ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ខាង​ច្បាប់​របស់​លោក Trump កើនឡើង​ក្នុង​សភា​អាមេរិក និង​ក្នុង​រដ្ឋ​ New York


រូបឯកសារ៖ អ្នកស្រី Ivanka Trump និង Donald Trump Jr. មក​ដល់​វិមាន​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​ពិធី​ឡើង​កាន់​តំណែង​របស់​លោក Donald J. Trump ជា​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកស្រី Ivanka Trump និង Donald Trump Jr. មក​ដល់​វិមាន​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​ពិធី​ឡើង​កាន់​តំណែង​របស់​លោក Donald J. Trump ជា​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

បញ្ហា​ខាង​ច្បាប់​របស់អតីត​ប្រធានាធិបតី​លោក ​Donald Trump កើន​កាន់តែ​ខ្លាំង​ឡើង​ ទាំងនៅក្នុង​រដ្ឋ​ New York និង​ក្នុង​សភា​សហរដ្ឋ​អាមេរិក កាលពី​ពាក់​កណ្តាល​ខែ​មករា នៅ​ពេល​ដែលរដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ New York បាន​ចាត់​វិធានការ​បង្ខំ​ឱ្យ​លោក ​និង​កូន​របស់​លោកពីរ​នាក់ ​ផ្តល់​សក្ខីកម្ម និងផ្តល់​ឯកសារនៅ​ក្នុង​ការស៊ើបអង្កេត​មួយ​ស្តី​ពី​ការ​គៃ​បន្លំដើម្បី​ផលប្រយោជន៍​ហិរញ្ញវត្ថុ។ នៅ​ពេល​ជា​មួយ​គ្នា​នោះ​ ទីភ្នាក់​ងារ​សហព័ន្ធ​មួយ ​បាន​បញ្ចេញ​ឯកសារ​របស់​សេតវិមាន​ពាក់ព័ន្ធ​ជា​មួយ​ការ​ស៊ើប​អង្កេត​របស់​គណកម្មាធិការ​របស់​រដ្ឋ​សភា​អាមេរិកាំង ដែលកំពុង​ធ្វើឡើង​ទាក់ទង​នឹង​ការវាយ​ប្រហារ​លើ​អគារ​រដ្ឋសភា​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ២០២១។

នៅ​ក្នុង​បណ្តឹងទៅ​តុលាការកាលពីថ្ងៃទី១៨ ខែមករា ក្រុម​មេធាវី​នៃ​ការិយាល័យ​លោកស្រី Letita James រដ្ឋមន្ត្រីយុត្តិធម៌​រដ្ឋ​ញូវយ៉ក បាន​ដាក់​ឯកសារ​បណ្តឹង​ដែល​មាន​១១៥ ទំព័រ​ ជូន​តុលាការ​កំពូល​នៃ​រដ្ឋ New York សុំឱ្យ​មាន​ការ​សម្រេច​មួយ តម្រូវឱ្យ​លោក Trump និង​កូន​ពីរ​នាក់របស់លោក ​គឺលោក Donald J. Trump Jr. និង​អ្នកស្រី Ivanka Trump ផ្តល់​សក្ខីកម្ម​ដោយ​មាន​ការ​ធ្វើ​សម្បថ​អំពីថា ​តើ​អង្គការ​ Trump បានរាយការណ៍​បែបណាអំពី​តម្លៃទ្រព្យ​សម្បត្តិរបស់​ខ្លួន​នៅ​ពេល​ទាក់ទង​ជា​មួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ អាជ្ញាធរ​ពន្ធដារ និង​ភាគី​ទី​បី​ឯទៀត។

ការអះអាង​របស់​រដ្ឋ​ញូវយ៉ក ​គឺ​ថា​អង្គការ Trump បាន​រាយការណ៍​មិនត្រឹមត្រូវ​ជា​ប្រព័ន្ធអំពី​តម្លៃទ្រព្យសម្បត្តិ​របស់ខ្លួនក្នុង​ឯកសារផ្លូវការផ្សេងៗគ្នា ឧទាហរណ៍ដោយ​បានបន្ទាប​ការស្ទង់​ប្រមាណ​នៅ​ពេល​គិតគូរ​អំពី​ពន្ធដារ​ និង​ដំឡើងការ​ស្ទង់​ប្រមាណ​នៅ​ពេល​ព្យាយាម​ខ្ចី​ប្រាក់ពី​ធនាគារ។

