រុមហ៊ុនឯកជន និងកម្មសិទ្ធិបញ្ញារបស់ចិន។ ចិន និយាយថា គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក មានគោលបំណងព្យាយាមបង្អាក់សមត្ថភាពរបស់ខ្លួនដើម្បីប្រកួតប្រជែង។
ស្ថានភាពនេះ បានធ្វើឲ្យមានភាពមិនប្រាកដប្រជានៅទីផ្សារហិរញ្ញវត្ថុហើយនិងធ្វើឲ្យក្រុមហ៊ុនស្វះស្វែងដោះស្រាយផលប៉ះពាល់នៃការយកពន្ធគយនេះ៕