ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​ទាំង​ពីរ​គណបក្ស​ស្នើ​ឲ្យ​ USAGM បញ្ចេញ​ប្រាក់ ២០ លាន​ដុល្លារ​សម្រាប់​បង្កើន​ការ​ទទួល​បាន​សេវាកម្ម​អ៊ីនធឺណិត


រូបឯកសារ៖ លោក Michael McCaul សមាជិក​ជាន់ខ្ពស់​ខាង​គណបក្ស​សាធារណរដ្ឋ នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស ថ្លែងនៅសភា ក្នុងរដ្ឋធានីវ៉ាស៊ិនតោន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Michael McCaul សមាជិក​ជាន់ខ្ពស់​ខាង​គណបក្ស​សាធារណរដ្ឋ នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស ថ្លែងនៅសភា ក្នុងរដ្ឋធានីវ៉ាស៊ិនតោន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ក្រុម​កំពុង​តែ​ដាក់​សម្ពាធ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump ឲ្យ​បញ្ចេញ​ប្រាក់​ចំនួន ២០ លាន​ដុល្លារ ដែល​អនុម័ត​ដោយ​រដ្ឋសភា ដើម្បី​បង្កើន​ការ​ទទួល​បាន​សេវា​អ៊ីនធឺណិត​នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅ​តាម​បណ្ដា​ប្រទេស​ផ្ដាច់ការ ដូចជា​ប្រទេស​ចិន និង​ប្រទេស​អ៊ីរ៉ង់​ជាដើម។

លោក Michael McCaul សមាជិក​ជាន់ខ្ពស់​ខាង​គណបក្ស​សាធារណរដ្ឋ នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស បាន​ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖ «មូលនិធិ​ផ្គត់ផ្គង់​អ៊ីនធឺណិត The Open Technology Fund ផ្ដល់​នូវ​លទ្ធភាព​ទទួល​បាន​សេវា​អ៊ីនធឺណិត​សម្រាប់ពលរដ្ឋ​រស់នៅ​ក្រោម​របប​គាបសង្កត់​នានា។ តែ​ជា​អកុសល កម្មវិធី​ដ៏​សំខាន់​មួយ​នេះ​កំពុង​តែ​ប្រឈម​នឹង​ការ​បិទ»។

សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ New Jersey លោក Robert Menendez ដែល​ជា​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៅ​ព្រឹទ្ធសភា បាន​ហៅ​ការ​បង្កក​ថវិកា​សម្រាប់​សហគ្រាស​នេះ គឺ​ជា​កាដូ​សម្រាប់​រដ្ឋាភិបាល​គាប​សង្កត់​នានា​នៅ​ក្នុង​ប្រទេស​ចិន អ៊ីរ៉ង់ និង​នៅ​ទីណាៗ​ទាំងអស់»។ នេះ​បើ​យោង​តាម​កាសែត Washington Post។

ការ​ឆ្លើយតប​របស់​សមាជិក​សភា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ្នកស្រី Laura Cunningham នាយកប្រតិបត្តិ​ស្ដីទី​របស់ Open Technology Fund ដែល​មាន​ទីស្នាក់ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ចោទប្រកាន់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល ហៅកាត់ថា USAGM និង​នាយក​ប្រតិបត្តិ​របស់​ទីភ្នាក់ងារ​នេះ គឺ​លោក Michael Pack ថា​បាន​បង្ខំ​មូលនិធិ Open Technology Fund ឲ្យ​ផ្អាក​គម្រោង​សេរីភាព​អ៊ីនធឺណិត​ចំនួន ៤៩ ក្នុង​ចំណោម​គម្រោង​ទាំង ៦០ របស់​ខ្លួន។ គម្រោង​ទាំង​នោះ​ជួយ​ដល់​បញ្ហា​សិទ្ធិមនុស្ស និង​ការ​តស៊ូមតិ​ឲ្យ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​ចំនួន​ប្រមាណ ២០០ ដោយសារ​តែ​បញ្ហា​ថវិកា។

ទីភ្នាក់ងារ USAGM បាន​ឆ្លើយតប​នឹង​លិខិត​របស់​អ្នកស្រី Cunningham នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ទៅ​កាន់​សំឡេង​សហរដ្ឋអាមេរិក VOA ដោយ​មិន​បាន​បញ្ជាក់​ថា​តើ​ទីភ្នាក់ងារ​នេះ​មាន​គម្រោង​នឹង​បញ្ចេញ​ថវិកា​នោះ​ឬ​ក៏​អត់​ទេ ប៉ុន្តែ​បាន​ឲ្យ​ដឹង​ថា «ការ​បង្កើន​សេវា​ទទួល​បាន​អ៊ីនធឺណិត​ និង​ការការពារ​សុវត្ថិភាព​របស់​អ្នក​កាសែត និង​សកម្មជន គឺ​ស្ថិត​ក្នុង​ចំណោម​អាទិភាព​ចម្បង​របស់​ទីភ្នាក់ងារ USAGM»។ សេចក្ដីថ្លែងការណ៍​នោះ​ក៏​បាន​ចោទប្រកាន់​មូលនិធិ Open Technology Fund អំពី​បញ្ហា​សុវត្ថិភាព ដែល​មិន​បាន​បញ្ជាក់​ឲ្យ​ជាក់លាក់ ដែល​អាច​ប៉ះពាល់​ដល់​បេសកកម្ម​របស់ខ្លួន និង​សុវត្ថិភាព​របស់​អ្នក​ដែល​ធ្វើ​ការ​ដើម្បី​បង្កើន​ការ​ផ្ដល់​សេវា​របស់​ពលរដ្ឋ​ផង​ដែរ។

មូលនិធិ Open Technology Fund គឺ​ជា​ស្ថាប័ន​មួយ​នៅ​ក្រោម​ទីភ្នាក់ងារ USAGM ដែល​ផ្ដល់​ថវិកា​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដោយ​រួម​ទាំង​ VOA ដែល​ដឹកនាំ​ដោយ​លោក Pack ផង​ដែរ។ លោក Pack ចូល​កាន់​តំណែង​ជា​នាយកប្រតិបត្តិ​ទីភ្នាក់ងារ USAGM កាល​ពី​ខែ​មិថុនា ក្រោម​ការ​តែងតាំង​របស់​លោក​ប្រធានាធិបតី Donald Trump៕

XS
SM
MD
LG