ច្បាប់​របស់​រដ្ឋ New York អនុញ្ញាត​ឱ្យរដ្ឋមន្ត្រី​យុត្តិធម៌​ធ្វើការ​ចោទប្រកាន់អំពី​ការ​បោក​បន្លំ «នៅ​ពេល​ណា​មនុស្ស​ណា​ម្នាក់​បាន​បោក​បន្លំ ឬ​បានធ្វើ​សកម្មភាពខុសច្បាប់​ជា​ច្រើនដង»។ នៅក្នុង​បណ្តឹង​នេះ​ ការិយាល័យ​នេះ​ និយាយ​ថា ​ខ្លួនបានរកឃើញ​«សកម្មភាពបោក​បន្លំ​ ឬ​សកម្មភាព​មិនត្រឹមត្រូវតាម​ច្បាប់ដាច់ដោយ​ឡែក​ពី​គ្នាដែលពាក់ព័ន្ធ​ជាមួយ​មនុស្ស​យ៉ាងតិច​ម្នាក់»។

យុទ្ធសាស្ត្រពន្យារ​ពេល

អង្គការ Trump ដែល​មានកន្លែង​លេងកីឡា golf ផ្ទះ apartments និងអគារ​ការិយាល័យ​ផ្សេងៗ ព្រម​ទាំងអចលនទ្រព្យ​ឯទៀត​ បាន​តទល់នឹង​ការ​ស៊ើបអង្កេត​ក្នុង​តុលាការ។ ​កាល​ពី​ខែ​ធ្នូ លោក Trump បាន​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​នឹងលោកស្រី ​James ​ដោយអះអាង​ថា ការ​ស៊ើបអង្កេតរបស់​លោកស្រី​អំពី​ក្រុម​ហ៊ុន​របស់​លោក​ ជាការធ្វើទុក្ខបុកម្នេញ​ខាង​នយោបាយ។ លោកស្រី James ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​ម្នាក់ បាន​ជាប់ឆ្នោត​កាន់តំណែងនៅក្រោយការ​ឃោសនា​ដែល​លោកស្រីបានសន្យា​ក្នុង​យុទ្ធនាការ​រកសំឡេង​ឆ្នោត​ថា​ នឹង​ចាត់វិធានការ​ខាងផ្លូវ​ច្បាប់ប្រឆាំង​នឹងលោក Trump និង​ក្រុមហ៊ុន​របស់​លោក។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ លោក​ Alan Futerfas ដែលត្រូវជា​មេធាវី​ម្នាក់​របស់​លោក Donald J. Trump Jr. និងអ្នកស្រី Ivanka Trump បាន​និយាយ​ថា៖ «នៅក្នុងឯកសារបណ្តឹង​ចំនួន​១៦០ទំព័រ​នោះ ការិយាល័យ​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ មិន​បាន​ដោះស្រាយដោយ​ចេតនាអំពីការ​គំរាម​កំហែងជា​ច្រើន​ដងរបស់លោកស្រី James ដែលថា នឹង​យក​គ្រួសារ​លោក Trump ជា​ទី​ដៅ​នៃ​ការ​ចោទប្រកាន់​ និង​ការ​អះអាង​របស់លោកស្រី​អំពីការ​ស៊ើបអង្កេតរបស់លោកស្រី​ពី​បទ​ព្រហ្មទណ្ឌ​ទេ--ដែល​ទាំង​អស់​នេះ​ ជាសារៈ​សំខាន់​នៃញត្តិ​របស់​យើងដើម្បីបដិសេធ​ដីកា​កោះហៅ​សាក្សី​»។​

លោកស្រី​ James បាន​ហៅ​ការ​មានះ​របស់​លោក Trump ថា ជាការប្រឹងប្រែងមួយ​ដើម្បី​ពន្យារពេល​នៃ​អ្វីដែល​នឹង​កើតឡើង​ដោយ​ចៀស​មិន​រួច។

លោកស្រី James បានមានប្រសាសន៍​នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយ​កាលពី​ថ្ងៃ​អង្គារ​ទី១៨ ខែមករា​ថា៖ «ជាងពីរ​ឆ្នាំ​មក​ហើយ ​អង្គការ​ Trump បានប្រើមធ្យោបាយ​ពន្យារ​ពេល​ និង​បណ្តឹង​វិវាទ​នៅ​ក្នុង​ការ​ប៉ុន​ប៉ង​បញ្ចៀសកុំ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ត្រឹមត្រូវ​ស្របច្បាប់​អំពី​សកម្មភាព​ហិរញ្ញវត្ថុ​របស់​លោក»។

