ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី ត្រាំ ​ភ្ជាប់​​វ៉ាក់សាំង​ការពារ​ជំងឺ​​កូវីដ​១៩​​ទៅ​​នឹង​​ពេល​​វេលា​​នៃ​ការ​​បោះ​​ឆ្នោត​​នៅ​​ខែ​​វិច្ឆិកា


លោកប្រធានាធិបតី Donald Trump ពាក់ម៉ាស់ ខណៈលោកសន្ទនាជាមួយបុគ្គលិករបស់រោងចក្រ Whirlpool Corporation នៅទីក្រុង Clyde រដ្ឋ Ohio ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០។
លោកប្រធានាធិបតី Donald Trump ពាក់ម៉ាស់ ខណៈលោកសន្ទនាជាមួយបុគ្គលិករបស់រោងចក្រ Whirlpool Corporation នៅទីក្រុង Clyde រដ្ឋ Ohio ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ បាន​ទស្សន៍ទាយ​ថា អាច​មាន​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ​នៅពេល​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ដែល​នៅ​មិន​ដល់​៩០​ថ្ងៃ​ទៀត​ផង។

លោក​ប្រធានាធិបតី​ ត្រាំ បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា អាច​នឹង​មាន​ថ្នាំ​វ៉ាក់​សាំង​ហើយ​នៅ​ពេល​នោះ»។

លោក​ប្រធានាធិបតី​បាន​ទទួលស្គាល់​ថា៖ «ការមាន​វ៉ាក់​សាំង​មុន​ថ្ងៃ​បោះ​ឆ្នោត​ទី​៣​វិច្ឆិកា​នេះ​ នឹង​មិន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ឱកាស​នៃ​ការ​ជាប់​ឆ្នោត​ម្តង​ទៀត​របស់​លោក​ទេ»។

លោក​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​មិន​មែន​ធ្វើ​ដើម្បី​សន្លឹក​ឆ្នោត​ទេ។ ខ្ញុំ​ចង់ឲ្យ​មាន​វ៉ាក់​សាំង​ឆាប់ ពីព្រោះ​ខ្ញុំ​ចង់​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន»។

ក្រោយ​មក​ទៀត ​នៅ​ពេល​ធ្វើកំណត់​សម្គាល់​នៅ​រោងចក្រ​ផលិត​ម៉ាស៊ីន​បោក​ខោអាវ ក្នុង​រដ្ឋ​ Ohio លោក​ប្រធានាធិបតី​ ត្រាំ បាន​និយាយ​ឡើង​វិញ​ថា ​នឹង​មាន​ថ្នាំ​វ៉ាក់សាំង​នៅ​ពេល​ឆាប់ៗ​នេះ។

សហគមន៍​អ្នក​វិទ្យាសាស្ត្រ​ រួមមាន​ពួក​អ្នក​ជំនាញ​ជំងឺ​ឆ្លង​ល្បីៗ​ដូចជា​ វេជ្ជបណ្ឌិត Anthony Fauci ដែល​ជា​សមាជិក​របស់​ក្រុមការងារ​មេរោគ​កូរ៉ូណា​របស់​សេតវិមាន​មិន​ រំពឹង​ថា នឹង​មាន​វ៉ាក់សាំង​ដែល​កំពុង​សាកល្បង​លើ​មនុស្ស​នៅពេល​ឥឡូវ​នេះ​ មុន​ចុង​ឆ្នាំនេះ​ឬ​ដើម​ឆ្នាំ២០២១​ទេ។

លោក​ប្រធានាធិបតី​ ត្រាំ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​អំពី​វ៉ាក់សាំង​និង​ការព្យា បាល​អ្នក​ជំងឺ​កូវីដ១៩​ក្នុង​អំឡុង​ទស្សកិច្ច​ទៅកាន់​រដ្ឋ​ Ohio ដែល​ជា​រដ្ឋ​ដ៏​សំខាន់​មួយ​ដែល​មិន​គាំទ្រ​គណបក្ស​ណាឲ្យ​បាន​ទៀង​ទាត់​នោះ។ ការស្ទង់​មតិ​បង្ហាញ​ថា នៅ​រដ្ឋ​នេះ ​លោក​បាន​ទទួល​ការគាំទ្រ​ស្មើគ្នា​នឹង​លោក​ Joe Biden ដែល​គេ​រំពឹង​ថា​នឹង​ទទួល​ការ​តែង​តាំង​ជាបេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

លោក​ប្រធានាធិបតី​ ត្រាំ បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​នៅ​ពេល​ទៅ​ដល់​ទីក្រុង Cleveland ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា៖ «យើង​នឹង​ឈ្នះ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​រដ្ឋ Ohio ជាង​យើង​ឈ្នះ​កាលពី​៤​ឆ្នាំ​មុន»៕

XS
SM
MD
LG