ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃចន្ទម្សិលមិញតម្រូវឱ្យទីភ្នាក់ងារសហព័ន្ធបង្ហាញថា ពួកគេនឹងមិនដាក់ជំនួសអ្នកធ្វើការងារជនជាតិជាតិអាមេរិកាំងដោយមនុស្សមកពីប្រទេសផ្សេងទៀតទេ។
សេតវិមានបាននិយាយថា បទបញ្ជាប្រធានាធិបតីនោះនឹងជួយរារាំងទីភ្នាក់ងារសហព័ន្ធកុំឱ្យយកពួកអ្នកធ្វើការងារបរទេសដែលមានកម្លាំងពលកម្មថោកជំនួសពួកអ្នកធ្វើការងារជាជនជាតិអាមេរិកាំងដែលជាការមិនត្រឹមត្រូវនោះ។
បទបញ្ជានេះតម្រូវឱ្យទីភ្នាក់ងារសហព័ន្ធទាំងអស់បញ្ចប់ការធ្វើសវនកម្មផ្ទៃក្នុងដើម្បីបង្ហាញថាតើទីភ្នាក់ងារសហព័ន្ធទាំងនោះជួលពលរដ្ឋសហរដ្ឋអាមេរិកនិងពលរដ្ឋផ្សេងទៀតសម្រាប់តំណែងការងារដែលមានការប្រកួតប្រជែងគ្នាដែរឬទេ។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ថា ចំណាត់ការរបស់លោកមួយផ្នែកបណ្តាលមកពីការប្រកាសរបស់ពួកអាជ្ញាធររដ្ឋ Tennessee Valley ឬ TVA ថា ខ្លួនមានបំណងផ្តល់ការងារខាងបច្ចេកវិទ្យាចំនួន២០ភាគរយដល់បណ្តាក្រុមហ៊ុនដែលមានទីតាំងនៅបរទេសដោយប្រើប្រភេទទិដ្ឋាការ H-1B។
បទបញ្ជាប្រធានាធិបតីនោះក៏កើតមានឡើងនៅពេលដែលពួកអ្នកកាសែតបរទេសខ្លះនៅសំឡេងសហរដ្ឋអាមេរិក VOA រង់ចាំការសម្រេចថាតើប្រភេទទិដ្ឋាការ J-1 របស់ពួកគេនឹងត្រូវបន្តដែរឬទេបន្ទាប់ពីទីភ្នាក់ងារនេះពិនិត្យមើលឡើងវិញយ៉ាងខ្លាំងនូវប្រភេទទិដ្ឋាការបែបនេះ។
លោកប្រធានាធិបតីត្រាំបានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា លោកបានបណ្តេញលោក Skip Thompson ប្រធានអាជ្ញាធរTVA ចេញពីតំណែងពីព្រោះតែ លោកបានជួលពួកអ្នកធ្វើការបរទេសហើយពួកគេបានទទួលប្រាក់ខែខ្ពស់ពេក។
លោកប្រធានាធិបតីក៏បានគំរាមកំហែងដកសមាជិកគណៈកម្មាធិការនាយកដែលបានទទួលការតែងតាំងឱ្យមើលការខុសត្រូវទីភ្នាក់ងារសហព័ន្ធ ប្រសិនបើពួកគេបន្តជួលកម្លាំងការងារជនបរទេសនោះ។
លោកប្រធានាធិបតីបានមានប្រសាស៍ថា «ប្រសិន លោក អ្នក ក្បត់ពលរដ្ឋអាមេរិកាំង លោក អ្នក នឹងត្រូវបណ្តេញចេញពីតំណែង»៕