ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋអាជ្ញា​ស្វែងរក​គណៈវិនិច្ឆ័យ​ពិសេស​សម្រាប់​ការ​ស៊ើប​អង្កេត​លើ​លោក Trump


រូប​ឯកសារ៖ លោក​​អតីត​ប្រធានាធិបតី​ Donald Trump ធ្វើ​ដំណើរ​មក​ដល់​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០។
រូប​ឯកសារ៖ លោក​​អតីត​ប្រធានាធិបតី​ Donald Trump ធ្វើ​ដំណើរ​មក​ដល់​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០។

រដ្ឋអាជ្ញា​ក្រុង ​New York បាន​កោះហៅ​គណៈវិនិច្ឆ័យ​ពិសេស​ដើម្បីពិនិត្យ​ភ័ស្តុតាង​និង​សម្រេច​ថាតើ​ត្រូវ​ចេញ​សេចក្ដី​ចោទ​ប្រកាន់​ទាក់ទង​ទៅ​នឹង​ការ​ស៊ើបអង្កេត​លើការ​ធ្វើជំនួញ​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ឬ​យ៉ាង​ណា។​

កាសែត Washington Post ទីភ្នាក់ងារ​ព័ត៌មាន AP និង​បណ្តាញ​ទូរទស្សន៍ ABC News បាន​រាយការណ៍​អំពី​ព្រឹត្តិការណ៍​នេះ​ដោយ​ស្រង់​សម្តី​ប្រភព​ដែល​ដឹង​រឿង​នេះ។

លោក Cyrus Vances Jr.ដែល​ជា​រដ្ឋអាជ្ញា​សង្កាត់ Manhattan បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​ស៊ើប​អង្កេត​រឿង​បង់​ប្រាក់​បំបិត​មាត់​ឲ្យ​ទៅ​ស្ត្រី​ម្នាក់​ជំនួស​ឲ្យ​លោក Trump នៅ​ពេល​លោក​ធ្វើ​យុទ្ធនាការឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី ការ​ស្នើសុំ​បន្ថយ​ពន្ធ​ដោយ​ក្រុមហ៊ុន​របស់​លោក​និង​ទំនាក់ទំនង​របស់​លោក Trump ជា​មួយ​នឹង​អ្នក​ផ្ដល់​កម្ចី​ហិរញ្ញវត្ថុ។

ការ​ស៊ើបអង្កេត​រួម​បញ្ចូលការ​ទទួល​បាន​បញ្ជី​ពន្ធ​ជា​ច្រើន​ឆ្នាំ​របស់​លោក​Trump បន្ទាប់​ពីជម្លោះ​ផ្លូវ​ច្បាប់​ឈាន​ដល់​តុលាការ​កំពូល។

លោក Trump បាន​ច្រាន​ចោល​ការ​ស៊ើបអង្កេតថា​ជា «ការ​ធ្វើ​ទុក្ខ​បុកម្នេញ»។​

លោកTrump បាន​បញ្ចាក់​នៅ​ក្នុងសេចក្ដីការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ​និង​ជា​ការ​ជេរ​ប្រមាថ​ដល់​អ្នកបោះឆ្នោត​ជិត ៧៥ លាន​នាក់​ដែល​បាន​គាំទ្រ​ខ្ញុំ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ហើយ​វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋអាជ្ញា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

មិន​ដែល​មាន​អតីត​ប្រធានាធិបតី​រូប​ណា​ធ្លាប់​ត្រូវ​រង​ការ​ចោទ​ប្រកាន់​បែប​នេះ​ឡើយ​ពី​មុន​មក៕

XS
SM
MD
LG