លោកស្រី James ​បាន​និយាយ​ថា៖ «នៅក្នុងការស៊ើប​អង្កេត​របស់​យើងមក​ដល់​ពេល​នេះ យើង​បានរក​ឃើញ​ភស្តុតាងជាច្រើន​ដែល​ហាក់ដូច​ជាបង្ហាញ​ថា​ លោក Donald J. Trump និង​អង្គការ​ Trump បានវាយ​តម្លៃ​ខុស​ និង​ប៉ាន់ប្រមាណ​ដោយគៃ​បន្លំ​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ទៅកាន់​ស្ថាប័នហិរញ្ញវត្ថុដើម្បី​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ។ គ្រួសារលោក​ Trump ត្រូវ​តែ​គោរព​តាមដីកា​កោះ​ហៅ​សាក្សី​ត្រឹមត្រូវ​តាមច្បាប់​របស់​យើងដើម្បី​ឱ្យ​បាន​ឯកសារ​ និងការ​ផ្តល់សក្ខីកម្ម​ ពីព្រោះ​គ្មាន​នរណា​ម្នាក់ក្នុង​ប្រទេស​នេះ​អាច​ជ្រើសរើស​ថា​ តើច្បាប់ត្រូវ​អនុវត្ត​បែប​ណា​លើ​ខ្លួន​បានទេ។ យើងនឹង​មិន​រួញរា​ក្នុង​កិច្ចប្រឹងប្រែងរបស់យើង​ដើម្បី​បន្ត​ការ​ស៊ើបអង្កេត​នេះ​ និង​ដើម្បី​ធ្វើឱ្យ​ប្រាកដ​ប្រជាថា គ្មាន​នរណា​ម្នាក់​ឋិត​នៅ​លើ​ច្បាប់​ទេ​»។

របាយការណ៍​មិនត្រឹមត្រូវ ​ត្រូវ​បានប្រមូល​ចងក្រង

បណ្តឹង​របស់​ការិយាល័យ​រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ New York រៀបរាប់​ការ​កើត​មានឡើង​ជា​ច្រើនដង​ដែល​អង្គការ Trump បានផ្តល់ព័ត៌មាន​ទៅ​ឱ្យ​ភាគី​ទាំងឡាយ​នៅ​ក្នុងការ​ទាក់ទង​រកស៊ីដែលមិន​ត្រូវ​គ្នា​ជា​មួយ​ប្រភពទិន្នន័យ​ឯ​ទៀត។ បណ្តឹង​នេះ ក៏​កត់​សម្គាល់​ដែរ​ថា ទោះជា​ការ​ផ្តល់​សក្ខីកម្មរបស់លោក Allen Weisselberg ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​អង្គការ Trump ថា ​លោក Trump បានរក្សា​ទុកកំណត់ត្រា​ឯកសារ​នៃ​ការរកស៊ី​របស់លោក​ក្នុង​ការិយាល័យ​នៅសង្កាត់ Manhattan ក៏​ដោយ ក៏​គ្មានការ​ប្រគល់​ឯកសារ​ណា​មួយឱ្យ​ពួក​អ្នកស៊ើបអង្កេត​ទេ។

លោកស្រី Miriam Baer សាស្ត្រាចារ្យ​ច្បាប់​នៅមហាវិទ្យាល័យនីតិសាស្ត្រ Brooklyn បាននិយាយ​ថា ​បណ្តឹង​របស់​ការិយាល័យ​រដ្ឋមន្ត្រីយុត្តិធម៌ល្អិតល្អន់​ជាង​ការ​ចាំបាច់ដើម្បីឱ្យ​តុលាការ​តម្រូវ​ឱ្យ​មានការ​ផ្តល់​សក្ខីកម្ម​ពីអតីត​ប្រធានាធិបតីរូប​នេះ។ លោកស្រី Baer ​បានថ្លែង​ថា ការណ៍​នេះ ​នាំឱ្យ​ឃើញ​ថា ​លោកស្រី James ​ចង់ទាក់ទាញការ​យក​ចិត្ត​ទុកដាក់ ​មិនត្រឹម​តែ​ពី​តុលាការប៉ុណ្ណោះទេ ​តែពីបណ្តាញ​ព័ត៌មាន​ផង​ដែរ។

