ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក បានលុបសារ post មួយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិក ដោយអះអាងថា សារនេះបានបំពានចំពោះគោលនយោបាយរបស់ខ្លួនទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។
សារដែលត្រូវហ្វេសប៊ុកលុបនោះ មានបញ្ចូលតំណភ្ជាប់ទៅកាន់វីដេអូមួយរបស់ទូរទស្សន៍ Fox News ដែលនៅក្នុងនោះ លោកត្រាំបាននិយាយថា កុមារមានប្រព័ន្ធការពារ«ស្ទើរតែស៊ាំ»នឹងវីរុស ដែលបង្កទៅជាជំងឺកូវីដ១៩។
ក្រុមហ៊ុនហ្វេសប៊ុកនិយាយកាលពីថ្ងៃពុធថា វីដេអូនេះ មានបញ្ចូលព័ត៌មានមិនពិតដែលថា មានមនុស្សមួយក្រុមមិនឈឺពីកូវីដ១៩ ដែលការអះអាងនេះ ជាព័ត៌មានដែលអាចនាំឲ្យមានគ្រោះថ្នាក់ទាក់ទងនឹងជំងឺកូវីដ១៩។
សារតាម Twitter មួយរបស់លោកត្រាំ ដែលមានបង្ហោះវីដេអូដូចគ្នានេះដែរ មិនត្រូវបាន Twitter លុបទេ ត្រឹមរសៀលថ្ងៃពុធ។ ប៉ុន្តែ ប៉ុន្មានម៉ោងបន្ទាប់មក ក្រុមហ៊ុន Twitter បានផ្អាកគណនីរបស់យុទ្ធនាការលោកត្រាំ មិនឲ្យផ្សាយជាបណ្តោះអាសន្នរហូតទាល់តែលុបចោលវីដេអូអំពីកុមារនោះសិន។
ការសិក្សាមួយរបស់មជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិកចំពោះកុមារ ២.៥០០នាក់ ដែលបានផ្សាយកាលពីខែមេសា បានរកឃើញថា កុមារម្នាក់ក្នុងចំណោម៥នាក់ ដែលឆ្លងកូវីដ១៩ ត្រូវចូលសម្រាកក្នុងមន្ទីរពេទ្យ។ ការសិក្សានេះមានកម្រិត ប៉ុន្តែក៏បង្ហាញថា កុមារដែលឆ្លងវីរុសកូរ៉ូណា ប៉ុន្តែមិនចេញរោគសញ្ញាកូវីដ១៩ ក៏អាចចម្លងវីរុសនេះ បន្តដល់អ្នកដទៃបានដែរ៕