ទីភ្នាក់ងារពង្រឹងច្បាប់អន្តោប្រវេសន៍និងគយ (ICE) របស់អាមេរិកបានចាប់បញ្ចូនចេញនូវមនុស្សជាង ២៧០.០០០ នាក់ទៅប្រទេសចំនួន ១៩២ ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ដែលនេះជាចំនួនច្រើនបំផុតប្រចាំឆ្នាំក្នុងពេលមួយទសវត្សរ៍កន្លងមក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ដែលបានរាយការណ៍កាលពីថ្ងៃសុក្រដោយយោងលើរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍នោះបានបង្ហាញពីបញ្ហាប្រឈមមួយចំនួនខាងផ្នែកហិរញ្ញវត្ថុនិងប្រតិបត្តិការដែលលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងជួបប្រទះពេលលោកអនុវត្តការបណ្តេញមនុស្សទ្រង់ទ្រាយធំចេញពីអាមេរិកតាមការសន្យារបស់លោកក្នុងពេលឃោសនាបោះឆ្នោត។
ទីភ្នាក់ងារ ICE ដែលទទួលខុសត្រូវលើការបញ្ជូនអ្នករស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិកចេញពីប្រទេស បានបញ្ជូនមនុស្ស ២៧១.៤៨៤ នាក់ចេញក្នុងឆ្នាំសារពើពន្ធ ២០២៤ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា។ ចំនួននេះស្មើនឹងជិតពីរដងនៃចំនួន ១៤២.៥៨០ នាក់ក្នុងរយៈពេលដូចគ្នានេះក្នុងឆ្នាំ ២០២៣។
នោះជាការបញ្ជូនចេញដ៏ច្រើនជាងគេបង្អស់របស់ទីភ្នាក់ងារ ICE តាំងពីឆ្នាំ ២០១៤ មក ដែលនៅពេលនោះទីភ្នាក់ងារនេះបានបញ្ជូនចេញនូវមនុស្សចំនួន ៣១៥.៩៤៣ នាក់។
ទីភ្នាក់ងារ ICE ថា ជើងយន្តហោះកើនឡើងសម្រាប់ដឹកជនដែលត្រូវបញ្ជូនចេញនិងនីតិវិធីធ្វើដំណើរដែលមានការរៀបចំស្រួលបួលសម្រាប់មនុស្សដែលត្រូវបញ្ចូនទៅប្រទេសក្វាតេម៉ាឡា ហុងឌូរ៉ាស និងអែលសាល់វ៉ាឌ័រ នាំឲ្យចំនួននៃជនដែលត្រូវបញ្ជូនចេញនេះកើនឡើងជាងមុន។
ទីភ្នាក់ងារនេះក៏មានជើងយន្តហោះដឹកមនុស្សដ៏ច្រើនជាលើកដំបូងទៅកាន់ប្រទេសចិនក្នុងពេល ៦ ឆ្នាំកន្លងមក និងមានជើងយន្តហោះដឹកមនុស្សទៅកាន់ប្រទេសអាល់បានី អង់ហ្គោឡា អេហ្ស៊ីប ហ្សកហ្ស៊ី ហ្គាណា ហ្គីណេ ឥណ្ឌា ម៉ូរីតានី រូម៉ានី សេណេហ្គាល់ តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថានផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារ ICE ថា អាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន ៤៦.៦១២ នាក់ពីបទឆ្លងព្រំដែនខុសច្បាប់ពីប្រទេសម៉ិកស៊ិកក្នុងខែវិច្ឆិកា។ ចំនួននេះធ្លាក់ចុះ ១៨% ពីចំនួន ៥៦.៥២៦ នាក់កាលពីមួយខែមុន ហើយធ្លាក់ចុះជាង ៨០% ពីចំនួនច្រើនបំផុតមិនធ្លាប់មានគឺ ២៥០.០០០ នាក់ក្នុងខែធ្នូឆ្នាំ ២០២៣។
ការចាប់ខ្លួននេះបានធ្លាក់ចុះពាក់កណ្តាលពេលអាជ្ញាធរម៉ិកស៊ិកបង្កើនការអនុវត្តច្បាប់ក្នុងព្រំដែនរបស់ខ្លួនកាលពីមួយឆ្នាំមុន និងបានធ្លាក់ចុះពាក់កណ្ដាលម្តងទៀតនៅពេលប្រធានាធិបតីអាមេរិកលោក Joe Biden ដាក់ឲ្យអនុវត្តនូវការរឹតត្បិតធ្ងន់ធ្ងរលើការស្នើសុំសិទ្ធិជ្រកកោនក្នុងខែមិថុនាកន្លងទៅ៕