លោកស្រី​ Baer បានពោល​ប្រាប់វីអូអេថា៖ «នេះ​ ជា​បណ្តឹង​មួយ​ដែល​ចាត់ចែង​បានល្អ។ បណ្តឹងនេះ​ និយាយ​ចំៗ​ និង​សមហេតុផល។ នេះ​ ជា​វិធី​ដើម្បី​ឱ្យ​តុលាការ​ធ្វើ​សេចក្តី​សម្រេចដែល​នឹង​បង្ខំ​ឱ្យ​មានការគោរព​តាម​ដីកា​កោះ​ហៅ​សាក្សី។ ដូច្នេះ នេះជាការរៀបចំ​ពាក្យបណ្តឹង​ចាំ​បាច់​មួយ​ ហើយ​វា​ ក៏​ជាកិច្ចការ​បន្ថែម​សម្រាប់​លោកស្រី​រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ ក្នុង​ន័យ​ថា ​បណ្តឹង​នេះ ក៏ជា​ការថ្លែង​ទៅ​កាន់ក្រុម​អ្នកដទៃ​ទៀតផង​ដែរ»។

លោកស្រី Danya Perry ជា​ដៃគូស្ថាបនិក​នៃ​ក្រុមហ៊ុនច្បាប់ Perry Guha ជាអនុរដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ New York និង​ជា​រដ្ឋអាជ្ញា​ផង​ដែរ។ លោកស្រី​បាននិយាយ​ប្រាប់​វីអូអេ​ថា៖ ​«ខ្ញុំនឹង​មានការ​ភ្ញាក់ផ្អើល ​បើលោកស្រី James ចាញ់​ក្នុង​សំណើរ​នេះ។ នេះជាបណ្តឹង​មួយដែល​លោកស្រី​រៀបចំ​ដាក់ក្នុង​តុលាការ​បាន​ល្អប្រសើរណាស់»។

លោក​ស្រី Perry ​បាន​ថ្លែងថា​ ទោះ​ជាចៅក្រមម្នាក់បង្ខំ​ឱ្យ​មានការ​ផ្តល់​សក្ខីកម្ម​ក៏​ដោយ​ ​ក៏​រដ្ឋមន្ត្រី​យុត្តិធម៌ប្រហែលមិនបាន​ចំណេញ​អ្វីច្រើន​ទេ។ លោក Weisselberg និង​កូន​លោក​ Trump ម្នាក់​ទៀត​ឈ្មោះ Eric Trump ត្រូវ​សាកសួរ​ក្នុង​បណ្តឹង​នេះ ​ហើយ​អ្នកទាំង​ពីរ​ធ្លាប់​បាន​ប្រើប្រាស់​សិទ្ធិ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ពួក​គេ​ដែល​ធានា​ថា ​ខ្លួន​មិនចាំបាច់​ផ្តល់​សក្ខីកម្ម​ណា​ដែល​អាចបង្ហាញ​ថា​ ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​មិនគប្បីនោះ ចំនួនជាង​៥០០​ដង​មកហើយ​ ក្នុងពេលកន្លងមក។

លោកស្រី Perry បាននិយាយ​ថា ទោះ​ជា​យ៉ាងណា​ក៏ដោយ ក៏លោកស្រី James ​បាន​ធ្វើឱ្យ​មានករណី​ច្បាស់លាស់​មួយ​ដើម្បី​បង្ខំឱ្យ​អង្គការ Trump ប្រគល់​ឯកសារ​ទាក់ទិន​នឹង​រឿងក្តី​នេះ។

មន្ទីរបណ្ណាសារ​ជាតិ ​ផ្តល់ឯកសារ

កាល​ពី​ថ្ងៃទី១៨ ខែមករា​ រដ្ឋបាលបណ្ណាសារនិង​កំណត់ត្រា​ឯកសារ​ជាតិ ហៅកាត់​ថា​NARA បានប្រកាស​ថា វៀរលែង​តែ​មានសកម្មភាពណាមួយ​ដោយតុលាការ​សហព័ន្ធ ខ្លួននឹង​ប្រគល់​ឯកសារ​មួយ​ចំនូន​តូច​ជូនគណៈកម្មាធិការពិសេស​របស់​សភា​តំណាងរាស្ត្រអាមេរិកាំង​ដែលស៊ើបអង្កេត​អំពីការ​វាយ​ប្រហារ​កាលពីថ្ងៃ​ទី​៦ ខែ​មករា​២០២១ ​នៅ​ថ្ងៃទី១៩​ ខែមករា។

