ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោក Trump បញ្ជា​ឱ្យ​ដក​បុគ្គលិក USAID ចេញ​ពី​ការិយាល័យ​នៅ​ក្រៅ​ប្រទេស​ទាំង​អស់


ស្លាកសញ្ញារបស់ USAID នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីនកាលពីថ្ងៃទី​០៤ កុម្ភៈ ឆ្នាំ២០២៥។
ស្លាកសញ្ញារបស់ USAID នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីនកាលពីថ្ងៃទី​០៤ កុម្ភៈ ឆ្នាំ២០២៥។

រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump កាល​ពី​ថ្ងៃ​អង្គារ​និយាយ​ថា​ខ្លួន​នឹង​ដក​បុគ្គលិក​នៅ​ក្រៅ​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ ហៅ​កាត់​ថា USAID ចេញ​ពី​ការងារ​និង​ចេញ​ពី​ការិយាល័យ​នៅ​ជុំវិញ​ពិភពលោក។ វិធានការ​នេះ​បញ្ចប់​ស្ទើរ​តែ​ទាំង​ស្រុងនូវ​បេសកកម្ម៦ទសវត្សរ៍​ក្នុង​ការ​ពង្រឹង​សន្តិសុខ​អាមេរិក​តាម​រយៈ​ការ​ប្រយុទ្ធ​នឹង​ភាព​អត់ឃ្លាន ការផ្តល់​មូលនិធិ​ដល់ការ​អប់រំ និង​កិច្ចការ​ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

រដ្ឋបាល​លោក Trump បាន​ជូន​ដំណឹង​ដល់​បុគ្គលិក​ទីភ្នាក់ងារ USAID តាមអ៊ីមែលនិង​ការ​ជូនដំណឹង​នៅ​លើ​គេហទំព័រ ដែល​នេះ​ជា​ចំណាត់ការ​ចុង​ក្រោយ​បំផុត​នៃ​ការបិទ​ភ្លាមៗ​នូវ​ទី​ភ្នាក់ងារ​ជំនួយ​បរទេស​នេះ ដោយអតីត​មន្ត្រី​ក្នុង​អាណត្តិ​ទី​១​របស់​លោក Trump ដែល​ត្រឡប់​មក​កាន់​តំណែង​វិញ និងក្រុម​ប្រសិទ្ធិផល​ការងាររដ្ឋាភិបាល​របស់​មហាសេដ្ឋី​លោក Elon Musk ដែល​បាន​ហៅ​ការ​ចំណាយ​លើ​កម្មវិធី​នានា​នៅ​ក្រៅ​ប្រទេស​ថា​ជា​ការ​ខ្ជះខ្ជាយ​ថវិកា។ បទបញ្ជា​នេះ​នឹង​ចូល​ជា​ធរមាន​ពាក់កណ្តាល​អាធ្រាត្រ​ថ្ងៃសុក្រ​ចូល​ថ្ងៃសៅរ៍ ហើយ​កំណត់​ឱ្យ​បុគ្គលិក​មិន​ចាំបាច់​ទាំង​អស់​នៅ​ក្រៅប្រទេស​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​វិញ។ បុគ្គលិក​ជា​ច្រើនបានស្រវា​ស្រទេញត្រៀម​ខ្លួន​រើចេញរួច​ទៅ​ហើយដោយរំពឹង​ថា​នឹង​មាន​សេចក្តី​ប្រកាស​បែប​នេះ។

សេចក្តី​ជូន​ដំណឹង​នេះ​បាន​បន្ត​ថា​បុគ្គលិក​ជាប់កិច្ចសន្យា​ដែល​ត្រូវ​កំណត់​ថា​មិន​ចាំ​បាច់​នឹង​ត្រូវ​បញ្ឈប់​ពី​ការងារ។ វិធានការនេះ​ត្រូវ​បានគេ​សង្ស័យ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ហើយ​ជា​វិធានការ​ខ្លាំងក្លា​បំផុត​ក្នុង​ចំណោម​វិធានការ​នានា​ដែល​ត្រូវ​បាន​គេ​ស្នើ​ឡើង​ក្នុង​ដំណើរការ​ដើម្បី​បញ្ចូល​ទីភ្នាក់ងារ USAID ទៅ​ក្នុង​ស្ថាប័ន​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​វិញ។

ជម្រើសដែល​ត្រូវ​បាន​ស្នើ​ឡើង​ផ្សេង​ទៀតរួម​មាន​ការ​បិទ​ការិយាល័យ​តូចៗ​របស់ USAID និង​ការ​បិទ​ផ្នែក​ខ្លះ​នៃ​ការិយាល័យ​ធំៗ។ នៅ​មុន​ការ​ជូនដំណឹង​នេះ មាន​បុគ្គលិក USAID រាប់ពាន់​នាក់​បាន​បាត់បង់​ការងារ​របស់​ពួក​គេ​រួច​ទៅ​ហើយ ក្រោយ​ពី​លោក​ប្រធានាធិបតី Trump ដែលជា​អ្នក​គណបក្ស​សាធារណរដ្ឋ បាន​ដាក់វិធានការ​ទូលំ​ទូលាយ​បង្ក​ជំនួយ​ក្រៅប្រទេស​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក។

ថ្វី​បើ​មាន​ការ​តវ៉ា​ប្រឆាំង​ខ្លាំង​ពីសមាជិក​សភា​នៃគណបក្ស​ប្រជាធិបតេយ្យ​ក្តី​ ក៏​ទីភ្នាក់ងារ USAID បាន​ក្លាយ​ជា​គោលដៅ​សំខាន់​ខណៈ​រដ្ឋបាល​ថ្មី​របស់​លោក Trump និង​ការិយាល័យ​ប្រសិទ្ធិផល​ការងារ​រដ្ឋាភិបាល​របស់​លោក Elon Musk ព្យាយាម​រក​វិធី​បង្រួម​ទំហំ​រដ្ឋាភិបាល​សហព័ន្ធ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG