ទន្លេមេគង្គក្លាយជាចំណុចប្រឈមថ្មីមួយនៃការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដោយរដ្ឋាភិបាលក្រុងប៉េកាំងមានប្រៀបជាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទាំងក្នុងការចំណាយ និងឥទ្ធិពលទៅលើបណ្ដាប្រទេសនៅទន្លេមេគង្គក្រោម ដើម្បីទទួលបានការគ្រប់គ្រងលើផ្ទៃទឹកនៃទន្លេនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកបរិស្ថាន និងមន្ត្រីនានា។
នេះ គឺជាការប្រឈមមុខដាក់គ្នាដែលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងតែបរាជ័យ ទោះបីជានៅរក្សាមូលនិធិមួយផ្នែកធំសម្រាប់កម្មវិធីសម័យលោកប្រធានាធិបតី Barack Obama ដែលផ្ដោតលើបរិស្ថាន និងការអភិវឌ្ឍនៅតំបន់ទន្លមេគង្គក្រោមក៏ដោយ។
កាលពីពេលថ្មីៗនេះ ការប្រជែងគ្នារវាងប្រទេសមហាអំណាចទាំងពីរ បានឈានដល់ការវែកញែកផ្នែកវិទ្យាសាស្ត្រ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលចិន បានលើកឡើងពីរបាយការណ៍ផ្សេងគ្នាអំពីថាតើទំនប់ទឹកទាំង ១១ របស់ចិននៅលើទន្លេមេគង្គប៉ះពាល់ដល់ប្រទេសនានានៅទន្លេមេគង្គខាងក្រោមឬក៏យ៉ាងណានោះ។
ទំនប់ទឹកទាំងនេះរបស់ចិននឹងធ្វើឱ្យចិនមានការគ្រប់គ្រងទូលំទូលាយលើលំហូរទឹកដែលហូរចុះកាត់តាមប្រទេសឡាវ មីយ៉ានម៉ា ថៃ កម្ពុជា និងវៀតណាម ដែលប្រទេសទាំងនេះបានពឹងផ្អែកលើទឹកទន្លេនេះជាយូរមកហើយសម្រាប់ការធ្វើកសិកម្ម ការនេសាទ និងវារីអគ្គិសនីដែលកំពុងតែមានកំណើននៅក្នុងប្រទេសឡាវ។
ការគ្រប់គ្រងលំហូរទឹកនេះធ្វើឱ្យចិនអាចកំណត់នូវរបៀបវារៈសម្រាប់ការអភិវឌ្ឍដែលភ្ជាប់ទៅនឹងផ្លូវទឹកនេះ និងដើម្បីផ្ដាច់សហរដ្ឋអាមេរិកកុំឲ្យពាក់ព័ន្ធនៅក្នុងតំបន់នេះ ក្រោយពីសហរដ្ឋអាមេរិកបានលើកកម្ពស់គម្រោងទន្លេមេគង្គអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដើម្បីជាមធ្យោបាយមួយក្នុងការជះឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។
លោក Witoon Permpongsacharoen នៃអង្គការបណ្តាញថាមពលទន្លេមេគង្គ និងអេកូឡូស៊ី (Mekong Energy and Ecology Network) បានបញ្ជាក់ដូច្នេះថា៖ «បញ្ហានេះ កំពុងក្លាយជាបញ្ហាភូមិសាស្ត្រនយោបាយ ដែលស្រដៀងទៅនឹងបញ្ហាសមុទ្រចិនខាងត្បូងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនដូច្នេះដែរ»។
បញ្ហាទន្លេមេគង្គគឺជាក្តីបារម្ភបន្ទាន់មួយសម្រាប់មនុស្សប្រមាណ ៦០ លាននាក់ ដែលពឹងផ្អែកលើទន្លេនេះសម្រាប់ការធ្វើស្រែចម្ការ និងការនេសាទ ដោយសារតែវាហូរចុះពីប្រទេសចិនកាត់តាមប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ មុនពេលហូរចូលទៅក្នុងសមុទ្រពីតំបន់ដីសណ្ដនៃទន្លេនេះនៅប្រទេសវៀតណាម។
កាលពីឆ្នាំមុន មានគ្រោះរាំងស្ងួតកើតឡើង ដោយទឹកទន្លេមេគង្គមានកម្រិតទាបបំផុតមិនធ្លាប់មានពីមុនមកក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។ គេឃើញមានសេចក្ដីរាយការណ៍រាប់ឆ្នាំមកហើយថា ចំនួនត្រីដែលនេសាទបានមានកាន់តែតិចទៅៗ។
ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកមួយរូបនៅក្នុងតំបន់ទន្លេមេគង្គនេះបាននិយាយថា ប្រទេសចិន «បានប្រមូលស្តុក» ទឹកនៅក្នុងទំនប់ទឹកទាំង ១១ របស់ខ្លួននៅផ្នែកខាងលើនៃទន្លេមេគង្គ ដែលមានប្រវែង ៤.៣៥០ គ.ម. នេះ ដែលនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់មនុស្សរាប់លាននាក់នៅក្នុងបណ្ដាប្រទេសនៅផ្នែកខាងក្រោមនៃទន្លេ។
ប្រទេសចិនក៏បានបង្កើនផងដែរនូវសកម្មភាពនៃក្រុមកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ដែលហៅកាត់ថាក្រុម LMC របស់ខ្លួន។ ក្រុមនេះជាស្ថាប័នអន្តររដ្ឋាភិបាលថ្មីមួយ ដែលឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកមួយរូបទៀតបានប្រឆាំងទៅនឹងស្ថាប័ននេះថាបានព្យាយាម «រំខាន» ដល់កិច្ចការរបស់គណៈកម្មការទន្លេមេគង្គដែលត្រូវបានបង្កើតឡើងអស់ ២៥ ឆ្នាំមកហើយ។
គណៈកម្មការទន្លេមេគង្គចាប់កំណើតចេញពីកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីលើកកម្ពស់ការអភិវឌ្ឍក្នុងសម័យសង្គ្រាមត្រជាក់។ គណៈកម្មការនេះធ្វើការជាមួយនឹងរដ្ឋាភិបាលឡាវ ថៃ កម្ពុជា និងវៀតណាម ដើម្បីជំរុញការចែករំលែក និងការអភិវឌ្ឍប្រកបដោយចីរភាពលើទន្លេមេគង្គ និងធនធាននានារបស់ទន្លេនេះ។
ក្រសួងការបរទេសចិនបានប្រាប់សារព័ត៌មាន Reuters ថា ការលើកឡើងណាមួយរបស់សហរដ្ឋអាមេរិកដែលថា រដ្ឋាភិបាលក្រុងប៉េកាំងព្យាយាមដណ្តើមគ្រប់គ្រងលើគណៈកម្មការនេះគឺជារឿងដែលមិនមានមូលដ្ឋាន។
ក្រសួងការបរទេសចិនបានបញ្ជាក់ថា៖ «ប្រទេសនានាដែលនៅក្រៅតំបន់នេះគួរតែចៀសវាងការបង្កឱ្យមានបញ្ហាដោយគ្មានមូលដ្ឋាន»។
«បំណងអាក្រក់»
ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិនបានបង្កទៅជាសង្គ្រាមពាក្យសម្តី បន្ទាប់ពីការសិក្សាស្រាវជ្រាវមួយដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកាលពីខែមេសាកន្លងទៅនេះ បានសន្និដ្ឋានថា ទំនប់ទឹករបស់ចិនបានទប់ទឹកមិនឱ្យហូរ នៅពេលមានគ្រោះរាំងស្ងួតកាលពីឆ្នាំមុន។
ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងដោយក្រុមហ៊ុន Eyes on Earth ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក និងមានជំនាញផ្នែកទឹក។ ការសិក្សាស្រាវជ្រាវនេះបានធ្វើការសន្និដ្ឋានដូច្នេះដោយផ្អែកលើរូបភាពផ្កាយរណប និងទិន្នន័យរបស់គណៈកម្មការទន្លេមេគង្គ ដែលបានបង្ហាញថា «មិនមាន» លំហូរទឹកហូរចុះមកផ្នែកខាងក្រោមនៃទន្លេមេគង្គនោះទេ ដោយប្រហែលជាចាប់ផ្តើមតាំងពីឆ្នាំ ២០១០ មកម្ល៉េះ។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាននិយាយថា លោក «មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង» ចំពោះការរកឃើញនេះ។
លោក Murphy បានប្រាប់សារព័ត៌មាន Reuters ដោយសំដៅលើប្រតិកម្មចំពោះការបង្ហាញពីការរកឃើញខាងលើនេះថា៖ «នៅទីនេះក៏ដូចគ្នាដែរនៅក្នុងតំបន់»។
លោក Murphy បាននិយាយក្នុងសម្តីដើមថា៖ «ដើម្បីស្វែងយល់ពីប្រភពចម្បងនៃការធ្លាក់ចុះកម្រិតទឹកទន្លេមេគង្គ និងការផ្លាស់ប្តូរនៅផ្នែកទន្លេមេគង្គខាងក្រោម វាគឺជាអ្វីដែលកំពុងតែកើតឡើងនៅផ្នែកខាងលើនៃទន្លេមេគង្គក្នុងប្រទេសចិន ជាពិសេសគឺមានការស្តុកទឹកទុក»។
ប្រទេសចិនបានមានប្រតិកម្មនឹងការរកឃើញនេះដោយកំហឹង ដោយស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសថៃ បានរិះគន់ការសិក្សាស្រាវជ្រាវនេះថា៖ «មានចរិតនយោបាយ និងមានបំណងអាក្រក់សំដៅលើប្រទេសចិន»។ ការចោទប្រកាន់បែបនេះត្រូវបានបដិសេធដោយអ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវនេះ និងមន្ត្រីអាមេរិកាំង។
បន្ទាប់មក នៅពាក់កណ្តាលខែកក្កដា សារព័ត៌មាន Global Times របស់ចិនបានចេញផ្សាយអត្ថបទមួយអំពីការសិក្សាស្រាវជ្រាវរបស់ចិនដែលខ្លួនចាត់ទុកថាជាការបដិសេធទៅលើរបាយការណ៍របស់ក្រុមហ៊ុន Eyes on Earth។
ចំណងជើងក្នុងកាសែតមួយចេញផ្សាយដោយកាសែត People’s Daily ដែលជាកាសែតផ្លូវការរបស់គណបក្សកុម្មុយនិស្តចិន បានសរសេរថា៖ «ការស្រាវជ្រាវបានរកឃើញថា ទំនប់ទឹកទន្លេនៅក្នុងប្រទេសចិនជួយកាត់បន្ថយគ្រោះរាំងស្ងួត»។
ទោះជាយ៉ាងនេះក្តី ការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Tsinghua និងវិទ្យាស្ថានធនធានទឹកចិនបានរកឃើញថា តាមពិតទំនប់ទឹកចិននៅពេលអនាគតអាចនឹងជួយកាត់បន្ថយគ្រោះរាំងស្ងួត ប៉ុន្តែមិនមែននៅក្នុងឆ្នាំ ២០១៩ នោះទេ។ នេះបើយោងតាមច្បាប់ចម្លងមួយដែលសារព័ត៌មាន Reuters ទទួលបាន។
លោក Tian Fuqiang ដែលជាអ្នកស្រាវជ្រាវចម្បង បានប្រាប់សារព័ត៌មាន Reuters នៅក្នុងអ៊ីមែលថា៖ «យើងមិនមានបំណងធ្វើការប្រៀបធៀបជាមួយនឹងរបាយការណ៍ផ្សេងណាមួយនោះទេ។ យើងមានបំណងផ្តល់ការពិតជាមូលដ្ឋានខ្លះៗដើម្បីសម្រួលដល់ការស្វែងយល់ពីគ្នាទៅវិញទៅមក ការទុកចិត្ត និងការសហការគ្នានៅក្នុងអាងទឹកទន្លេមេគង្គនេះ»។
អ្នកស្រាវជ្រាវនឹងទាញហេតុផលអំពីវិទ្យាសាស្ត្រ ប៉ុន្តែសម្រាប់ប្រទេសនៅទន្លេមេគង្គក្រោម អ្វីដែលសំខាន់គឺការជឿទុកចិត្ត និងអំណាច។
លោក Sebastian Strangio ដែលជាអ្នកនិពន្ធសៀវភៅអំពីទំនាក់ទំនងអាស៊ីអាគ្នេយ៍ជាមួយចិន ដែលមានចំណងជើងថា «នៅក្នុងស្រមោលនាគ ឬ In the Dragon's Shadow» បានបញ្ជាក់ថា ប្រទេសនៅផ្នែកខាងក្រោមនៃទន្លេមេគង្គស្ទើរតែមិនជឿលើការអះអាងរបស់ចិន ប៉ុន្តែប្រទេសទាំងនោះប្រហែលជាមិនអាចព្រងើយកន្តើយចំពោះអំណាចនៅក្នុងតំបន់របស់រដ្ឋាភិបាលក្រុងប៉េកាំងបានឡើយ។
លោក Strangio បាននិយាយក្នុងសម្តីដើមថា៖ «ពួកគេពឹងផ្អែកលើចិននៅពេលនេះដើម្បីទទួលបានធនធានសម្រាប់រស់ ហើយវាពិបាកណាស់សម្រាប់ពួកគេក្នុងការតតាំងនឹងរដ្ឋាភិបាលចិនដោយចំហចំពោះការសាងសង់ទំនប់ទឹករបស់ចិននេះ»។
ដោយស្ទាក់ស្ទើរក្នុងការគាំទ្រដល់ភាគីម្ខាងៗ គេឃើញថា មិនមានប្រទេសណាមួយនៅក្នុងគណៈកម្មការទន្លេមេគង្គបានធ្វើអត្ថាធិប្បាយជាសាធារណៈដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវរបស់ចិន ឬរបស់សហរដ្ឋអាមេរិកនោះទេ។
ក្រុមកិច្ចសហប្រតិបត្តិការដាច់ដោយឡែក
សហរដ្ឋអាមេរិកបានចំណាយទឹកប្រាក់ ១២០ លានដុល្លារទៅលើគម្រោងផ្តួចផ្តើមទន្លេមេគង្គក្រោម ចាប់តាំងពីពេលដែលគម្រោងនេះត្រូវបានបង្កើតឡើងកាលពី ១១ ឆ្នាំមុនមក។
ប្រទេសចិនទំនងជាបានចំណាយប្រាក់ច្រើនជាងនេះ។ នៅក្នុងឆ្នាំ ២០១៦ ក្រុមកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ឬក្រុម LMC ដែលទទួលបានថវិកាពីរដ្ឋាភិបាលក្រុងប៉េកាំង បានបង្កើតមូលនិធិដែលមានទឹកប្រាក់ចំនួន ៣០០ លានដុល្លារសម្រាប់ជាថវិកាជំនួយដល់ការសិក្សាស្រាវជ្រាវដែលនឹងត្រូវផ្តល់ទៅឱ្យប្រទេសនៅទន្លេមេគង្គខាងក្រោមទាំង ៥។
ក្រុម LMC មិនបានឆ្លើយតបចំពោះការស្នើសុំសម្រាប់បទសម្ភាសន៍ ឬចំពោះសំណួរណាមួយអំពីគម្រោងដែលត្រូវបានស្នើឡើង ត្រូវបានគ្រោងឡើង ឬក៏កំពុងដំណើរការទាំង ៩៥ របស់ខ្លួន ដែលស្ថិតក្នុងបញ្ជីដែលសារព័ត៌មាន Reuters ទទួលបានពីកិច្ចប្រជុំរដ្ឋមន្ត្រីលើកដំបូងរបស់ក្រុមនេះនៅក្នុងទីក្រុងប៉េកាំងកាលពីខែធ្នូ ឆ្នាំមុននោះទេ។
ក្រុម LMC ដែលដឹកនាំដោយចិននេះកំពុងទាក់ទាញចំណាប់អារម្មណ៍ច្រើនជាងមុន ដោយមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំ និងគម្រោងសម្រាប់កិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំនានា ដែលក្នុងនោះអាចនឹងមានវត្តមានរបស់ប្រធានាធិបតីចិន លោក Xi Jinping ចូលរួមផងដែរ។ ចំណែកឯមន្ត្រីខាងផ្នែកទឹក និងបរិស្ថានវិញ ជាធម្មតាចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មការទន្លេមេគង្គ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលថៃម្នាក់។
ក្រុម LMC បានរងការរិះគន់ពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃ លោក Michael DeSombre ដោយលោកបានហៅក្រុមនេះថា «ជាស្ថាប័នដែលដូចទៅនឹង» គណៈកម្មការទន្លេមេគង្គ។
លោក DeSombre បាននិយាយក្នុងសម្តីដើមថា៖ «យើងពិតជាលើកទឹកចិត្តឱ្យសាធារណរដ្ឋប្រជាមានិតចិនធ្វើការរួមគ្នាជាមួយនឹងគណៈកម្មការទន្លេមេគង្គ ជាជាងព្យាយាមរំខានគណៈកម្មការនេះតាមរយៈការបង្កើតស្ថាប័នផ្ទាល់ខ្លួនដើម្បីឱ្យខ្លួនគ្រប់គ្រងនោះ»។
ទោះបីជាមានការព្រមានពីសហរដ្ឋអាមេរិកក៏ដោយ ក៏មន្ត្រីនៃគណៈកម្មការទន្លេមេគង្គនិយាយថា ខ្លួនស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយនឹងក្រុម LMC និងប្រទេសចិន។
មូលហេតុមួយគឺថា គណៈកម្មការទន្លេមេគង្គ និងរដ្ឋាភិបាលជាសមាជិកចង់បានទិន្នន័យបន្ថែមអំពីប្រតិបត្តិការនៃទំនប់ទឹករបស់ចិន ដែលទប់ទឹកសរុបបានចំនួន ៤៧ ពាន់លានម៉ែត្រគូប។
កាលពីឆ្នាំ ២០០២ រដ្ឋាភិបាលក្រុងប៉េកាំងបានចាប់ផ្តើមជូនដំណឹងដល់ប្រទេសនៅតំបន់ទន្លេមេគង្គក្រោម អំពីពេលដែលខ្លួនអាចនឹងបញ្ចេញទឹកដែលអាចបង្កឱ្យមានទឹកជំនន់។
ប៉ុន្តែប្រទេសចិនបានបង្ហាញព័ត៌មានតិចតួចប៉ុណ្ណោះ សម្រាប់ឱ្យប្រទេសនៅតំបន់ទន្លេមេគង្គក្រោមអាចរៀបផែនការ និងស្នើសុំឱ្យមានការសម្រួលដល់លំហូរទឹកទន្លេ។
នៅក្នុងកិច្ចប្រជុំរបស់ក្រុម LMC កាលពីខែកុម្ភៈកន្លងទៅនេះ ប្រទេសចិនបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន ប៉ុន្តែមន្ត្រីនៅក្នុងតំបន់មិនមានជំនឿនោះទេនៅពេលនិយាយជាលក្ខណៈឯកជន។
មន្ត្រីវៀតណាមម្នាក់ដែលបដិសេធមិនបញ្ចេញឈ្មោះបានបញ្ជាក់ដូច្នេះថា៖ «ប្រទេសចិនមិនបានចែករំលែកទិន្នន័យក្នុងន័យស្ថាបនាណាមួយនោះទេ»៕