ឯកសារត្រូវប្រគល់​ដោយ​ NARA មាន​រួមទាំង​បញ្ជី​កត់ត្រា​សកម្មភាព​នៅ​សេតវិមាន ​កំណត់ត្រា​ការនិយាយស្តី និងកំណត់ត្រា​សរសេរ​ដោយ​ដៃ​របស់​លោក Mark Meadows អតីត​នាយ​ខុទ្ទកាល័យសេតវិមាន​នៅ​ថ្ងៃទី៦ ខែមករា ​ឆ្នាំ​២០២១។

គណៈកម្មាធិការ​ពិសេស​នេះ​ កំពុង​ស៊ើបអង្កេត​អំពី​ការ​វាយប្រហារ​លើវិមាន​រដ្ឋ​សភា​ដោយ​ហ្វូង​មនុស្ស​លម្អៀង​ទៅ​ខាងលោក Trump ដែលមាន​បំណងបង្អាក់ការរាប់​សន្លឹក​ឆ្នោត​របស់​អង្គ​បោះឆ្នោត​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ កាលពី​ឆ្នាំ២០២០។ គណៈកម្មាធិការ​នេះ​ ស៊ើបអង្កេតថា តើលោក​ Trump មានការ​ទទួល​ខុសត្រូវ​ឬ​ទេ និងថា ​តើ​មាន​ដល់ត្រឹមកម្រិត​ណា​ក្នុង​ការញុះញង់​ឱ្យ​មាន​ការ​វាយ​ប្រហារ​នោះ​ដែលជាប់​ទាក់ទិន​ជា​មួយ​ការ​អះអាង​ខុស​របស់​លោក​ដែលថា​ ការបោះឆ្នោត​នោះ​ មានការ​លួច​បន្លំ​ដែល​បានធ្វើ​ឱ្យលោក​ចាញ់នោះ។

សេចក្តី​សម្រេច​របស់​រដ្ឋបាល NARA ដើម្បីប្រគល់​ឯកសារមួយចំនួន​តូច​កត់សម្គាល់​ជា​លើកដំបូង​ថា គណៈកម្មាធិការ​ស៊ើបអង្គេត​ព្រឹត្តការណ៍​កាល​ពី​ថ្ងៃទី៦​ ខែមករា ​ឆ្នាំ​២០២១ បានទទួលឯកសារ​ខ្លះ​ក្នុង​បណ្តាឯកសារសេតវិមានជា​ច្រើន​ដែល​លោក​Trump បាន​ខិតខំ​រក្សាទុក​ជា​ការ​សម្ងាត់។​

រដ្ឋបាល​លោក Biden មិន​បានគាំទ្រ​ការអះអាង​របស់លោក​ Trump ដែលថា ឯកសារកំណត់ត្រា​សេតវិមានទាក់ទិននឹងការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ២០២១ មិន​គួរ​ប្រគល់ឱ្យគណៈកម្មាធិការនេះទេ ដោយ​យោង​តាម​បុព្វសិទ្ធិ​នីតិប្រតិបត្តិ។

ការប្រឹងប្រែង​របស់​លោក Trump ដើម្បី​រារាំងការ​ផ្តល់ឯកសារ​ទាំង​នេះ មិនបាន​ទទួល​ជោគជ័យ​ទេ​ក្នុង​តុលាការ​ថ្នាក់ទាប។ ក៏ប៉ុន្តែ​តុលាការ​ឧទ្ធរណ៍​របស់​សហរដ្ឋ​អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ​បាន​រារាំង​ជា​បណ្តោះអាសន្ន​នូវការផ្តល់ឯកសារបីសំណុំ​ដាច់ដោយ​ឡែក​ពី​គ្នា ដែល​មាន​ទាំង​អស់៧០០ទំព័រ ដោយ​រង់ចាំ​សេចក្តី​សម្រេចពីតុលាការ​កំពូល ដែល​បាន​បដិសេធ​ការ​សុំ​របស់លោក Trump ឱ្យ​រាំងខ្ទប់ការ​ប្រគល់​ឯកសារ​ទាំង​នេះ៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG