ជនអន្តោប្រវេសន៍រាប់រយនាក់ក្នុងសហរដ្ឋអាមេរិកត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍និងរាប់រយនាក់ទៀតត្រូវបានដឹកតាមយន្តហោះយោធាចេញពីសហរដ្ឋអាមេរិក ពេលសេតវិមានថាប្រតិបត្តិការបណ្តេញចេញតាមការសន្យារបស់លោកប្រធានាធិបតី Donald Trump បានចាប់ផ្តើម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Karoline Leavitt ថា រដ្ឋបាលលោក Trump កាលពីថ្ងៃព្រហស្បតិ៍ «បានចាប់ខ្លួនឧក្រិដ្ឋជនដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៥៣៨ នាក់» ហើយ «រាប់រយនាក់» ត្រូវបានបញ្ជូនចេញពីអាមេរិកតាមយន្តហោះយោធា។
អ្នកស្រីបានបញ្ជាក់ក្នុងសារមួយបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញ X ថា៖ «ប្រតិបត្តិការបណ្តេញចេញទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រកំពុងដំណើរការហើយ»។
លោក Trump បានសន្យាបង្ក្រាបលើជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ហើយបានចាប់ផ្តើមអាណត្តិទីពីររបស់លោកដោយចេញបទបញ្ជាជាច្រើនដែលមានបំណងបញ្ឈប់ការចូលក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។
ក្នុងថ្ងៃដំបូងនៃការឡើងកាន់តំណែង លោក Trump បានចុះហត្ថលេខាលើបទបញ្ជាដោយប្រកាស «ស្ថានភាពអាសន្ន» នៅព្រំដែនខាងត្បូង ហើយបានប្រកាសបញ្ជូនទ័ពបន្ថែមទៀតទៅកាន់តំបន់នោះ ដោយប្តេជ្ញាថានឹងបណ្តេញ «ជនអន្តោប្រវេសន៍ដែលជាឧក្រិដ្ឋជន» ចេញពីប្រទេស។
យោងតាមការិយាល័យស្ថិតិរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក ជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រមាណ ១១ លាននាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក៕
វេទិកាបញ្ចេញមតិ